ត្រាំ​ថា អាម៉េរិក​ចាប់យក​អ្នក​ប្រយុទ្ធ ISIS ដ៏​គ្រោះថ្នាក់​ពីរ​នាក់​នៅ​ស៊ី​រី​ ទៅ​ឃុំ​នៅ​អ៊ីរ៉ាក់ បន្ទាប់ពី​តួ​ក​គី​វាយលុក​លើ​ពួក​ឃឺ​ដ​

152
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា​ថា អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដ៏​គ្រោះថ្នាក់ ដែល​ចាប់ខ្លួន​ដោយ​ពួក​ឃឺ​ដ​នៅ​ភាគ​ឦសាន​ស៊ី​រី ត្រូវបាន​យកចេញ​ទៅ​ឃុំឃាំង​ដោយ​សហរដ្ឋ​អាម៉េរិក​វិញ មុនពេល​ការវាយប្រហារ​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​។​

​ខណៈដែល​លោក​ត្រាំ​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់ កាសែត Washington Post បាន​រាយការណ៍​ថា​កងកម្លាំង​អាម៉េរិក​បាន​ឃុំ​អ្នក​ប្រយុទ្ធ​អង់គ្លេស​ដ៏​ល្បី​ពីររូប​ដែលមាន​រហស្សនាម​ថា “The Beatles” ហើយ​ផ្លាស់​ពួកគេ​ទៅ​អ៊ីរ៉ាក់​។​

​ទូរទស្សន៍ CNN ក៏បាន​រាយការណ៍​ផងដែរ​ថា យោធា​អាម៉េរិក​បាន​ចាប់យក​អ្នក​ប្រយុទ្ធ​ទាំងពីរ​នាក់​នេះ ខណៈដែល​ទូរទស្សន៍ ABC បាន​និយាយថា​ពួកគេ​ត្រូវបាន​ផ្ទេរ​ទៅ​ទីតាំង​ដែលមាន​សុវត្ថិភាព​។​

​លោក​ត្រាំ​បាន​និយាយថា “​យើង​កំពុង​នាំខ្លួន​យុទ្ធជន ISIS គ្រោះថ្នាក់​បំផុត​មួយចំនួន​ចេញ​ហើយ ហើយ​យើង​នឹងដាក់​ពួកគេ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ដែលមាន​សុវត្ថិភាព​”​។​

​លោក​បាន​និយាយថា “​យើង​បាន​យក​អ្នក​ប្រយុទ្ធ ISIS មួយចំនួន​ដែលជា​មនុស្ស​អាក្រក់ ហើយ​យើង​ចង់​ធ្វើឱ្យ​ប្រាកដថា​មិនមាន​អ្វី​កើតឡើង​ចំពោះ​ពួកគេ​ទេ​ទាក់ទង​នឹង​ការរត់​គេចខ្លួន​”​។​

​ចំណាត់ការ​នេះ​បាន​ដោះស្រាយ​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នៃ​ការបើក​ភ្លើង​ខៀវ​ពី​លោក​ត្រាំ​ដល់​តួ​ក​គី​ដើម្បី​លុកលុយ​ប្រទេស​ស៊ី​រី កន្លែង​ដែល​ពួក​ឃឺ​ដ ដែលជា​ដៃគូ​សមរភូមិ​យូរ​ឆ្នាំ​របស់​អាម៉េរិក ត្រូវបាន​មើលឃើញថា​ជាការ​គំរាមកំហែង​ភេរវកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អង្គការ​ណា​តូ​របស់​វ៉ាស៊ីនតោន​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ បាន​ឃុំឃាំង​អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រមាណ ១ ម៉ឺន​នាក់​។ មនុស្ស​ជាច្រើន​ភ័យខ្លាច​ការវាយប្រហារ​រ​បស់​តួ​ក​គី​នឹង​នាំឱ្យ​ពួក​នោះ​រត់គេចខ្លួន​និង​រៀបចំ​ក្រុម​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ដ៏​ឃោរឃៅ​របស់ ISIS ឈ្មោះ អែល​សា​ហ្វី អែល​សេក (​ឆ្វេង​) និង អា​ឡិច​សាន់​ដា កូ​តី (​ស្តាំ​) កំពុងស្ថិត​ក្រោម​ការឃុំ​គ្រង​របស់​អាម៉េរិក