ត្រាំ​និយាយថា ការ​រងទុក្ខវេទនារ​បស់​កូរ៉េខាងជើង មិន​តំរូវ​អោយ​បន្ថែម​ទណ្ឌកម្ម​ទេ​

217
ចែករម្លែក
  • 18
    Shares

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា លោក​នឹង​ឈប់​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​ដោយ​ថា ប្រទេស​នេះ​រង​ទុក្ខ​​វេទនា​គ្រប់គ្រាន់​ហើយ​។​

​លោក​ក៏​បាន​និយាយថា លោក​អោយ​តំលៃ​លើ​ទំនាក់ទំនង​របស់​លោក​ជាមួយ​មេដឹកនាំ​ផ្តាច់ការ គីម ជុង​អ៊ុន​។​

​កាល​ពី​មួយ​សប្តាហ៍​មុន លោក​ត្រាំ​ក៏​បាន​អោយដឹងថា​លោក​បាន​ដកចេញ​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ដែល​ក្រសួង​រតនាគារ​អាមេរិក​បានដាក់​។​

​ការបង្ហាញ​ជំហរ​ល្អ​ជាមួយ​កូរ៉េ​ខាងជើង​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ខែ​មីនា ថា លោក​ដូណាល់​ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន នឹង​ជួប​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​១០​ខែ​មេសា​។​

​មន្ត្រី​ម្នាក់​មក​ពី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House បាន​និយាយប្រាប់​សារព័ត៌មាន​បារាំង​ថា លោក មូន ជែ​អ៊ីន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ចំនួន​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០​ខែ​មេសា​។​

​លោក យូ​ន ដូ​ហាន មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សារព័ត៌មាន​នៃ​វិមាន​ប្រធានាធិបតី​នេះ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ” មេដឹកនាំ​ទាំង​២ នឹង​ធ្វើ​ជំនួប​ពិភាក្សា​ស៊ីជម្រៅ​…​ដើម្បី​ស្វែង​​រក​ជំហរ​រួម​របស់​ពួកគេ​ដើម្បី​សន្តិភាព​នៅ​ឧបទ្ធីប​កូរ៉េ តាមរយៈ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​មេដឹកនាំ​ទាំង​២ ត្រូវ​បាន​រំពឹង​ផងដែរ​ថា​នឹង​ពិភាក្សា​អំពី​ការចរចា​ដែល​ជាប់គាំង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង បន្ទាប់​ពី​ជំនួប​កំពូល​លើក​ទី​២​រវាង​លោក ដូ​ណា​ល់ ត្រាំ​​និង លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​ទទួល​បរាជ័យ​កាលពី​ចុងខែ​កុម្ភៈ​៕​ដោយ​៖​សុខា​/​វាសនា​

ត្រាំ និង​គីម ជុង​អ៊ុន​ក្នុងជំនួប​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​មុន​