ត្រាំ​ទះ​តុ​ដើរ​ចេញពី​កិច្ចពិភាក្សា​ភ្លាម ក្រោយ​ក្រុម​មេដឹកនាំ​សភា​បដិសេធ​ការទាមទារ​ប្រាក់​សង់រ​បង​ព្រំដែន​

595
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​បាន​ដើរ​ចេញពី​ជំនួប​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​ការចរចា​អំពី​ការបិទ​រដ្ឋាភិបាល​​អាមេរិក​ដល់​ថ្ងៃទី​១៩​បាន​បរាជ័យ​។​

​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ​បានបញ្ចប់​កិច្ចពិភាក្សា​ភ្លាម​ក្រោយពី​ប្រធានសភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​លោក​ជុក ស៊ូ​មឺ បាន​បដិសេធ​សំណើសុំ​​ថវិកា​សំរាប់​សង់​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​។​

​លោក​ត្រាំ បាន​ហៅ​ជំនួប​របស់លោក​ជាមួយ​អ្នក​ទាំងពីរ​ថា​«​ការ​ចំណាយពេល​ឥតប្រយោជន៍​សុទ្ធ​»​និង​បាន​សរសេរ​បង្ហោះ​នៅពេល​បន្ទាប់មក​ទៀតថា​លោក​«​បាយ បាយ​»​ពួក​មេៗ​ប្រជាធិបតេយ្យ​។​

​ខណៈ​រដ្ឋាភិបាល​អាមេរិក​បន្ត​បិទ​ដល់​ថ្ងៃទី​១៩ និយោជិត​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ប្រមាណ​៨​សែន​នាក់​នឹង​គ្មាន​ប្រាក់​ថ្លៃឈ្នួល​ជា​លើកដំបូង​នៅ​សប្តាហ៍​នេះ​។​

​នៅក្រៅ​សេត​វិមាន ល្បែង​បន្ទោស​គ្នា​ចំពោះ​ការបិទ​រដ្ឋាភិបាល​នេះ​បាន​ចេញមក​ពោរ​ពាស​ពី​ភាគី​ទាំងពីរ​ក្រោយ​ជំនួប​កាលពី​ថ្ងៃ​ពុធ​។​

​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​លោក​ជុក ស៊ូ​មឺ (កណ្តាល)ប្រធានសភានិងព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ

​លោកស្រី ផេ​ឡូ​ស៊ី ដែលជា​ប្រធានសភា បាន​និយាយថា​ការដែល​និយោជិត​សហព័ន្ធ​មិនអាច​បើកប្រាក់​ឈ្នួល​បាន ជាការ​ខូចខាត​ចំពោះ​ត្រាំ​ដោយ​លោក​ប្រធានាធិបតី​«​ហាក់​មិន​អើពើ​ខ្លាំង​អំពី​វា​។​លោក​គិតថា​ពួកគេ​អាច​សុំ​លុយ​ឪពុក​របស់គេ តែ​ពួកគេ​មិនអាច​»​។​

​ចំណែក​លោក​ស៊ូ​មឺ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ប្រធានាធិបតី​បាន​ចាកចេញ​ភ្លាមៗ នៅពេល​លោកស្រី​ផេ​ឡូ​ស៊ី​បាន​និយាយថា លោកស្រី​មិន​អនុម័ត​យល់ព្រម​​លើ​ថវិកា​សង់​របង​ណាមួយ​នោះ​។​មេដឹកនាំ​ព្រឹទ្ធសភា​មកពី​ខាង​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​និយាយថា​«​លោក​ត្រាំ​បាន​សួរ​ប្រធានសភា ផេ​ឡូ​ស៊ី ថា​៖​តើ​អ្នក​យល់ស្រប​​ចំពោះ​របង​របស់ខ្ញុំ​ទេ​? គាត់​(​ផេ​ឡូ​ស៊ី​)​បាន​ឆ្លើយថា ទេ​!​។​បន្ទាប់មក​ត្រាំ​បាន​ងើបឈរ និង​និយាយថា ៖​បើ​អញ្ចឹង​គ្មានអ្វី​ត្រូវ​ពិភាក្សាគ្នា​ទេ ហើយ​គាត់​ក៏​ដើរចេញ​»​។​

​ព្រឹទ្ធសមាជិក​មកពីរ​ដ្ឋ​ញូវយ៉ក​រូបនេះ​ក៏បាន​និយាយថា ត្រាំ​បាន​ទះ​តុ​មុន​ងើប​ដើរចេញ​តែ​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​បដិសេធ​កាល​លើក​​ឡើង​នេះ​។​

​ចំណែក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​«​ខកចិត្ត​»​ដែល​ពួក​ប្រជាធិបតេយ្យ​មិនមាន​ចេតនា​ចូល​ចរចា​ដោយស្មោះ ខណៈ​លោក​ខេ​វិ​ន​​ម៉ាក​ខា​ធី មេដឹកនាំ​សភា​ខាង​បក្ស​សាធារណរដ្ឋ បាន​និយាយថា លោក​បានឃើញ​អាកប្បកិរិយា​របស់​ពួក​ប្រជាធិបតេយ្យ​«​ទទឹងទទែង​គួរអោយ​ខ្មាស​គេ​»​។​

​សូមបញ្ជាក់ថា ត្រាំ​បាននិងកំពុង​ទាមទារ​ការអនុម័ត​ប្រាក់​៥.៧០០​លាន​ដុល្លារ​ដើម្បី​សង់​របង​ដែក​មួយ​តាម​ប​ណ្តោ​ត​ព្រំដែន​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ច ដើម្បី​ទប់ស្កាត់​ការហូរ​​ចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​និង​ថ្នាំញៀន​និង​សូម្បីតែ​ពួក​ភេរ​វករ​ទៅតាម​ការសន្យា​ក្នុងពេល​ឃោសនា​រក​សម្លេង​ឆ្លោ​ត​របស់លោក​។​តែ​ពួក​បក្ស​ប្រជាធិបតេយ្យ ដែល​​បាន​ចូលកាន់​សភា​នៅ​ខែ​នេះ ជំទាស់​។​

​ជម្លោះ​កាលពី​ថ្ងៃ​ពុធ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ត្រាំ​បាន​ថ្លែង​ចេញពី​វិមាន​ពងក្រពើ​នៃ​សេត​វិមាន ទៅកាន់​ជនរួមជាតិ ថា​បញ្ហា​ព្រំដែន​នេះ​ជា​វិបត្តិ​មនុស្សធម៌​និង​ជា​វិបត្តិ​​សន្តិសុខ​ជាតិ ជាហេតុ​នាំអោយ​លោកស្រី​ផេ​ឡូ​ស៊ី​ឆ្លើយតប​ភ្លាម​ថា ការអះអាង​របស់លោក​ត្រាំ ជាការ​គំរាម​ក្លែងក្លាយ​។​

​ត្រាំ​បាន​គំរាម​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​មួយ​ដោយសារតែ​វិបត្តិ​ព្រំដែន​នេះ ក្នុង​បំណង​អោយ​សភា​អនុ​ម័​យ​ថវិកា​សង់​របង តែ​ខាង​បក្ស​ប្រជាធិបតេយ្យ​មិន​ទោ​​ទន់​តាម​ការ​គំរាម​។​

​ចាំមើល​ថា​តើ​ការ​ប្រទាញប្រទង់​រវាង​គណបក្ស​ធំ​ទាំង​២​របស់​អាមេរិក​នេះ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​៕​ដោយ​៖​វាសនា​