ត្រាំ​និង​ពូ​ទីន ជជែក​ពិភាក្សាគ្នា​អំពី​ការជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក ក្នុង​កិច្ច​ជំនួប​លើកដំបូង​រវាង​អ្នក​ទាំងពីរ​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20

923
ចែករម្លែក

លោក ដូ​ណា​ល់ ត្រាំ និង វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ពិភាក្សាគ្នា​អំពី​ករណី​ចោទប្រកាន់​ទាក់ទិន​ការ​ហ៊ែ​ក (Hack) របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំមុន អំឡុង​កិច្ច​ជំនួប​លើកទីមួយ​រវាង​មេដឹកនាំ​ទាំងពីរ​នៅ​ក្រុង​ហាំ​បឺ​ក​។ នេះ​បើតាម​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៨​កក្កដា​នេះ​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល​ល័​រ​សុន ពណ៌នា ការជួបពិភាក្សាគ្នា​នេះ​ថា “​រស់​រវើក​”​។

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គី ឡាវ​រូ​វ និយាយថា លោក​ត្រាំ​បាន​ទទួលយក​ការអះអាង​របស់​លោកពូ​ទីន ថា ប្រទេស​អាមេរិក​របស់​លោក​មិនមាន​ទំនួល​ខុសត្រូវ​។

ប៉ុន្តែ​លោក​ធី​ល​ល័​រ​សុន​និយាយថា​មិនទាន់​ច្បាស់​ទេ​ថា​តើ​ប្រទេស​ទាំងពីរ​នឹង​ឈានដល់​ការព្រមព្រៀង​លើ​អ្វីដែល​បានកើត​ឡើង ឬ​យ៉ាងណា​នោះ​។

លោក​បន្ថែមថា “​ខ្ញុំ​គិតថា លោក​ប្រធានាធិបតី​ឥឡូវនេះ​កំពុង​ផ្តោតលើ​របៀប​ដែល​យើង​អាច​បោះជំហាន​ទៅមុខ ចេញពី​អ្វី ដែល​អាចជា​ការខ្វែងគំនិត​គ្នា​ដ៏​លំបាក​នៅត្រង់ចំណុច​នេះ​”​។

ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​បានរៀបចំ​ការពិភាក្សា​ទល់មុខ​គ្នា​ជា​លើកដំបូង​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃ​សុក្រ​ទី ៧ កក្កដា ក្នុង​ទីក្រុង​ហាំ​បឺ​ក​របស់​អាល្លឺម៉ង់ ដែល​កំពុង​រៀបចំឡើង ចំពេល​កំពុង​មានការ​តវ៉ា​ហិង្សា​។

ប្រធានបទ​ផ្សេងទៀត​ដែល​បាន​លើក​យកមក​ពិភាក្សា​អំឡុង​ជំនួប​រវាង​អ្នក​ទាំងពីរ ដែល​ចំណាយពេល ២ ម៉ោង ១៥ នាទី យូរ​ជាង​ការគ្រោងទុក​នោះ រួមបញ្ចូល​សង្គ្រាម​នៅ​ស៊ី​រី អំពើ​ភេរវកម្ម និង សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​។

លោក​ធី​ល​ល័​រ​សុន​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​កិច្ច​ជំនួប​នេះ​ថា “​លោក​ប្រធានាធិបតី​បើក​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ពូ​ទីន ដោយ​លើកឡើង​អំពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៦​។ មេដឹកនាំ​ទាំងពីរ​ផ្តោះ​ប្តូរ​ការសន្ទនា​ប្រកបដោយ​ភាពរស់រវើក និង មាន​រយៈពេល​យូរ​លើ​ប្រធានបទ​នេះ​។ លោក​ប្រធានាធិបតី​បាន​ជជីក​សួរ​ប្រធានាធិបតី​ពូ​ទីន​ច្រើនលើក​ទាក់ទិន​ការចូលរួម​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​។ លោក​ប្រធានាធិបតី​ពូ​ទីន បាន​បដិសេធថា​មិនបាន​ចូលរួម​បែបនេះ ដូចដែល​ខ្ញុំ (​ធី​ល​ល័​រ​សុន​) ធ្លាប់​បានគិត​ពីមុន​ថា គាត់​បានធ្វើ​វា​ក្នុងពេល​កន្លងទៅ​ទេ​”៕ ​ដោយ ៖កញ្ញាដាលីស

ពូ​ទីន និង​ត្រាំ​ជួបគ្នា​នៅ​ក្រុង​ហាំ​បឺ​ក​កាលពី​ថ្ងៃ​សុក្រ