ត្រាំ​និយាយថា អ៊ីរ៉ង់​ប្រព្រឹត្ត “​កំហុស​ធំ​ណាស់​” ដោយ​ការបាញ់​ទម្លាក់​ដ្រូ​ន​អាម៉េរិក​

608
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា​ថា “​អ៊ីរ៉ង់​បាន​ប្រព្រឹត្ត​កំហុស​ធំ​ណាស់​” ដោយ​ការបាញ់​ទម្លាក់​ដ្រូ​ន​ស៊ើបការណ៍​អាម៉េរិក​មួយគ្រឿង​នៅលើ​ច្រក​សមុទ្រ​ហ័​រ​មូស ​ប៉ុន្តែ​បានលើកឡើង​ថា​ វា​ជា​កំហុសឆ្គង​មិនបាន​គិត​ជាជាង​ចេតនា​បង្កើន​ភាព​តានតឹង​ដែលនាំឱ្យ​មានការ​បារម្ភ​អំពី​ជម្លោះ​យោធា​ដោយ​បើកចំហ​។​

​នៅពេល​សួរ​អំពី​ការឆ្លើយតប​របស់​សហ​រដ្ឋ​អាម៉េរិក លោក​ប្រធានាធិបតី​បាន​និយាយយ៉ាងច្បាស់​ថា “​អ្នកនឹង​បានដឹង​ឆាប់ៗ​នេះ​”​។​

​ការបាញ់​ទម្លាក់​ដ្រូ​ន​ដ៏​ធំ ដែល​អ៊ីរ៉ង់​បង្ហាញថា​ជាការ​ការពារ​ទឹកដី​របស់ខ្លួន​ដោយ​ចេតនា​ច ជាជាង​កំហុសឆ្គង គឺជា​ការ​រំលឹក​យ៉ាងច្បាស់​លាស់​អំពី​ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា​ខាង​យោធា​រវាង​កងកម្លាំង​អាម៉េរិក​និង​អ៊ីរ៉ង់ ខណៈ​រដ្ឋបាល​ត្រាំ​រួមបញ្ចូល​គ្នា​នូវ​យុទ្ធនាការ “​សម្ពាធ​អតិបរមា​” នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​អ៊ីរ៉ង់​ជាមួយនឹង​ការបង្កើន​កងកម្លាំង​អាម៉េរិក​នៅក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ៊ីរ៉ង់​បាន​ហៅ​ការដាក់ទណ្ឌកម្ម​ថា “​ភេរវកម្ម​សេដ្ឋកិច្ច​” បាន​ទទូចថា​ ដ្រូ​ន​អាម៉េរិក​បាន​លុកលុយ​ដែនអាកាស​របស់ខ្លួន ហើយ​បាន​និយាយថា​ខ្លួន​កំពុង​យក​ករណីនេះ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បញ្ជាក់ថា​សហរដ្ឋ​អាម៉េរិក​កំពុងនិយាយ​កុហក​អំពី​ដ្រូ​ន​ហោះ​រំលង​ដែនទឹក​អន្ដរជាតិ​។ អ៊ីរ៉ង់​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​ប្រព្រឹត្ត “​ទង្វើ​ដែលមាន​គ្រោះថ្នាក់​និង​បង្កហេតុ​ខ្លាំង​”​។​

​ដ្រូ​ន ដែលមាន​ស្លាប​វែង​ជាង​ស្លាប​របស់​យន្តហោះ Boeing 737 បាន​ចូលក្នុង​ដែនអាកាស​អ៊ីរ៉ង់​ បើទោះបីជា​មានការ​ព្រមាន​តាម​វិទ្យុ​ម្តង​ហើយ​ម្តងទៀត និង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​អ៊ីរ៉ង់ ដែល​ធ្វើ​សកម្មភាព​ក្រោម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ដែល​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​ការពារ​ខ្លួន ប្រសិនបើ​មានការ​វាយប្រហារ​ប្រដាប់អាវុធ​កើតឡើង​។ នេះ​បើតាម​សម្តី​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​អ​.​ស​.​ប លោក​ម៉ា​ជី​ដ តាក់ រ៉ា​វ៉ាន់​ជី (Majid Takht Ravanchi) និយាយ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​អគ្គលេខាធិការ​អ​.​ស​.​ប​។​

​លោក​ត្រាំ ដែល​និយាយថា​លោក​ចង់​បញ្ចៀស​សង្គ្រាម​និង​ចរចា​ជាមួយ​អ៊ីរ៉ង់​អំពី​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ បាន​និយាយ​សម្រាល​អំពី​ភាព​សំខាន់​នៃ​ការបាញ់​ទម្លាក់​ដ្រូ​ន​នេះ​។​

​គាត់​បានចាត់ទុក​វា​ជា “​ស្នាម​ជ្រួញ​ថ្មី​…​រុយ​ថ្មី​នៅក្នុង​ក្រមួន​” ។ ក៏ប៉ុន្តែ​គាត់​ក៏បាន​និយាយ​ផងដែរ​ថា “​ប្រទេស​នេះ (​អ៊ីរ៉ង់​) នឹង​មិនអាច​ទ្រាំ​នឹង​វា​បានទេ​។ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ចឹ​ង​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ដូ​ណា​ល់ ត្រាំ អំឡុងពេល​ជួបប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទី​ន ទ្រូ​ដូ នៅ​ការិយាល័យ​ពងក្រពើ​កាលពី​ថ្ងៃទី​២០​មិថុនា