ត្រាំ​នឹងធ្វើ​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​ចិន នៅ​កិច្ចប្រជុំ​កំពូល G20 ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ចុង​សប្តាហ៍​នេះ​

397
ចែករម្លែក

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​វិច្ឆិកា​ថា ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ នឹងធ្វើ​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​មួយ​ជាមួយ​សម​ភាគី​ចិន​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នៅ​សប្តាហ៍​នេះ​ហើយក៏​នឹង​ស្ទង់​មើល​ស្ថានភាព​លំបាក​ខាង​ការទូត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី បន្ទាប់ពី​មាន​ភាពចលាចល​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នាពេល​ថ្មីៗ​នេះ​ផងដែរ​។​

​លោក​ត្រាំ​នឹង​ជួប​មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង​ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​សម្រាប់​អាហារ​ធ្វើការ​ពេល​ល្ងាច​នៅឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។​

​ទីប្រឹក្សា​សេដ្ឋកិច្ច​លោក ឡា​រី គូដ​ឡូ​វ (Larry Kudlow) បាន​ប្រាប់​សន្និសីទកាសែត​នៅ​សេត​វិមាន​ថា “​លោក​ប្រធានាធិបតី​បាន​និយាយថា មានលទ្ធភាព​ល្អ​ដែល​យើង​អាចធ្វើ​កិច្ចព្រមព្រៀង​មួយ ហើយ​គាត់​បើកទូលាយ​ចំពោះ​វា​”​។​

​ប៉ុន្តែ​លោក​គូដ​ឡូ​វ​បាន​ព្រមាន​ថា ប្រសិនបើ​ចិន​ប្រឆាំងនឹង​ការទាមទារ​របស់​សហ​រដ្ឋ​អាមេរិក នោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​។​

​លោក​បន្តថា “​ប្រសិនបើ​ចាំបាច់ ប្រសិនបើ​អ្វីៗ​មិន​ដំណើរការ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​ចិន​នេះ គាត់​នឹង​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​តម្លៃ ២៦៧ ពាន់​លាន​ដុល្លារ​ផ្សេងទៀត​”​។​

​បញ្ហា​នេះ​គឺជា​បញ្ហា​ធំជាងគេ​បំផុត​នៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន ជាមួយ​ប្រទេស​សេដ្ឋកិច្ច​យក្ស​ទាំង​២ កំពុង​វាយ​ពន្ធ​ពិន័យ​លើ​គ្នា​ទៅវិញទៅមក ហើយ​វ៉ាស៊ីនតោន​កំពុង​គំរាម​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​របស់​ចិន​នៅ​សេសសល់​ដទៃទៀត រួមបញ្ចូល​ទាំង​ផលិតផល Apple ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន​។​

​បើទោះបីជា​លោក​គូដ​ឡូ​វ​បាន​ទទូចថា​លោក​ត្រាំ​មើលឃើញ​បុព្វហេតុ​សុទិដ្ឋិនិយម​ក៏ដោយ ក៏ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់​ពី​លក្ខខណ្ឌ​លំបាក​ដែល​រដ្ឋបាល​ត្រាំ​ចង់​ដាក់​ទៅលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​។​

​លោក​គូដ​ឡូ​វ​និយាយថា “​ចិន​គួរតែ​ផ្លាស់ប្តូរ​ការអនុវត្តរ​បស់​ខ្លួន​ហើយ​ចូលទៅក្នុង​សហគមន៍​នៃ​ប្រទេស​ពាណិជ្ជកម្ម​ដែល​ចេះ​ទទួលខុសត្រូវ​” ដោយ​សង្កត់ធ្ងន់ថា លោក​គិតថា សេដ្ឋកិច្ច​អាមេរិក​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​ចិន​ដើម្បី​បន្តធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​យូរ​។​

​លោក​បាន​និយាយទៀតថា “​យើង​កំពុង​ស្ថិតនៅក្នុង​ជំហរ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​និង​រ៉ាប់រង​វា​បាន​យ៉ាង​ល្អ​”​។​

​លោក​បាន​និយាយថា ចិន​ត្រូវតែ​ផ្តល់នូវ “​ភាពយុត្តិធម៌​និង​ការធ្វើសម្បទាន​ទៅវិញទៅមក​” ដោយ​ព្រមាន​ថា​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក​អំពី​ការ​លួច​យក​កម្មសិទ្ធិបញ្ញា​និង​ការផ្ទេរ​យក​បច្ចេកវិជ្ជា​ដោយ​បង្ខំ​ពី​សំណាក់​ចិន ត្រូវតែ “​ដោះស្រាយ​ឱ្យបាន​”​។​

​ដោយឡែក សេត​វិមាន​និយាយថា លោក​ត្រាំ​ក៏មាន​គម្រោង​ជួបប្រជុំ​ដាច់ដោយឡែក​ជាមួយ​មេដឹកនាំ​រុស្ស៊ី អា​ហ្ស​ង់​ទីន អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​តួ​ក​គី​ផងដែរ ប៉ុន្តែ​ពុំមាន​ផែន​ការជួប​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ ដែលជា​មេដឹកនាំ​បច្ចុប្បន្ន​របស់​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​ស៊ី​នឹង​ជួបប្រជុំ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នៅ​អា​ហ្ស​ង់​ទីន​ចុង​សប្តាហ៍​នេះ