ត្រាំ​និយាយថា​គាត់​មិនចាំបាច់​ត្រូវការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅមុន​ការបោះឆ្នោត​នោះទេ​

323
ចែករម្លែក

​ខណៈ​ចិន​និង​សហរដ្ឋ​អាម៉េរិក​ជិត​ឈានដល់​កិច្ចចរចា​ពាណិជ្ជកម្ម​ជុំ​ថ្មី លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា​ថា លោក​មិនមាន​អារម្មណ៍​ថា​លោក​ត្រូវការ​ទទួលបាន​កិច្ចព្រមព្រៀង​មុន​ការបោះឆ្នោត​ឆ្នាំក្រោយ​នោះទេ​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​ចង់បាន​កិច្ចព្រមព្រៀង​ពេញលេញ​ជាមួយ​ចិន​ហើយ​នឹងមិន​ទទួលយក​អ្វីដែល​ដោះស្រាយ​តែ​ភាពខុសគ្នា​មួយចំនួន​រវាង​ប្រទេស​ទាំងពីរ​នោះទេ​។​

​លោក​ត្រាំ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន​ថា “​ខ្ញុំ​មិន​ស្វែងរក​កិច្ចព្រមព្រៀង​មិន​ពេញ​ទេ ខ្ញុំ​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ពេញលេញ​”​។​

​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក​បាន​ផុង​ក្នុង​ជម្លោះ​ដ៏​ប្រថុយប្រថាន ដែល​កត់សម្គាល់​ដោយ​ការបង្កើន​ទណ្ឌកម្ម​ពន្ធ​របស់លោក​ត្រាំ​លើ​ទំនិញ​ចិន​និង​ពន្ធ​សងសឹក​របស់​ទីក្រុង​ប៉េកាំង​។​

​លោក​ត្រាំ​បាន​និយាយថា អ្នកបោះឆ្នោត​យល់​អំពី “​ជម្លោះ​” រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ហើយ​ទទូចថា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត នឹងមិន​រារាំង​ដល់​ឱកាស​ជាប់ឆ្នោត​ម្តងទៀត​របស់លោក​នោះទេ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា ការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ “​ប្រហែលជា​វិជ្ជមាន​” សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​។​

​លោក​ត្រាំ​បាន​បន្ត​ព្យាយាម​គូររូប​ភាព​ងងឹត​អំពី​សេដ្ឋកិច្ច​ចិន នៅមុន​កិច្ចពិភាក្សា​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ អ្នកចរចា​មកពី​ប្រទេស​ទាំងពីរ​ក៏​កំពុង​ចូលរួម​ក្នុងការ​ពិភាក្សា​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​ដើម្បី​ចាក់គ្រឹះ​សម្រាប់​ការប្រជុំ​ចរចា​នៅ​ខែតុលា​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​នាយករដ្ឋមន្ត្រី​អុ​ស្ត្រា​លី​លោក ស្កុ​ត ម៉ូ​រី​សុន មកដល់​សម្រាប់​សន្និសីទ​កាសែត​នៅ​បន្ទប់​ខាងកើត​នៃ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ