ត្រាំ​និយាយថា​ទំនង​ដូចជា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​រោងចក្រ​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​សង្កត់ធ្ងន់ថា​គាត់​មិន​ចង់បាន​សង្គ្រាម​ទេ​

139
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៦ កញ្ញា​ថា​វា​មើលទៅ​ដូចជា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​សង្កត់ធ្ងន់ថា​គាត់​មិន​ចង់​ធ្វើសង្គ្រាម​ទេ ខណៈ​ការវាយប្រហារ​នេះ​បានធ្វើឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​និង​បង្ក​ការបារម្ភ​អំពី​វិបត្តិ​ថ្មី​នៅ​មជ្ឈិមបូព៌ា​។​

​អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អាម៉េរិក​ថា​ខ្លួន​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ដែល​បានធ្វើឱ្យ​ខូចខាត​ដល់​រោងចក្រ​កែច្នៃ​ប្រេង​ឆៅ​ធំ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​និង​បានធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់​កាន់តែ​យ៉ាប់យ៉ឺន​ចាប់តាំងពី​លោក​ត្រាំ​បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន​និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។​

​វ៉ាស៊ីនតោន​ក៏​ចង់​ដាក់​សម្ពាធ​លើ​តេ​ហេ​រ៉ង់​ឱ្យ​បញ្ឈប់​ការគាំទ្រ​ដល់​កងកម្លាំង​តំណាង​ក្នុង​តំបន់​របស់ខ្លួន រួមទាំង​ក្នុងប្រទេស​យេ​ម៉ែន កន្លែង​ដែល​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ អស់​រយៈពេល ៤ ឆ្នាំ​មកហើយ​។​

​លោក​ត្រាំ​និយាយថា សហរដ្ឋ​អាម៉េរិក​នៅតែ​កំពុង​ស៊ើបអង្កេត​នៅឡើយ​ថា​តើ​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ឬ​អត់ ប៉ុន្តែ “​វា​ពិតជា​ទំនង​ណាស់​ដែលថា​អ៊ីរ៉ង់​អាច​នៅ​ពីក្រោយ​ការ​វាយរ​ប្រហារ​នេះ​”​។​

​ទោះយ៉ាងណា លោក​ត្រាំ ដែល​បាន​ចំណាយពេល​ភាគច្រើន​ជា​ប្រធានាធិបតី​ដើម្បី​ព្យាយាម​ដោះ​អាម៉េរិក​ចេញពី​សង្គ្រាម ដែល​គាត់​ស្នង​ពី​មេដឹកនាំ​មុនៗ បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​នឹងមិន​ប្រញាប់ប្រញាល់​ចូលក្នុង​ជម្លោះ​ថ្មី​ក្នុងនាម​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ​។​

​ត្រាំ​បាន​និយាយថា “​ខ្ញុំ​ជាម​នុស្ស​ដែល​មិន​ចង់​ធ្វើសង្គ្រាម​”​។​

​មន្ត្រី​ខុទ្ទកាល័យ​អាម៉េរិក​ជាច្រើន​រួមទាំង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ និង​រដ្ឋមន្ត្រីក្រសួង​ថាមពល​អាម៉េរិក​លោក រីក ភើ​រី បាន​ស្តីបន្ទោស​ទីក្រុង​តេ​ហេ​រ៉ង់​ចំពោះ​ការវាយប្រហារ​នេះ​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី​និយាយថា​ការវាយប្រហារ​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រជាជន​យេ​ម៉ែន​ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​ក្រុម​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​។​

​ពេល​អ្នកយកព័ត៌មាន​សួរ​នៅ​សេត​វិមាន​ថា​តើ​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​ឬ​យ៉ាងណា លោក​ត្រាំ​និយាយថា “​វា​ពិតណាស់​ប្រហែលជា​បែប​នោះ​មែន នៅ​ខណៈ​ពេលនេះ ហើយ​យើង​នឹង​ប្រាប់​អ្នក​ឱ្យ​បានដឹង​។ នៅពេលណា​ដែល​យើង​រកឃើញ​ច្បាស់ យើង​នឹង​ប្រាប់​អ្នក​ឱ្យដឹង ប៉ុន្តែ​វា​ពិតណាស់​ប្រហែលជា​បែប​នោះ​មែន​”​។ ការវាយប្រហារ​នេះ​បាន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ​ពិភពលោក​ចំនួន​៥​ភាគរយ​។​

​ប្រភព​ចំនួន​ពីរ ដែល​ដឹង​អំពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Aramco បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា វា​អាច​ចំណាយពេល​ច្រើន​ខែ​ដើម្បីឱ្យ​ផលិតកម្ម​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​វិល​មករក​ភាពប្រក្រតី​ឡើងវិញ​។ មុននេះ ការប៉ាន់ស្មាន​ដំបូង​បាន​បង្ហាញថា វា​អាច​ចំណាយពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​គាត់​មិន​ចង់បាន​សង្គ្រាម​ទេ