ត្រាំ​និងមូន ពិភាក្សា​គ្នា​រក​វិធី​រក្សា​កិច្ច​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​

219
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​សម​ភាគី​កូរ៉េខាងត្បូង មូន ជែ​អ៊ីន បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អស់​ពេល​កន្លះ​ម៉ោង ដើម្បី​រក​វិធី​រក្សា​កិច្ច​ការទូត​ជាមួយ​​កូរ៉េខាងជើង នេះ​បើ​តាម​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ នៅពេល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​(​កូរ៉េខាងជើង​)​ចេញ​ការព្រមាន​ថា ការអត់ធ្មត់​របស់​​ខ្លួន​អំពី​ការចរចា​បញ្ហា​នុយគ្លេអ៊ែរ​ដែល​ជាប់គាំង​កាន់តែ​អស់​ទៅ​។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា សភាពការណ៍​ក្លាយជា​«​ធ្ងន់ធ្ងរ​» និង​ថា​«​កម្លាំង​​ចលករ​ចរចា​គួរ​ត្រូវ​រក្សា​ដើម្បី​សំរេចបាន​លទ្ធផល​ភ្លាមៗ​ពី​ការចរចា​រំសាយ​នុយគ្លេអ៊ែរ​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ជួប​ប្រឹក្សា​យោបល់​គ្នា​ជា​ទៀងទាត់ តាម​ការចាំបាច់​។​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន នៅក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​​ញូវយ៉ក កាលពី​ថ្ងៃ​២៣​កញ្ញា ឆ្នាំ​២០១៩

​ភាព​តានតឹង​កំពុង​កើនឡើង​នៅមុន​កាលកំណត់​ចុងឆ្នាំ ដែល​កូរ៉េខាងជើង​ដាក់ចេញ​ដើម្បី​អោយ​អាម៉េរិក​ដូរ​ជំហរ​ចរចា ហើយ​បើ​អាម៉េរិក​នៅ​តែ​រក្សា​គោលនយោបាយ​ចាស់​​ដោយ​គិតតែ​ទាមទារ​អោយ​កូរ៉េខាងជើង​រំសាយ​ចោល​នុយគ្លេអ៊ែរ​តែឯង ហើយ​មិន​ដក​ទណ្ឌកម្ម​បណ្តើរៗ​លើ​កូរ៉េខាងជើង​ទេ នោះ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ នឹង​អាច​ជ្រើស​យក​ផ្លូវ​ដើរ​ថ្មី​។​

​ពួក​មន្ត្រី​កូរ៉េ​ខាងជើង​បាន​ព្រមាន​កុំអោយ​អាម៉េរិក​ព្រងើយកន្តើយ​នឹង​កាល​កំណត់​នេះ និង​បាន​ហៅ​ការសុំ​ចរចា​បន្ត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​យុទ្ធវិធី​ពន្យារពេល​​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​នៅ​ឆ្នាំក្រោយ​។​

​ជា​សម្ពន្ធមិត្ត​យូរ​មក​ហើយ អាម៉េរិក​និង​កូរ៉េខាងត្បូង​ក៏​កំពុង​ចរចា​គ្នា​អំពី​ថា​តើ​ភាគី​ម្ខាងៗ​គួរ​ចេញ​ចំណាយ​ប៉ុន្មាន​សំរាប់​ការដាក់​ទាហាន​អាម៉េរិក​២៨.៥០០​នាក់​នៅ​កូរ៉េ​ខាងត្បូង​​ដើម្បី​ទប់​ទ​លើ​នឹង​ការ​គំរាម​ពី​សត្រូវ​ខាងជើង​។​

​បើ​តាម​សារព័ទ៌មាន​ដែល​លេចធ្លា​យ លោក​ត្រាំ បានទាមទារ​អោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​លបង់​ប្រាក់​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដោយ​កើន​លើស​ការចំណាយ​បច្ចុប្បន្ន​​របស់​កូរ៉េ​ខាងត្បូង​ជាង​៤​ដង​។​ទោះជា​យ៉ាងណា កិច្ចពិភាក្សា​ជុំ​ទី​៤​នៅ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​៕​ដោយ​៖​វាសនា​