ត្រាំ​និយាយថា គាត់​នឹង​តតាំង​ជាមួយ​ចិន “​យ៉ាងខ្លាំង​ក្លា​” លើ​ពាណិជ្ជកម្ម​

753
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​នឹង​តតាំង “​យ៉ាងខ្លាំង​ក្លា​” ជាមួយ​ចិន​លើ​ពាណិជ្ជកម្ម​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ខណៈដែល​រដ្ឋបាល​រប​ស់លោក​គ្រោង​នឹង​ប្រកាស​បញ្ជី​ចុងក្រោយ​អំពី​គោលដៅ​ពន្ធគយ​ដែល​នឹងត្រូវ​អនុវត្ត​នាពេល​ឆាប់ៗ​នេះ​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bret Baier របស់​ទូរទស្សន៍ Fox News ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មិថុនា​ថា “​ចិន​អាច​នឹង​មានការ​អាក់អន់​ចិត្ត​តិចតួច​អំពី​ពាណិជ្ជកម្ម ដោយសារតែ​យើង​កំពុង​រឹតត្បិត​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម​”​។ បទសម្ភាសន៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅលើ​យន្តហោះ Air Force One បន្ទាប់ពី​លោក​ត្រាំ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ប្រទេស​សិង្ហ​បុរី​។​

​ការលើកឡើង​របស់​ត្រាំ​នឹង​បង្កើន​ការរំពឹងទុក​ថា​ចិន​នឹង​សងសឹក​វិញ​ជាមួយ​ពន្ធ​របស់ខ្លួន ប្រសិនបើ​សហរដ្ឋអាមេរិក​បន្ត​ផែនការ​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​រំលឹក​ឡើងវិញ​នៅក្នុង​សន្និសីទ​កំពូល​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាព​រីកចម្រើន​មុនៗ​នៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នឹងត្រូវ​បាត់បង់ ប្រសិនបើ​សហរដ្ឋអាមេរិក​ណែនាំ​ពន្ធគយ​ថ្មី​។​

​លោក​ត្រាំ​បាន​កោះប្រជុំ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុមការងារ​ពាណិជ្ជ​កម្ម​របស់លោក​អំពី​ថា​តើ​ត្រូវ​ជំរុញ​ទៅមុខ​ជាមួយនឹង​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ឬ​យ៉ាងណា​។ នេះ​បើ​យោងតាម​មនុស្ស​២​នាក់​ដែល​បានដឹង​ពី​ផែនការ​នេះ​។​

​លោក​ត្រាំ​បាន​និយាយថា “​អ្នកនឹង​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត​នេះ​។ ពួកគេ​យល់​ពីអ្វី​ដែល​យើង​កំពុង​ធ្វើ​” មុនពេល​កោតសរសើរ​ទំនាក់ទំនង​ល្អ​ផ្ទាល់ខ្លួន​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​សេត​វិមាន​បាន​និយាយថា ខ្លួន​កំពុង​ធ្វើ​ផែនការ​ដើម្បី​វាយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ចំនួន ៥០ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ការជជែក​ពិភាក្សា​កម្រិត​ខ្ពស់​ជាច្រើន​សប្តាហ៍​រវាង​អាមេរិក​និង​ចិន​មាន​ភាពជឿនលឿន​តិចតួច​៕ ដោយ ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ
#