ត្រាំ​និង​ស៊ី មាន​សុទិដ្ឋិនិយម​អំពី​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​

2471
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីងកាលពីថ្ងៃព្រហស្បតិ៍ទី០១វិច្ឆិកាបានសម្តែងទុទិដ្ឋិនិយមអំពីការដោះស្រាយជម្លោះពាណិជ្ជកម្មដ៏ជូរចត់របស់ប្រទេសពួកលោកនៅមុនជំនួបដែលគេគ្រោងសំរាប់អ្នកទាំង២នៅចុងខែវិច្ឆិកានៅអាហ្សង់ទីន។

ត្រាំបាននិយាយតាមទ្វីតធឺថា ការពិភាក្សាពាណិជ្ជកម្មជាមួយចិនបានដំណើរការទៅដោយរលូន និងថាលោកមានផែនការជួបប្រធានាធិបតីចិន ស៊ី ជីនពីងនៅក្រៅកិច្ចប្រជុំG-20 ក្រោយពីមេដឹកនាំទាំងពីរបាន«ពិភាក្សាគ្នាតាមទូរស័ព្ទយ៉ាល្អណាស់»។

នៅក្នុងការថ្លែងទៅកាន់សារព័ត៌មានរដ្ឋ លោកស៊ីបាននិយាយថាលោកសង្ឃឹមថាចិននិងអាមេរិកនឹងអាចជំរុញទំនាក់ទំនងបែបមានសុខភាពនិងឋិតថេរមួយ និងថាលោកមានបំណងជួបត្រាំនៅអាហ្សង់ទីន។

ស៊ីបាននិយាយនៅក្នុងទូរទស្សន៍រដ្ឋCCTV ថា«ក្រុមពាណិជ្ជកម្មនៃប្រទេសទាំងពីរគួរពង្រឹងការទាក់ទងនិងធ្វើការពិភាក្សាលើបញ្ហានៃការព្រួយបារម្ភសំរាប់ភាគីទាំងពីរហើយជំរុញផែនការមួយដែលទាំងសងខាងអាចទទួលយកបានដើម្បីឈានដល់ការស្រុះស្រួលមតិគ្នាអំពីបញ្ហាពាណិជ្ជកម្មចិន-អាមេរិក»។

ស៊ីត្រូវបានទូរទស្សន៍ស្រង់សម្តីថា ក្រោយពីហៅនិយាយទូរស័ព្ទជាមួយត្រាំមក មេដឹកនាំទាំងពីរសង្ឃឹមថាអាចពង្រីកកិច្ចសហការពាណិជ្ជកម្មទ្វេភាគី តែមិនមានមេដឹកនាំណាម្នាក់បានបញ្ចេញប្រាប់លម្អិតអំពីការរីកចំរើនចេញពីការពិភាក្សាដោយផ្ទាល់របស់ពួកលោកជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានខែមកនេះ។

ទោះជាយ៉ាងណា ពួកមន្រ្តីអាមេរិកបាននិយាយថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិនមិនអាចបន្តធ្វើបានទេដរាបណាចិននៅមិនទាន់ចាត់វិធានការជាក់លាក់ទៅតាមការទាមទាររបស់អាមេរិកអោយផ្លាស់ប្តូរគោលនយោបាយស្តីពីការផ្ទេរបច្ចេកវិទ្យា ការឧបត្ថម្ភឧស្សាហកម្មនិងការចូលក្នុងទីផ្សារចិនសំរាប់ទំនិញអាមេរិក។

ប្រទេសទាំងពីរបានវាយពន្ធដាក់គ្នារាប់រយពាន់លានដុល្លាររួចជាស្រេចហើយ ហើយលោកត្រាំបានគំរាមវាយពន្ធថែមលើទំនិញចិនសេសសល់ចំនួន៥០០.០០០លានដុល្លារដែលនាំចូលអាមេរិក បើសិនជាជម្លោះនេះមិនត្រូវបានដោះស្រាយ៕ដោយ៖វាសនា

មេដឹកនាំទាំង២សុទ្ធតែមានបំណងជំរុញកិច្ចសហការពាណិជ្ជកម្ម តែបានវាយពន្ធសងសឹកគ្នាសន្ធឹកសន្ធាប់រួចហើយនិងអាចបន្ថែមទៀតបើនិយាយមិនត្រូវគ្នា