ត្រាំ​និយាយថា​អាម៉េរិក​នឹងមិន​លក់​យន្តហោះ​ចម្បាំង​ឱ្យទៅ​តួ​ក​គី​ទេ​

449
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​និយាយថា សហរដ្ឋ​អាម៉េរិក​នឹងមិន​លក់​យន្តហោះ​ចម្បាំង F-35 ទៅ​តួ​ក​គី​ទេ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បានសម្រេច​ទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស​ពី​រុស្ស៊ី​។​

​រដ្ឋបាល​ត្រាំ​បាន​ប្រាប់​តួ​ក​គី​ម្តង​ហើយ​ម្តង​ទៀតថា​តួ​ក​គី​នឹងត្រូវ​កាត់ផ្តាច់​ពី​ការទិញ​យន្តហោះ F-35 ប្រសិនបើ​តួ​ក​គី​ទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស S-400 របស់​រុស្ស៊ី ព្រោះ​វា​មិនត្រូវ​គ្នា​ជាមួយ​ប្រព័ន្ធ​ការពារ​របស់​អង្គការ​ណា​តូ​និង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ព័ត៌មាន​រសើប​អំពី​បច្ចេកវិជ្ជា​យន្តហោះ F-35​។ តួ​ក​គី​គឺជា​សមាជិក​របស់​អង្គការ​ណា​តូ​។​

​លោក​ត្រាំ​បាន​ស្តីបន្ទោស​រដ្ឋបាល​អូ​បា​ម៉ា​ចំពោះ​ការមិនអាច​ឈានដល់​កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាសរ​បស់​អាម៉េរិក​ឱ្យទៅ​តួ​ក​គី​។​

​លោក​ត្រាំ​និយាយថា តួ​ក​គី​បាន​បញ្ជា​ទិញ​យន្តហោះ F-35 ជាង ១០០ គ្រឿង ប៉ុន្តែ​ដោយសារតែ​តួ​ក​គី​បាន​ទិញ​ប្រព័ន្ធ​កាំជ្រួច​របស់​រុស្ស៊ី សហរដ្ឋ​អាម៉េរិក​មិនអាច​លក់​យន្តហោះ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះ​បានទេ​។​

​លោក​ត្រាំ​បាន​និយាយ​បែបនេះ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កក្កដា​ក្នុងអំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​សេត​វិមាន​៕ ដោយ៖ កញ្ញាដាលីស

តួ​ក​គី​បាន​បញ្ជា​ទិញ​យន្តហោះ F-35 ជាង ១០០ គ្រឿង តែ​អាម៉េរិក​មិនអាច​លក់​ឱ្យ​បានទេ ព្រោះ​តួ​ក​គី​ទិញ​ខែល​ការពារ​អាកាស​របស់​រុស្ស៊ី