ត្រាំ​និយាយថា គាត់​នឹង “​ខកចិត្ត​ខ្លាំង​” ប្រសិនបើ​កូរ៉េខាងជើង​ពិតជា​សាងសង់​ឡើងវិញ​នូវ​កន្លែង​បាញ់​សាកល្បង​មី​ស៊ី​ល

318
ចែករម្លែក
  • 76
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​មីនា​ថា លោក​នឹង “​ខកចិត្ត​ខ្លាំង​” ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ប្រសិនបើ​របាយការណ៍​ថា​ការងារ​កំពុងដំណើរកា​រ​ដើម្បី​កសាង​ឡើងវិញ​នូវ​ទីតាំង​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ត្រូវបាន​បញ្ជាក់​។​

​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន លោក​ត្រាំ​បាន​និយាយថា “​វា​ឆាប់​ពេក​ក្នុងការ​ពិនិត្យមើល​” ថា​តើ​ព័ត៌មាន​អំពី​ការងារ​នៅ​ទីតាំង​របស់​កូរ៉េខាងជើង​គឺជា​ពិត​ឬ​អត់​នោះ​។​

​ដោយ​ព្រមាន​ថា​គាត់​អាច​នឹង​ខកចិត្ត គាត់​បាន​និយាយថា “​ខ្ញុំ​មិន​គិតថា​ខ្ញុំ​នឹង​ខកចិត្ត​នោះទេ ប៉ុន្តែ​យើង​នឹង​ឃើញថា​មាន​អ្វី​កើតឡើង​”​។​

​លោក​ត្រាំ​និង​លោក​គីម​បាន​ជួបគ្នា​កាលពី​សប្តាហ៍​មុន​នៅ​វៀតណាម​ដើម្បី​ចរចា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​បាន​បរាជ័យ​នៅ​ដំណាក់កាល​ដំបូង​ដោយ​គ្មាន​វឌ្ឍនភាព​។​

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា​ការកសាង​ឡើងវិញ​នូវ​ទីតាំង​ដែល​ចោទ​ជា​សំណួរ​នេះ បានចាប់ផ្តើម​តាំងពី​កិច្ចប្រជុំ​កំពូល និង​ប្រហែលជា​បានចាប់ផ្តើម​មុន​កិច្ចប្រជុំ​កំពូល​នៅ​វៀតណាម​ផង​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា “​ទីតាំង​នេះ​មិនមាន​សកម្មភាព​ចាប់តាំងពី​ខែសីហា​ឆ្នាំ ២០១៨ ដោយ​ចង្អុល​បង្ហាញថា សកម្មភាព​បច្ចុប្បន្ន​គឺមាន​ចេតនា​និង​មាន​គោលបំណង​”​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា សកម្មភាព​នេះ​អាចមាន​បំណង “​បង្ហាញ​ការតាំង​ចិត្ត​នៅ​ចំពោះមុខ​ការបដិសេធរ​បស់​សហរដ្ឋអាមេរិក​” ចំពោះ​សំណើ​របស់​កូរ៉េខាងជើង​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដើម្បី​ជា​ថ្នូរ​នឹង​ការរុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​មួយចំនួន​។​

​លោក​គីម​បាន​ព្រមព្រៀង​បិទ​កន្លែង​សាកល្បង​មី​ស៊ី​ល​នៅ​សូ​ហេ (Sohae) នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដែលជា​ផ្នែក​មួយ​នៃ​វិធាន​ការកសាង​ទំនុកចិត្ត ហើយ​រូបភាព​ផ្កាយរណប​នៅ​ខែសីហា​បានបង្ហាញ កម្មករ​បាន​រុះរើ​អស់ហើយ​នូវ​ម៉ាស៊ីន​សាកល្បង​មី​ស៊ី​ល​នៅ​ទីតាំង​នេះ​។​

​ប៉ុន្តែ CSIS បាន​និយាយថា សកម្មភាព​សាងសង់​ឥឡូវនេះ​គឺមាន​ភាពជាក់ស្តែង​នៅ​ស្ថានីយ​បង្ហោះ​ផ្កាយរណប​សូ​ហេ ចេញពី​កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​បង្ហោះ​ផ្កាយរណប​កាលពី​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៦​។​

​ក្រោយមក​កូរ៉េខាងជើង​ត្រូវបាន​ហាមឃាត់​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពី​ការអនុវត្ត​ការបាញ់​បង្ហោះ​នៅ​ទី​អវកាស ព្រោះថា​បច្ចេកវិជ្ជា​ខ្លះ​របស់​កូរ៉េខាងជើង​គឺ​ស្រដៀង​នឹង​មី​ស៊ី​ល​ឆ្លង​ទ្វីប​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និយាយថា​គាត់​នឹង​ខកចិត្ត​ខ្លាំង ប្រសិនបើ​កូរ៉េខាងជើង​កសាងឡើង​វិញ​នូវ​ទីតាំង​បាញ់​សាកល្បង​មី​ស៊ី​ល