ត្រាំ​និយាយថា​អតិរេក​ពាណិជ្ជកម្ម មិន​យុត្តិធម៌​ឡើយ តែ “​ខ្ញុំ​មិន​បន្ទោស​ចិន​ទេ​”

444

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សម្តែង​ការមិនយល់ស្រប​នឹង​ឱនភាព​ពាណិជ្ជកម្ម “​មិន​ត្រឹមត្រូវ​និង​អយុត្តិធម៌​” ជាមួយ​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​វិច្ឆិកា​នេះ ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ថា “​ខ្ញុំ​មិន​បន្ទោស​ចិន​ទេ​” ។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ចំនួន ២៥០ ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ប៉េកាំង លោក​ត្រាំ​បាន​និយាយថា “​ចុងក្រោយ​តើ​អ្នកណា​អាច​បន្ទោស​ប្រទេសមួយ​ដែល​អាច​ទាញយក​ប្រយោជន៍​ពី​ប្រទេស​ផ្សេងទៀត​សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់ខ្លួន​បាន​ទៅ​?”​។​

​ទោះយ៉ាងណា លោក​បាន​ទម្លាក់​ការស្តីបន្ទោស​ទៅលើ “​អតីត​រដ្ឋបាល​អាមេរិក​” ដែល “​ទុកឱ្យ​ឱនភាព​ពាណិជ្ជកម្ម​លែង​ត្រួតត្រា​បាន​នេះ​បន្ត​កើតឡើង​និង​លូតលាស់​ទៅមុខទៀត​”​។​

​រដ្ឋបាល​ត្រាំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េកាំង ដោយ​ធ្វើការ​ស៊ើបអង្កេត​លើ​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​អំពី​កម្មសិទ្ធិបញ្ញា និង​ដែក​អាលុយមីញ៉ូម​និង​ដែកថែប​។​

​ការធ្វើ​ពាណិជ្ជកម្ម​ខុសឆ្គង​របស់​ចិន​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធនា​ការស្វែងរក​ប្រជាប្រិយភាព​របស់លោក​ត្រាំ​សម្រាប់​តំណែង​នៅ​សេត​វិមាន ប៉ុន្តែ​ចាប់តាំងពី​ចូលកាន់​តំណែង​មក លោក​ត្រាំ​បាន​ទប់ស្កាត់​មិន​និយាយថា​ក្រុង​ប៉េកាំង​ជា​អ្នក​លូកដៃ​ធ្វើ​អន្តរាគមន៍​រូបិយវត្ថុ​នោះទេ​។​

​លោក​ស៊ី​បាន​ស្វះស្វែង​ធ្វើឱ្យ​ខ្លួនឯង​ក្លាយជា​អ្នកការពារ​សកលភាវូបនីយកម្ម នៅពេលដែល​អាមេរិក​បាន​ដកថយ នៅ​ពីក្រោយ​គោលនយោបាយ “​អាមេរិក​ជា​អាទិភាព​” របស់លោក​ត្រាំ​។​

​ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​និង​អឺរ៉ុប​នៅតែ​ត្អូញត្អែរ​អំពី​ការហាមឃាត់​ពី​វិស័យ​មួយចំនួន​និង​ត្រូវបាន​បង្ខំ​ឱ្យ​ចែករំលែក​បច្ចេកវិជ្ជារ​បស់​ពួកគេ​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ក្នុងស្រុក​របស់​ចិន​ដើម្បី​ទទួលបាន​សិទ្ធិ​នៅក្នុង​ឧស្សាហកម្ម​មួយចំនួន​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​ចាប់ដៃ​ជាមួយ​លោក​ស៊ី​នៅ​ក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍