ត្រាំ​និយាយថា កិច្ចប្រជុំ​កំពូល​ជាមួយ​គីម ជុង​អ៊ុន អាច​នឹង​ពន្យារពេល​

851
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី​២២​ឧសភា​ថា ជំនួប​កំពូល​របស់លោក​ជាមួយ​លោក​គីម ជុង​អ៊ុន អាច​នឹងត្រូវ​ពន្យារពេល ប៉ុន្តែ​លោក​បាន​ទទូចថា មេដឹកនាំ​កូរ៉េខាងជើង “​ពិតជា​ចង់​” លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​មែន​។​

​ដោយ​ទទួលភ្ញៀវ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចែ​អ៊ី​ន នៅឯ​សេត​វិមាន លោក​ត្រាំ​ពុំ​សូវ​ជា​រំពឹងទុក​អំពី​កិច្ចប្រជុំ​កំពូល​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​នោះទេ​។​

​លោក​ត្រាំ​និយាយ​អំពី​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​ថា “​វា​ប្រហែលជា​មិន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ មិថុនា​ទេ​។ ប្រសិនបើ​វា​មិនកើត​ឡើង​ទេ ប្រហែលជា​វា​នឹង​កើតឡើង​នៅពេល​ក្រោយ​ទៀត​”​។​

​លោក​ត្រាំ​និយាយថា “​មាន​លក្ខខណ្ឌ​ខ្លះ​យើង​ចង់ឱ្យ​កើតមានឡើង​។ ខ្ញុំ​គិតថា យើង​នឹង​ទទួលបាន​លក្ខខណ្ឌ​ទាំងនោះ​។ ហើយ​ប្រសិនបើ​យើង​មិន​ទទួល​បានទេ យើង​នឹង​មិនមាន​កិច្ចប្រជុំ​នោះទេ​”​។​

​ក្នុងន័យ​នយោបាយ លោក​ត្រាំ​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​ជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ ដូច្នេះ​មន្ត្រី​អាមេរិក​ភាគច្រើន​ក៏ដូចជា​អ្នកសង្កេតការណ៍​នៅ​ខាងក្រៅ រំពឹង​ទុកជា​លក្ខណៈ​ឯកជន​ថា កិច្ចប្រជុំ​នេះ​នឹង​ដំណើរការ​ទៅមុខ​។​

​ប៉ុន្តែ​ខណៈដែល​កាលបរិច្ឆេទ​ប្រជុំ​ជិត​មកដល់​នោះ គំនិត​ខុសគ្នា​រវាង​លោក​ត្រាំ​និង​ជំនួយការ​កំពូល ការខ្វែងគំនិត​គ្នា​រវាង​ភាគី​ប្រទេស​ទាំង​២ និង​លទ្ធភាព​ទទួល​បរាជ័យ​ខ្ពស់​ពី​កិច្ចប្រជុំ កាន់តែ​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​។​

​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​អាច​នាំទៅរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​និង​បញ្ចប់​ការគំរាមកំហែង​អំពី​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​។ បើ​បរាជ័យ​វិញ​គឺអាច​បំផ្លាញ​ក្តីសង្ឃឹម​នៃ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​នេះ​។​

​លោក​ត្រាំ​និយាយថា “​អ្នក​មិនដែល​ដឹង​អំពី​កិច្ចព្រមព្រៀង​ទេ​។ ខ្ញុំ​បានធ្វើ​កិច្ចព្រមព្រៀង​ជាច្រើន​។ អ្នក​មិន​បានដឹង​ច្បាស់​ទេ​”​។​

​បំណងប្រាថ្នា​របស់​កូរ៉េខាងជើង​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ដែលជា​មូលដ្ឋាន​សម្រាប់​កិច្ចចរចា​នាពេល​ថ្មីៗ​នេះ បាន​ធ្លាក់​ចូលក្នុង​មន្ទិលសង្ស័យ នៅពេល​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ថ្កោលទោស​ការទាមទារ​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ “​ការបោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​”​។​

​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏បាន​លុបចោល​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង​នៅ​នាទីចុងក្រោយ​ដែរ​ដើម្បី​តវ៉ា​ជុំវិញ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​។​

​ថ្វីបើ​កូរ៉េខាងជើង​ធ្វើ​ចំណាត់ការ​បែបនេះ​ក៏ដោយ ក៏​លោក​ត្រាំ​និយាយថា លោក​ជឿជាក់ថា​លោក​គីម​មាន​ឆន្ទៈ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះ​និយាយថា “​ខ្ញុំ​គិតថា​គាត់​ពិតជា​ចង់​លុបបំបាត់​មែន​។ ខ្ញុំ​គិតថា គាត់​ពិតជា​ចង់​លុបបំបាត់​វា​មែន​”​។​

​លោក​ត្រាំ​បាន​លើកឡើងថា មេដឹកនាំ​កូរ៉េខាងជើង​ច្បាស់​ជា​ទទួលបាន​ការណែនាំ​ពី​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​លោក​ត្រាំ​និយាយថា “​មាន​ភាពខុសគ្នា នៅពេលដែល​លោក​គីម ជុង​អ៊ុន ចាក​ចេញពី​ប្រទេស​ចិន​ជា​លើក​ទី​២​។ មាន​ឥរិយាបថ​ផ្សេងគ្នា​បន្ទាប់ពី​កិច្ចប្រជុំ​នោះ ហើយ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​បន្តិច​ដែរ​។ ហើយ​ខ្ញុំ​គិតថា អ្វីៗ​បាន​ផ្លាស់ប្តូរ​បន្ទាប់ពី​កិច្ចប្រជុំ​នោះ ដូច្នេះ​ខ្ញុំ​មិនអាច​និយាយបានថា ខ្ញុំ​សប្បាយចិត្ត​អំពី​វា​នោះទេ​”​។​

​ហើយ​លោក​ត្រាំ​ជាថ្មី​ម្តងទៀត​បានលើកឡើង​អំពី​ការរំពឹងទុក​នៃ​ការទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​លោក​គីម ប្រសិនបើ​គាត់​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។ លោក​ត្រាំ​និយាយថា មេដឹកនាំ​កូរ៉េខាងជើង “​នឹង​សប្បាយ​ចិត្តខ្លាំង​” ប្រសិនបើ​កិច្ចព្រមព្រៀង​ដំណើរការ​។ “​គាត់​នឹង​សប្បាយចិត្ត​ខ្លាំង​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន ជួបប្រជុំ​ជាមួយ​លោក​ត្រាំ នៅ​សេត​វិមាន កាលពី​ថ្ងៃ​អង្គារ
#