ត្រាំ​និយាយថា គាត់​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ដោះស្រាយ​ជម្លោះ​កូរ៉េ​ឱ្យខាងតែបាន​

1334
ចែករម្លែក
  • 46
    Shares

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​អះអាង​ពី​គុណសម្បត្តិ​របស់គាត់​ដែល​នាំឱ្យមាន​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ឥឡូវនេះ​ប្រឈម​នឹង​បន្ទុក​ដ៏​លំបាក​ក្នុង​ការជួយ​បង្វែរ​ទស្សនវិស័យ​ដ៏​ក្លៀវក្លា​តែ​មិន​ច្បាស់លាស់​អំពី​សន្តិភាព​ឱ្យក្លាយ​ទៅជា​ការពិត បន្ទាប់ពី​មាន​អរិភាព​នឹង​គ្នា​ជាង ៦ ទសវត្សរ៍​។​

​លោក​ត្រាំ​ត្រូវ​ប្រឈមមុខ​នឹង​ការសង្ស័យ​ចំនួន​២ គឺ ទី​១​អំពី​ភាព​ស័ក្តិសម​របស់គាត់​ដើម្បី​រៀបចំ​កិច្ចចរចា​ប្រភេទ​សង្គ្រាម​និង​សន្តិភាព​បែបនេះ និង​ទទួលបាន​ជោគជ័យ​នៅ​កន្លែង​ដែល​អ្នក​កាន់តំណែង​មុនៗ​របស់គាត់​បរាជ័យ​។ ទី​២ មិន​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ពិត​ជាមាន​ឆន្ទៈ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ឬ​យ៉ាងណា​នោះទេ គឺ​ប្រទេស​របស់គាត់​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​មកហើយ​ដើម្បី​ផលិត​វា​។​

​លោក វី​កទ័រ ចា ដែល​រហូតមកទល់​ខែមករា​បាន​ឈរឈ្មោះ​ប្រជែង​ដើម្បី​ក្លាយជា​ជម្រើស​អគ្គរដ្ឋទូត​រប​ស់​ត្រាំ​ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​និយាយថា “​គេ​នៅតែ​មិន​ច្បាស់​ថា​តើ​កូរ៉េខាងជើង​នៅតែ​ជឿជាក់ថា​ខ្លួន​អាច​ទទួលបាន​នំ​ហើយ​បរិភោគ​វា​បានដែរ​ឬ​អត់​ទេ​”​។ លោក​ចា​បាន​និយាយថា ខណៈដែល​បរិយាកាស​នៃ​កិច្ចប្រជុំ​អន្តរ​កូរ៉េ​បានទទួល​និទ្ទេស “A” កិច្ចប្រជុំ​នេះ​មិនបាន​បញ្ជាក់ថា​តើ​លោក​គីម​មាន​ឆន្ទៈ​បោះបង់ចោល​នុយក្លេអ៊ែរ​របស់គាត់​ឬ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការផ្អាក​កម្មវិធីរ​បស់​គាត់​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​និង​ការផ្តល់​ជំនួយ​សេដ្ឋកិច្ច​និង​ជំនួយ​ថាមពល​ឬ​យ៉ាងណាទេ​។​

​នៅឯ​សន្និសីទ​ព័ត៌មាន​នៅ​សេត​វិមាន​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល កាលពី​ថ្ងៃ​សុក្រ ទី​២៧ មេសា លោក​ត្រាំ​បាន​សាទរ​ជំនួប​សន្ទនា​ដ៏​ល្អ​រវាង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចែ​អ៊ី​ន និង​និយាយថា លោក​មានការ​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​សន្តិភាព​និង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​ត្រាំ​និយាយថា “​ហើយ​ប្រសិនបើ​ខ្ញុំ​មិនអាច​ធ្វើ​វា​បានទេ នោះ​វា​នឹង​ក្លាយជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​ប្រទេស​ជាច្រើន​និង​មនុស្ស​ជាច្រើន​។ ពិតណាស់ វា​ជា​អ្វីដែល​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ធ្វើបាន​សម្រាប់​ពិភពលោក​”​។​

​ខណៈដែល​លោក​មូ​ន​និង​លោក​គីម​បាន​សន្យា​ស្វះស្វែង​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ​នៅ​ដំណាច់​ឆ្នាំនេះ​និង​ដើម្បី​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​ពី​ឧបទ្វីប​កូរ៉េ ពួកគេ​មិនបាន​បញ្ជាក់​ពី​របៀប​ដើម្បី​សម្រេច​ឱ្យបាន​ការសន្យា​ទាំង​នោះទេ​។ ហើយ​ឥឡូវនេះ​សម្ពាធ​ដើម្បី​ផ្តល់នូវ​លទ្ធផល គឺ​ត្រូវ​ធ្លាក់​មកលើ​លោក​ត្រាំ​៕ ដោយ៖​ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្លែង​នៅ​សេត​វិមាន​ក្បែរ​លោកស្រី មឺ​គែល អធិការបតី​អាល្លឺម៉ង់