ត្រាំ​និយាយថា ជំនួប​កំពូល​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដោយសារ​កូរ៉េខាងជើង​ទាមទារ​អោយ​ដក​ទណ្ឌកម្ម​

747
ចែករម្លែក
  • 960
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បត៍​បាន​និយាយថា លោក​បាន​មាន​«​ពេល​ដ៏​ស្ថាបនា​»​មួយ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងអំឡុង​​កិច្ច​ពិភាក្សា​របស់​លោក​នៅ​ក្រុង​ហាណូយ​ស្តី​ពី​ការរំសាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តែ​វា​មិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ណាមួយ​ដោយសារ​តែ​កូរ៉េ​ខាងជើង​​ទាមទារ​អោយ​ដក​ទណ្ឌកម្ម​លើ​ខ្លួន​។​

​កិច្ចពិភាក្សា​ថ្ងៃទី​២​ជាមួយ​គីម​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅក្នុង​រដ្ឋធានី​វៀតណាម​បាន​បញ្ចប់​ដោយ​កំបុត​ឆ្កុយ​កាលពី​រសៀល​ថ្ងៃ​២៨​កុម្ភៈ ដោយ​កាត់បន្ថយ​​ពី​គំរោង​ដើម​២​ម៉ោង ។​

​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សណ្ឋាគារ JW Marriott ថា​«​យើង​មាន​កិច្ចពិភាក្សា​បែប​ស្ថាបនា​អស់​២​ថ្ងៃ តែ​ពេល​ខ្លះ​អ្នក​ត្រូវ​ដើរចេញ ហើយ​នេះ​ជា​ពេល​មួយ​ក្នុងចំណោម​​ពេល​ទាំងនេះ​។​វា​អំពី​ទណ្ឌកម្ម​។​ជា​មូលដ្ឋាន ពួក​គេ​ចង់អោយ​ដក​ទណ្ឌកម្ម តែ​យើង​មិន​អាច​ធ្វើ​។​ពួក​គេ​ចង់​រំសាយ​ចោល​នុយក្លេអ៊ែរ​ផ្នែក​ធំៗ តែ​យើង​មិន​បោះបង់​ចោល​ទណ្ឌកម្ម​​ជា​ថ្នូរ​ឡើយ​»​។​

​លោក​បាន​បញ្ជាក់ថា លោក​គីម បាន​សុំ​កំទេច​ចោក​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​យ៉ុង​ព្យុន តែ​វា​«​មិន​សមល្ម​ទេ​»​។​ភាគី​អាមេរិក​បាន​ប្រាប់​កូរ៉េខាងជើង​ថា​គេ​បាន​រកឃើញ​​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​បន្ថែម​ដទៃទៀត ជា​អ្វីមួយ​ដែល​ភាគី​លោក​គីម​បង្ហាញ​ការភ្ញាក់ផ្អើល​ពេល​ឮ​សម្តី​នេះ​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយថា សំណើ​ពី​កូរ៉េខាងជើង​វា​មិន​គ្រប់គ្រាន់​ទេ ខណៈ​កូរ៉េខាងជើង​នៅ​នៅ​មាន​កាំជ្រួច​និង​ក្បាល​គ្រាប់ ទោះជា​​កំទេច​ចោល​ទីតាំង​យ៉ុង​ព្យុន​ហើយ​ក៏​ដោយ​។​

​ផ​ម​ផេវ ក៏​បាន​និយាយថា ភាគី​អាមេរិក​បាន​ស្នើសុំ​គីម​ធ្វើ​ច្រើនឡើង តែ​មិន​បាន​បញ្ជាក់ថា​តើ​អាមេរិក​ទាមទារ​អ្វី និង​ថា​លោក​គីម​«​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​រឿង​នោះ​។​យើង​​គ្រាន់តែ​មាន​អារម្មណ៍​ថា​វា​មិន​សមស្រប​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ​នៅថ្ងៃនេះ​»​។​

​ទោះជា​យ៉ាងណា លោក​ថា​ភាគី​ទាំង​ពីរ​នឹង​បន្ត​ធ្វើការ​លើ​អ្វី​ដែល​បាន​ពិភាក្សា​ក្នុងជំនួប​ក្រុង​ហាណូយ​។​

​ចំណែក​ត្រាំ​បាន​បន្ថែមថា ទោះ​ជា​កិច្ចប្រជុំ​បានបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង តែ​វា​បាន​បញ្ចប់​ដោយ​មេត្រីភាព​ហើយ​មាន​«​ទំនាក់ទំនង​កក់ក្តៅ​។​ពេល​យើង​ដើរចេញ​ទៅ វា​​ជា​ដំណើរ​ដោយ​ការ​រាក់ទាក់​ណាស់​»៕​ដោយ​៖​វាសនា​