ត្រាំ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​, បង្ក​ឱ្យ​ផ្ទុះ​ការរិះគន់​ស្ទើរ​ទូទាំង​ពិភពលោក​

608

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានទទួល​ស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដ៏​ចម្រូងចម្រាស់ ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ​ទី ៦ ធ្នូ ដោយ​ជំរុញឱ្យមាន​ការរិះគន់​ផ្នែក​ការទូត​ស្ទើរតែ​ពេញ​សកលលោក និង ការបារម្ភ​អំពី​ការបង្ហូរ​ឈាម​ជាថ្មី​នៅ​មជ្ឈិមបូព៌ា​។​

​ចំណាត់ការ​ដ៏​រឹងត្អឹង​របស់លោក​ត្រាំ​ដើម្បី​បំពេញ​តាម​ពាក្យសន្យា​អំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន បានបញ្ចប់​ភាពមិនច្បាស់លាស់​របស់​សហរដ្ឋអាមេរិក​រយៈ​ពេល ៧ ទសវត្សរ៍​អំពី​ឋានៈ​របស់​ទីក្រុង​ដ៏​ពិសិដ្ឋ​នេះ ដែល​ទាមទារ​ដោយ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​

​មេដឹកនាំ​អាមេរិក​រូបនេះ​ហាក់​ឯកោ​ជាខ្លាំង​ពីព្រោះ​ទាំង​សម្ព័ន្ធមិត្ត​និង​គូប្រជែង​បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​គាត់ ហើយ​ប៉ា​ឡេ​ស្ទី​ន​បានជា​មន្ទិល​អំពី​ថា​តើ​ក្តី​សុបិន​បង្កើត​រដ្ឋ​របស់​ពួកគេ ដែលជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​សម្របសម្រួល​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅតែ​អាចធ្វើ​ទៅបាន​ឬ​យ៉ាងណា​។​

​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​អះអាងថា នេះ​ជាការ​ចាប់ផ្តើម​នៃ “​វិធីសាស្ត្រ​ថ្មី​មួយ​” ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​លោក​ត្រាំ​បានប្រកាស​ពី​សេត​វិមាន​ថា “​អ៊ីស្រាអែល​ជា​ប្រទេស​អធិបតេយ្យភាព​ដែលមាន​សិទ្ធិ​ដូច​ប្រជាជាតិ​ដែលមាន​អធិបតេយ្យភាព​ដទៃទៀត​ដែរ ដើម្បី​កំណត់​រដ្ឋធានី​របស់ខ្លួន​”​។​

​ត្រាំ​និយាយថា “​វា​ជា​ពេលវេលា​ដើម្បី​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ​”​។ គាត់​បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង “​សំឡេង​នៃ​ការអត់ឱន​ដើម្បី​យកឈ្នះ​លើ​ចិត្ត​ស្អប់​”​។​

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ដ អាប់​បាស់ (Mahmud Abbas) និយាយថា ចំណាត់ការ “​គួរឱ្យ​ស្តាយ​និង​មិនអាច​ទទួលយកបាន​” របស់លោក​ត្រាំ បានបង្ហាញ​ពី​ការដកខ្លួន​ចេញ​របស់​អាមេរិក​ជា​អ្នក​ឧបត្ថម្ភ​ដល់​ដំណើរការ​សន្តិភាព​។​

​ក្រុម​ហា​ម៉ាស់ ដែលជា​ចលនា​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បាន​ព្រមាន​ថា លោក​ត្រាំ​បាន​បើកទ្វារ “​ឋាននរក​លើ​ផលប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់​”​។​

​ទោះបីជា​មានការ​ស្វាគមន៍​ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ថា​ជា “​ការសម្រេចចិត្ត​ដោយ​ភាពក្លាហាន​និង​យុត្តិធម៌​ក៏ដោយ​” ក៏ប៉ុន្តែ​ចំណាត់ការ​របស់លោក​ត្រាំ​បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ជាច្រើន ពិបាក​នឹង​ស្វែងរក​ការឆ្លើយតប​សមស្រប​ណាមួយ ហើយ​សង្ឃឹមថា តំបន់​ងាយ​នឹង​កើត​ហិង្សា​នេះ នឹងមិន​មានជោគ​វាសនា​បង្ហូរឈាម​តទៅទៀត​ទៅ​ចុះ​។​

​ដោយនិយាយ​ទាំង​ស​ង្គ្រឺ​ត​ធ្មេញ ចក្រភព​អង់គ្លេស​បានចាត់ទុក​ចំណាត់ការ​នេះ​ថា “​គ្មាន​ប្រយោជន៍​” ហើយ​បារាំង​ថា “​គួរឱ្យ​សោកស្តាយ​”​។ ប្រទេស​អាល្លឺម៉ង់​និយាយថា ខ្លួន “​មិន​គាំទ្រ​” ការសម្រេចចិត្ត​របស់​ត្រាំ​ទេ​។​

​ក្រុម​អ្នកការទូត​បាន​និយាយថា ប្រទេស​ចំនួន ៨ រួមទាំង​ចក្រភព​អង់គ្លេស បារាំង និង​អ៊ីតាលី បាន​ទទូច​ឱ្យមាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណាត់ការ​របស់​ត្រាំ​នេះ​។​

​ទន្ទឹមនេះដែរ មេដឹកនាំ​នៃ​ប្រជាជាតិ​មូស្លីម​បាន​បញ្ចេញ​វោហា​ស័ព្ទ​ដ៏​គ្រោតគ្រាត​បំផុត​ដើម្បី​រៀបរាប់​អំពី​ការសម្រេចចិត្ត​របស់លោក​ត្រាំ​។​

​ប្រទេស​តួ​ក​គី​និង​អ៊ីរ៉ង់​ដែល​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​តំបន់ បាន​ព្យាយាម​បញ្ចេញ​កំហឹង​របស់ខ្លួន ដូច​ប្រទេស​ទូទាំង​ពិភព​អ៊ីស្លាម​ដទៃទៀត​ដែរ​។​

​តួ​ក​គី​បាន​ហៅ​ការសម្រេចចិត្ត​នេះ​ថា “​គ្មាន​ការទទួលខុសត្រូវ​” និង​ខុសច្បាប់​។ អ៊ីរ៉ង់​បាន​និយាយថា “​វា​នឹង​បង្ក​កំហឹង​ដល់​ប្រជាជន​មូស្លីម និង​ដុត​បញ្ឆេះ​ឱ្យមាន​ការ​ងើប​បះបោរ​ថ្មី​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ