ត្រាំ​និង​ម៉ូ​ឌី​ប្តេជ្ញា​ប្រឆាំង​ពួក​ជ្រុលនិយម​ឥតឈប់ឈរ​នៅ​ចំពោះមុខ​ហ្វូង​មហាជន​ដ៏​ច្រើន​កុះករ​

287
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន ដ្រា​ម៉ូ​ឌី កាលពី​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​បានប្រកាស​រួមគ្នា​ប្រយុទ្ធ​ឥតឈប់ឈរ​ប្រឆាំងនឹង “​ភេរវកម្ម​” ដោយ​ប្តេជ្ញា​រក្សា​សម្ព័ន្ធភាព​ផ្ទាល់ខ្លួន​យ៉ាង​ជិតស្និទ្ធ​នៅ​ចំពោះមុខ​ហ្វូង​មហាជន​អាម៉េរិកាំង​ដើមកំណើត​ឥណ្ឌា​រាប់ម៉ឺន​នាក់​។​

​មេដឹកនាំ​ទាំងពីរ ដែលជា​អ្នក​ជាតិនិយម​មានគំនិត​ចូលចិត្ត​ការប្រមូលផ្តុំ​ធំៗ​និង​មានការ​សង្ស័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី បាន​កោតសរសើរ​ចំពោះ​គ្នា​ទៅវិញទៅមក​នៅក្នុង​ការ​បង្ហាញខ្លួន​រួមគ្នា​មិនធម្មតា​នៅក្នុង​ពហុកីឡាដ្ឋាន​មួយ​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន​។​

​លោក​ត្រាំ​និង​លោក​ម៉ូ​ឌី​ថែមទាំង​កាន់​ដៃ​គ្នា​នៅ​ចំពោះ​ហ្វូងមនុស្ស ដែល​ស្រែក​ហ៊ោកញ្ជ្រៀវ​ប្រមាណ ៥០.០០០ នាក់​ទៀតផង​។​

​លោក​ត្រាំ​បានទទួល​ការអបអរសាទរ​ដ៏​ធំ​បំផុត​របស់គាត់​នៅពេល​គាត់​ប្រាប់​ហ្វូងមនុស្ស​ជាច្រើន​ដែល​ពាក់​អាវយឺត​នៃ​គណបក្ស​ស្តាំនិយម Bharatiya Janata របស់​ឥណ្ឌា​ថា “​យើង​ប្តេជ្ញា​ការពារ​ជន​ស៊ីវិល​ស្លូតត្រង់​ពី​ការគំរាមកំហែង​នៃ​អំពើ​ភេរវកម្ម​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​”​។​

​ឆ្លៀតឱកាស​ភ្លក្ស​រសជាតិ​នៃ​ការជួបជុំ​ដ៏​កក្រើក​នេះ លោក​ម៉ូ​ឌី​បាន​ស្នើឱ្យ​ហ្វូងមនុស្ស​បង្ហាញ​ការគាំទ្រ​ដល់​ជំហរ​របស់លោក​ត្រាំ​។​

​លោក​ត្រាំ​បាន​គាំទ្រ​មេដឹកនាំ​ឥណ្ឌា​ក្នុងអំឡុង​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​ក្នុងឆ្នាំនេះ​រួមទាំង​ការដកហូត​ស្វ័យភាព​របស់ខ្លួន​សម្រាប់​តំបន់​កា​ស្មៀ​រ​ដែលមាន​ជនជាតិ​ម៉ូ​ស្លី​ម​ភាគច្រើន​និង​បទបញ្ជា​របស់លោក​សម្រាប់​យន្តហោះ​ចម្បាំង​ចូលក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​ជាមួយ​ត្រាំ​អង្គុយ​មើល​នៅ​ជួរមុខ​និង​ស្តាប់​ការបកប្រែ លោក​ម៉ូ​ឌី​និយាយ​សំដៅ​យ៉ាងច្បាស់​ទៅលើ​គូប្រជែង​ប៉ា​គី​ស្ថាន​ដែល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​តំបន់​កា​ស្មៀ​រ ហើយ​បាន​ព្យាយាម​ទាញ​ការចាប់អារម្មណ៍​ពី​អន្តរជាតិ​លើទឹក​ដី​នៅ​តំបន់ភ្នំ​ហេមពាន្ត​នេះ​។​

​លោក​ម៉ូ​ឌី​បាន​និយាយថា​លោក​កំពុង​ស្វែងរក​ឋានៈ​ស្មើភាព​និង​ការអភិវឌ្ឍ​សម្រាប់​កា​ស្មៀ​រ ដោយ​បន្ថែមថា​សកម្មភាព​រប​ស់លោក​កំពុង​បង្ក​ភាពមិន​ស្រណុកចិត្ត​ដល់​មនុស្ស​មួយចំនួន​ដែល “​មិនអាច​គ្រប់គ្រង​ប្រទេស​របស់​ខ្លួនឯងបាន​” និង​ជា​អ្នក​ដែល “​ចិញ្ចឹម​ភេរវកម្ម​”​។​

​លោក​ម៉ូ​ឌី​និយាយថា “​មនុស្ស​ទាំងអស់នេះ​បានដាក់​ការ​ស្អប់ខ្ពើម​ឥណ្ឌា​នៅ​ចំ​កណ្តាល​របៀបវារៈ​នយោបាយ​របស់​ពួកគេ​”​។

​ឥណ្ឌា​ក៏​ប្រឈម​ការរិះគន់​ខ្លាំងៗ​ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ផងដែរ​ចំពោះ​ការបិទ​អ៊ី​ន​ធឺ​ណេ​ត​និង​បណ្តាញ​ទូរគមនាគមន៍​ទូរស័ព្ទ​ទាំងអស់​នៅ​ទូទាំង​តំបន់​កា​ស្មៀ​រ​ភាគច្រើន​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ម៉ូ​ឌី​កាន់​ដៃ​គ្នា​ជិតស្និទ្ធ​មិន​ធ្លាប់​ឃើញ​ពីមុនមក​នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ​អាម៉េរិក​ដើមកំណើត​ឥណ្ឌា​៥​ម៉ឺន​នាក់
លោក​ត្រាំ​និង​លោក​ម៉ូ​ឌី​កាន់​ដៃ​គ្នា​ជិតស្និទ្ធ​មិន​ធ្លាប់​ឃើញ​ពីមុនមក​នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ​អាម៉េរិក​ដើមកំណើត​ឥណ្ឌា​៥​ម៉ឺន​នាក់