ត្រាំ​ទៅសួរសុខទុក្ខ​កងទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ថា​ការចរចា​ជាមួយ​ពួក​តា​លី​បង់​ត្រឡប់​មកវិញហើយ​

166
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា​ថា សហរដ្ឋ​អាម៉េរិក​បានចាប់ផ្តើម​បន្ត​កិច្ចចរចា​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់ ខណៈ​រូបលោក​ធ្វើដំណើរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​អបអរ​បុណ្យ Thanksgiving ជាមួយ​កងទ័ព​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ខ្លី​ទៅកាន់​វាល​ចត​យន្តហោះ​បា​ក្រាម​នៅក្រៅ​រដ្ឋធានី​កា​ប៊ុល លោក​ត្រាំ​បាន​ប៉ាវ​អាហារ​មាន់​ដុត​ពេល​ល្ងាច​ដល់​ទាហាន ថតរូប​ជាមួយគ្នា និង ថ្លែង​សុន្ទរកថា​បន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក អា​ស្រា​ហ្វា ហ្គា​នី​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ពួក​តា​លី​បង់​ចង់​ធ្វើ​កិច្ចព្រមព្រៀង ហើយ​យើង​នឹង​ជួប​ជាមួយ​ពួកគេ ហើយ​យើង​នឹង​និយាយថា វា​ត្រូវតែ​ជា​បទ​ឈប់​បាញ់​គ្នា​”​។​

​កងទ័ព​អាម៉េរិក​ប្រហែល ១៣.០០០ នាក់​នៅតែ​បន្ត​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ ១៨ ឆ្នាំ​ហើយ​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​បាន​ឈ្លានពាន បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០០១ ។ លោក​ត្រាំ​បាន​និយាយថា លោក​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​មក​នៅត្រឹម ៨.៦០០ នាក់ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។​

​ប្រធានាធិបតី​ត្រាំ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​លើកដំបូង បាន​ប្រាប់​កងទ័ព​ថា “​គ្មាន​កន្លែង​ណា​ដែល​ខ្ញុំ​ចង់​អបអរ​បុណ្យ Thanksgiving ជាង​នៅទីនេះ​ជាមួយ​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត រឹងមាំ​បំផុត និង​ក្លាហាន​បំផុត​នៅលើ​ផែនដី​នោះឡើយ​។ ខ្ញុំ​ទើបតែ​មកពី​ទទួលទាន​អាហារ​ពេល​ល្ងាច​សម្រាប់​បុណ្យ Thanksgiving ជាមួយ​កងទ័ព​ខ្លះ​… ហើយ​យើង​មាន​ពេលវេលា​ល្អ​”​។​

​លោក​ត្រាំ​បាន​និយាយ​បែប​កំប្លែង​ថា​គាត់​ទើបតែ​ចាប់ផ្តើម​ញ៉ាំ​នៅពេល​គាត់​ត្រូវបាន​គេ​តេ​ហៅ​មក​ក្រៅ ហើយ​ថែមទាំង​មិនបាន​ភ្លក្ស​រសជាតិ​មាន់​ដុត​របស់គាត់​ទៀត​។​

​គាត់​និយាយថា “​ខ្ញុំ​គួរតែ​ចាប់ផ្តើម​ជាមួយ​មាន់​ដុត ជំនួស​ឱ្យ​ដំឡូងបារាំង​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់គ្នា​រីករាយ​នឹង​អាហារ​ដ៏​អស្ចារ្យ​នេះ វា​មើលទៅ​ពិតជា​ឆ្ងាញ់ ហើយ​សង្ឃឹមថា​អ្នក​រាល់គ្នា​អាច​ទទួល​បានការ​សម្រាក​ដែល​សម​នឹង​ទទួលបាន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ជួប​កងទ័ព​អាម៉េរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍