ត្រាំ​និយាយថា ការដំឡើង​ពន្ធ​របស់​ឥណ្ឌា​លើ​ទំនិញ​អាម៉េរិក​មិន​អាច​ទទួលយក​បាន​និង​ទាមទារ​អោយ​ដកចេញ​វិញ​

397
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​បាន​ស្នើសុំ​ឥណ្ឌា​ដក​ការយកពន្ធ​សងសឹក​ដែល​ត្រូវ​ចាប់​អនុវត្ត​នៅ​ខែ​នេះ ដោយ​លោក​ហៅ​ការយកពន្ធ​​នេះ​ថា​«​មិន​អាច​ទទួលយកបាន​»​។​

​ឥណ្ឌា​បាន​វាយ​ពន្ធ​ខ្ពស់​ឡើងលើ​ទំនិញ​នាំចូល​ពី​អាម៉េរិក​២៨​មុខ ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ខែ​នេះ​ដែរ​បាន​ដកសិទ្ធិ​អនុគ្រោះ​ពន្ធ​ពិសេស​ពី​ឥណ្ឌា​។​

​ត្រាំ​ដែល​ត្រូវ​រំពឹងថា​នឹង​ជួប​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅក្រៅ​ជំនួប​កំពូល​G20​នៅ​ជប៉ុន​នា​ចុង​សប្តាហ៍​នេះ បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា​«​ខ្ញុំ​ទន្ទឹងរង់ចាំ​ពិភាក្សា​ជា​​មួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ម៉ូ​ឌី អំពី​ការ​ពិត​ដែល​ឥណ្ឌា​បាន​យក​ពន្ធ​ខ្ពស់​លើ​ទំនិញ​អាម៉េរិក​អស់​ពេល​រាប់​ឆ្នាំ​ហើយ​ចុងក្រោយ​នេះ​បាន​ដំឡើង​ថែម​ទៀត​។​នេះ​ជា​ការ​មិន​​អាច​ទទួលយកបាន ដូច្នេះ​ពន្ធ​ថ្មី​នេះ​ត្រូវតែ​ដក​ចេញ​»​។​

​ប្រតិកម្ម​របស់​ត្រាំ​នេះ​អាច​បន្ថែម​ជម្លោះ​ពាណិជ្ជកម្ម​មួយ​អោយ​កាន់តែ​អាក្រក់​ឡើង ដែល​បាន​នាំ​ដល់​ការ​វាយ​ពន្ធ​សងសឹក​គ្នា​រវាង​ឥណ្ឌា​និង​អាម៉េរិក​និង​បង្ក​អារម្មណ៍​មិន​ស្រណុក​​ស្រួល​ក្នុង​សម្ពន្ធភាព​សន្តិសុខ​របស់គេ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ដែល​បាន​ស្ថិត​នៅ​ក្រុង​ញូវដេល្លី កាលពី​ថ្ងៃ​ពុធ បាន​ស្វះស្វែង​បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ដោយ​បាន​សន្យា​ធ្វើ​​អោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង តែ​មិន​បាន​ផ្តល់​ចំណុច​ជាក់លាក់​អំពី​ថា​តើ​ធ្វើយ៉ាងណា​ទើប​អាច​ជម្នះ​ជម្លោះ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។​

​ចំណាត់ការ​យកពន្ធ​បន្ថែម​លើ​ទំនិញ​អាម៉េរិក​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អាម៉េរិក​បាន​ដកចេញ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP)​ដែល​ក្រោម​ប្រព័ន្ធ​នេះ ឥណ្ឌា​កន្លងមក​​ត្រូវបាន​អនុញ្ញាត​អោយ​នាំ​ទំនិញ​ចូល​អាម៉េរិក​តំលៃ​៥,៦​ពាន់​លាន​ដុល្លារ​ដោយ​មិន​គិត​ពន្ធ​៕​ដោយ​៖​វាសនា​