ត្រាំ​ទទួលស្គាល់​ការអះអាង​របស់​អ៊ីស្រាអែល​លើទឹក​ដី​ហ្គោ​លែ​ន ដែល​ដណ្តើម​ពី​ស៊ី​រី​ដោយ​ខុសច្បាប់​

188
ចែករម្លែក

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មីនា ប្រធានាធិបតី​អាមេរិក ​លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាសថា ​លោក​នឹង​ទទួលស្គាល់​ការទាមទារ​របស់​អ៊ីស្រាអែល​ចំពោះ​អធិបតេយ្យភាព​លើ​តំបន់​ខ្ពង់​រាប​ហ្គោ​លែ​ន (Golan)​។ អស់​រយៈពេល ៥២ ឆ្នាំ​មកហើយ ​គ្មាន​មេដឹកនាំ​អាមេរិក​រូប​ណា​ហ៊ាន​ប្រឆាំងនឹង​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ ពាក់ព័ន្ធ​នឹង​ការកាន់កាប់​របស់​អ៊ី​ស្រា​អែល​ដោយ​ខុសច្បាប់​លើទឹក​ដី​ហ្គោ​លែ​ន​នោះឡើយ​។ សកម្មជន​សន្តិភាព​មួយរូប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Sputnik កាលពី​ថ្ងៃ​សុក្រ​ថា វា​គឺជា​ស្នៀត​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​សេចក្តីប្រកាស​នេះ​បានធ្វើឱ្យ​ប្រទេស​ជា​មិត្ត​និង​សត្រូវ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បើទោះបី​ជាមាន​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​រវាង​អាមេរិក​និង​អ៊ីស្រាអែល​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនដែល​ហ៊ាន​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការកាន់កាប់​រប​ស់​អ៊ីស្រាអែល​នៅក្នុង​តំបន់​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​កាលី​ឡេ​ និង​ត្រូវបាន​ដណ្តើមយក​ពី​ប្រទេស​ស៊ី​រី​ដោយ​កម្លាំង​ក្នុង​ឆ្នាំ ១៩៦៧​នោះឡើយ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាមេរិក​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​ទទួលស្គាល់​ការអះអាង​កាន់កាប់​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គោ​លែ​ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា អង្គការសហប្រជាជាតិ​បានបញ្ជាក់​ម្តងទៀត​ពី​ជំហរ​របស់ខ្លួន​លើទឹក​ដី​ហ្គោ​លែ​ន​គឺជា​របស់​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​។ រដ្ឋាភិបាល​ស៊ី​រី​បាន​ហៅ​ចំណាត់ការ​របស់លោក​ត្រាំ​ថា “​គ្មាន​ការទទួលខុសត្រូវ​” ហើយ​បាន​សន្យាថា ខ្លួន​នឹង​រំ​ដោះយក​ទឹកដី​នេះ​ពី​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ណាមួយ​ឱ្យបាន​។​

​លោកស្រី អា​រៀល ហ្គោល (Ariel Gold) សកម្មជន​សន្តិភាព​និង​ជា​សហ​នាយក​នៃ​អង្គការ Code Pink បាន​ប្រាប់​កម្មវិធី Loud and Clear របស់​វិទ្យុ Sputnik ថា ចំណាត់ការ​នេះ​ត្រូវបាន​បង្កើតឡើង​មុន​ការទទួលស្គាល់​របស់លោក​ត្រាំ​លើ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៧ ជាទី​ក្រុង​ដែល​អ៊ីស្រាអែល​អះអាង​កាន់កាប់​ជា​យូរ​មកហើយ ប៉ុន្តែ​មិនដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​នោះឡើយ និងត្រូវបាន​ចាត់ទុកថា​ខុសច្បាប់​ដោយ​អង្គការសហប្រជាជាតិ​។​

​លោកស្រី​បាន​ប្រាប់​ពិធីករ​វិទ្យុ​ លោក​ច​ន គី​រី​អា​គូ (John Kiriakou) ថា “​ខ្ញុំ​យល់ឃើញថា ​នេះ​ជា​ផ្នែក​មួយ​នៃ​វិធី​ជា​បន្តបន្ទាប់ ដែល​លោក​ត្រាំ​កំពុង​អន្តរាគមន៍​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​”៕ ដោយ៖ កញ្ញាដាលីស/Ha

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ