ត្រាំ​និយាយថា​គ្មាន​កិច្ចប្រជុំ​ជាមួយ​ស៊ី​ជីន​ពីង​នៅមុន​ថ្ងៃ​ផុតកំណត់​ចរចា​ពាណិជ្ជកម្ម​នោះទេ​

355
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កុម្ភៈ​ថា​លោក​មិន​រំពឹង​ជួប​សម​ភាគី​ចិន​លោក​ស៊ី ជីន​ពីង មុនពេល​កំណត់​ថ្ងៃ ១ មីនា​ក្នុង​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នោះទេ​។​

​នៅពេល​សួរថា​តើ​កិច្ចប្រជុំ​មួយ​ត្រូវ​បានរៀបចំ​នៅ​ខែក្រោយ​ឬ​យ៉ាងណា លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​មិនទាន់មាន​នៅឡើយ​ទេ​”​។​

​នៅពេល​សួរថា​តើ​កិច្ចប្រជុំ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី ១ មីនា​ឬ​យ៉ាងណា គាត់​និយាយថា “​អត់​ទេ​”​។​

​លោក​ត្រាំ​បាន​និយាយថា ដំណោះស្រាយ​ចុងក្រោយ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នឹង​ពឹង​ផ្អែកលើ​កិច្ចប្រជុំ​របស់លោក​និង​លោក​ស៊ីក្នុង “​ពេលអនាគត​ដ៏​ខ្លី​ខាងមុខនេះ​”​។​

​មានការ​រំពឹងទុក​ថា​លោក​ត្រាំ​នឹង​ជួប​មេដឹកនាំ​ចិន​បន្ទាប់ពី​លោក​ហោះ​ទៅ​ប្រទេស​វៀតណាម​នៅ​ចុងខែ​កុម្ភៈ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​

​សហរដ្ឋអាមេរិក​បាន​គំរាម​ដំឡើង​ពន្ធ​ដែលមាន​ស្រាប់​ទ្វេដង​លើ​ទំនិញ​របស់​ចិន​នៅ​ដើមខែ​មីនា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​លើ​វិធានការ​នានា​ដើម្បី​ធ្វើកំណែទម្រង់​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា​អយុត្តិធម៌​ខ្លាំង​។​

​ប៉ុន្តែ​លោក​ឡា​រី ឃូ​ដ​ឡូ​វ (Larry Kudlow) សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​សេត​វិមាន​បាន​និយាយប្រាប់ Fox Business កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខណៈដែល​លោក​ត្រាំ​មាន​សុទិដ្ឋិនិយម​អំពី​ការរំពឹងទុក​សម្រាប់​កិច្ចព្រមព្រៀង គឺ​នៅតែមាន “​គម្លាត​ដ៏​ធំ​” កំពុង​បំបែក​ភាគី​ទាំងពីរ​។​

​ស​ន្ទ​ស្សន៍​ភាគហ៊ុន Dow Jones Industrial Average បាន​ខាតបង់​ច្រើនជាង ៣០០ ពិន្ទុ បន្ទាប់ពី​ការធ្វើ​អត្ថាធិប្បាយ​របស់លោក​ឃូ​ដ​ឡូ​វ ប៉ុន្តែ​បាន​កាត់បន្ថយ​ការខាតបង់​មួយចំនួន ដោយ​បិទ​ការជួញដូរ​នៅត្រឹម ០,៩ ភាគរយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​កាលពី​សប្តាហ៍​មុន លោក​ត្រាំ​និង​មន្ត្រី​ចិន​បាន​សម្តែង​សុទិដ្ឋិនិយម​ក្នុងអំឡុង​កិច្ចចរចា​លើក​ទី​ពីរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ស្តីពី​ឱកាស​នៃ​ការធ្វើ​កិច្ចព្រមព្រៀង ប៉ុន្តែ​ពួកគេ​បានចេញ​សេចក្តីលម្អិត​តិចតួច​ប៉ុណ្ណោះ​អំពី​វឌ្ឍនភាព​ក្នុង​កិច្ចចរចា​របស់​ពួកគេ​។​

​ភាគី​ទាំងពីរ​មាន​ពេល​បី​សប្តាហ៍​ទៀត មុនពេល​អត្រាពន្ធ​រប​ស់​អាមេរិក​លើ​ទំនិញ​របស់​ចិន​គ្រោង​នឹង​កើនឡើង​យ៉ាងខ្លាំង ដែល​ពួក​សេដ្ឋកិច្ចវិទូ​និយាយថា​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​កាន់តែ​ចុះខ្សោយ​។​

​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ (Robert Lighthizer) និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក​ស្ទេ​វិ​ន អេ​ម​ញ៉ូ​ជីន (Steven Mnuchin) គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម​លើក​ទី​បី​។​

​វ៉ាស៊ីនតោន​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ​ចំពោះ​គោលនយោបាយ​ឧស្សាហកម្ម​របស់​ចិន ដែល​មន្ត្រី​អាមេរិក​ចោទប្រកាន់ថា​ពាក់ព័ន្ធ​នឹង​ការ​លួច​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​និង​ការ​ក្លែងបន្លំ​ទីផ្សារ​ដ៏​ធំ​តាមរយៈ​ការឧបត្ថម្ភ​ធន​និង​វិធានការ​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​អង្គុយ​នៅ​វិមាន​ពងក្រពើ​កាលពី​ថ្ងៃទី​៧​កុម្ភៈ​២០១៩
#