ត្រាំ​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ម្តងទៀត ហើយ​គាត់​អាច​នឹង​ឈ្នះ​ទៀត​

273
ចែករម្លែក

​មនុស្ស​ជាច្រើន​គិតថា​លោក​ដូ​ណា​ល់ ត្រាំ​នឹង​លែង​ចង់​នៅ​សេត​វិមាន​ទៀតហើយ​ឥឡូវនេះ​។ ប៉ុន្តែ​នៅ​ទីនោះ គាត់​បានប្រកាស​ពី​ការសម្រេចចិត្ត​របស់គាត់​ដើម្បី​ឈ្នះ​អាណត្តិ​ទី​២​ជា​ប្រធានាធិបតី​អាម៉េរិក​។​

​នៅពេលដែល​គាត់​ឡើងកាន់តំណែង​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៦ មនុស្ស​ដែលមាន​ក្តីសង្ឃឹម គិតថា បញ្ហា​គឺ​នៅលើ​ពេលវេលា​ប៉ុណ្ណោះ​រហូតដល់​គាត់​លាឈប់ ពីព្រោះ​ការធ្វើជា​ប្រធានាធិបតី​គឺ​ពិបាក​ជាង​អ្វីដែល​គាត់​បានធ្វើ​នៅក្នុង​ជីវិត​ហ៊ី​ហា​របស់គាត់ ហើយ​គាត់​ច្បាស់​ណាស់​សុខចិត្ត​ដេក​ផ្ទះ​មើល​ប៉ុស្តិ៍ Fox News ជេរ​ពួក​តារា​ល្បីៗ​នៅលើ Twitter និង ចំណាយពេល​នៅ​ថ្ងៃ​ទំនេរ​របស់គាត់​វាយ​កូន​ហ្គោល​បញ្ចូល​រន្ធ​ក្នុង​ដី​ល្អ​ជាង​។​

លោក​ត្រាំ​អាច​នឹង​ឈ្នះឆ្នោត​នៅ​អាណត្តិ​ក្រោយនេះ​ទៀត

​នៅពេល​គាត់​មិន​បោះបង់ចោល​តំណែង មនុស្ស​ដែលមាន​ក្តីសង្ឃឹម គិតថា គាត់​នឹង​ត្រូវគេ​ចោទប្រកាន់​ដកចេញ​ពី​តំណែង​។ ប៉ុន្តែ​ត្រាំ​មិន​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​និង​បទល្មើស​កម្រិត​ខ្ពស់​ណាមួយ​នោះទេ ទោះបីជា​គាត់​បាន​ព្យាយាម​រារាំង​ការស៊ើបអង្កេត​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់​ឬ​បាន​លើកទឹកចិត្ត​ដល់​រុស្ស៊ី​ក្នុងការ​ហ៊ែ​ក​ចូល Server របស់​គូប្រជែង​របស់គាត់​ក៏ដោយ​។ ការចោទប្រកាន់ ដែល​ខុសពី​ការដកតំណែង គឺជា​ការងារ​របស់​ព្រឹទ្ធសភា ដែល​គេ​ដឹង​ហើយ​ថា​ព្រឹទ្ធសភា​នឹងមិន​ធ្វើ​រឿងនេះ​ទេ ព្រោះ​ព្រឹទ្ធសភា​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួក​សាធារណរដ្ឋ ដែល​គ្មាន​ចំណាប់អារម្មណ៍​ក្នុងការ​វាយប្រហារ​ទៅលើ​មេដឹកនាំ​នៃ​គណបក្ស​របស់​ពួកគេ​ទេ​។​

​នៅពេល​គាត់​មិនត្រូវ​បាន​គេ​ដក​ចេញពី​តំណែង មនុស្ស​ដែលមាន​ក្តីសង្ឃឹម គិតថា សេដ្ឋកិច្ច​នឹងធ្វើ​ឱ្យ​គាត់​ខ្ទាត​ពី​តំណែង​។ ចាប់តាំងពី​ពេល​ចាប់ផ្ដើម​នៃ​អាណត្តិ​របស់លោក​ត្រាំ ពួក​សេដ្ឋវិទូ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​អាម៉េរិក​នឹង​ដាំ​ក្បាល​ចុះ​។ ថ្ងៃមួយ វា​គឺ​ការកាត់បន្ថយ​ពន្ធ​រប​ស់គា​ត់ ដែល​ធ្វើ​ឱ្យគេ​ដឹង​ពី​ភាពខ្លាំង​របស់គាត់ បន្ទាប់មក​គឺ​របប​ពន្ធ​ដ៏​គឃ្លើន​របស់គាត់ បន្ទាប់មកទៀត​គឺ​ការចំណាយ​ដ៏​ច្រើន​របស់គាត់ ដែល​បាន​បន្ថែម​ទឹកប្រាក់​ចំនួន ២ លាន​លាន​ដុល្លារ​ដល់​បំណុល​ជាតិ​រហូត​មកទល់ពេលនេះ​។ ហើយ​ប្រហែលជា​អ្នកសេដ្ឋកិច្ច​ទាំងនោះ​អាច​ព្យាករណ៍​ត្រូវ​ក្នុង​រយៈពេល​វែង ប៉ុន្តែ​សម្រាប់​ពេលនេះ សេដ្ឋកិច្ច​អាម៉េរិក​គឺមាន​ភាពរឹងមាំ ហើយ​ភាព​អត់​ការងារ​ធ្វើ មាន​កម្រិត ៣,៦​ភាគរយ គឺជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​ជួប​ជិត ៥០ ឆ្នាំ​។​

  • ប្រៀប​ឈ្នះ​តែងតែមាន​សម្រាប់​ប្រធានាធិបតី​កំពុងកាន់​តំណែង​

​ក្រៅពី​សេដ្ឋកិច្ច លោក​ត្រាំ​មានគុណ​សម្បត្តិ​ជាស្រេច ដែល​ប្រធានាធិបតី​ភាគច្រើន​សឹងតែ​ជាប់ឆ្នោត​ឡើងវិញ​ទាំងអស់​។ មានតែ​ប្រធានាធិបតី​បួន​នាក់​ប៉ុណ្ណោះ​ដែល​មិន​ជាប់ឆ្នោត​អាណត្តិ​ទី​២​ក្នុង​សតវត្សរ៍​កន្លងទៅ​។​

​ហើយ​ទោះបីជា​ជនជាតិ​អាម៉េរិក​ខ្លះ​មានការ​ស្រងាកចិត្ត​ចំពោះ​ការដែល​លោក​ត្រាំ​ចូលចិត្ត​សរសើរ​លើកជើង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ឬ និយាយ​ការពារ​ពួក​ស្បែ​កស​និយម​ខណៈដែល​អ្នក​ផ្សេងទៀត​លើកទឹកចិត្ត​និង​អបអរ​ដល់​គាត់​ក៏ដោយ ក៏ប៉ុន្តែ​ការពិត​គឺថា មនុស្ស​ភាគច្រើន​រវល់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​ពេក​រហូត​លែង​សូវ​ខ្វល់​បញ្ហានយោបាយ​អស់ហើយ​។ លោក​ប្រធានាធិបតី​នឹងមិន​ត្រូវ​ចាប់​ឱ្យទទួល​ខុសត្រូវ​ដោយ​ស្ត្រី​មេម៉ាយ​ម្នា​ក់នៅ Milwaukee ដែល​ធ្វើ​ការងារ​ពីរ​កន្លែង​ដើម្បី​រក្សា​ជម្រក​ឱ្យ​កូនៗ និង​រក្សា​អាហារ​ឱ្យមាន​ពេញៗ​តុ​នោះទេ​។​

​យើង​ជនជាតិ​អាម៉េរិក​ត្រូវបាន​ចិញ្ចឹម​ធំ​ដឹងក្តី​មក​ជឿថា ប្រទេស​របស់​យើង​គឺ​អស្ចារ្យ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ភាគច្រើន​នៃ​ពួកយើង​មិនដែល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​រកមើល​ថា​តើ​វា​ជាការ​ពិត​ឬ​អត់​ទេ​។ ពលរដ្ឋ​អាម៉េរិក​ត្រឹម ៤២ ភាគរយ​ប៉ុណ្ណោះ​ដែលមាន​លិខិតឆ្លងដែន​។​

​ហើយ​យើង​ក៏​មិនចាំបាច់​មាន​ឧបករណ៍​ដើម្បី​ជជីក​សួរដេញដោល​អំពី​គំនិត​ដែលថា គ្មាន​កន្លែង​ណា​អាចធ្វើ​បានល្អ​ប្រសើរ​ជាង​សហរដ្ឋ​អាម៉េរិក​នោះដែរ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​កាន់​ការងារ​ការិយាល័យ​នយោបាយ​បានធ្វើឱ្យ​ធ្លាក់ចុះ​វិស័យ​អប់រំ​សាធារណៈ ដោយ​ចាត់ទុក​ការអប់រំ​ជាការ​ចំណាយ​ខ្ជះខ្ជាយ ដែល​ត្រូវតែ​កាត់​ចំណាយ ជាជាង​វិនិយោគ​វា​ក្នុង​អនាគត​របស់​យើង​។ នៅក្នុង​ការធ្វើ​តេស្ត​លក្ខណៈ​អន្ដរជាតិ និស្សិត​អាម៉េរិក​ធ្វើបាន​ពិន្ទុ​អន់​ជាង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​វិញ្ញាសា អាន អក្សរសាស្ត្រ វិទ្យាសាស្ត្រ និង​គណិតវិទ្យា​។​

​នៅ​សហរដ្ឋ​អាម៉េរិក​សព្វថ្ងៃ ដែល​ត្រូវបាន​បែងចែក​យ៉ាង​ច្របូកច្របល់​រវាង​ជំរំ​លាក់ខ្លួន​ជាច្រើន​នោះ ការស្វែងរក​ព័ត៌មាន​មិន​លម្អៀង​អាច​ត្រូវការ​ទាំង​ការប្តេជ្ញាចិត្ត​និង​ពេលវេលា​។ ដូច្នេះ​សូម្បី​ស្ត្រី​នៅ Milwaukee ត្រូវបាន​ចុះឈ្មោះ​ដើម្បី​បោះឆ្នោត​ក្តី ក៏ប៉ុន្តែ​នរណា​នឹង​និយាយថា​គាត់​នឹងមាន​ចំណេះដឹង​ដើម្បី​ញែក​ឱ្យដាច់​រវាង “​ព័ត៌មាន​ក្លែងក្លាយ​” ពី​ការពិត ឬ ថែមទាំង​យល់ថា គាត់​គួរតែ​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​ជាមុនសិន មុននឹង​ទៅ​បោះឆ្នោត​?

  • កុំ​ទុកចិត្ត​លើ​ការស្ទង់មតិ​

​នៅ​ចំណុច​នេះ វា​ជាការ​ខ្ជីខ្ជា​ណាស់​ដែល​សន្ម​ត់​ថា​ត្រាំ​នឹងមិន​ជាប់ឆ្នោត​ម្តងទៀត​។ ហើយ​កុំ​ចាញ់បោក​ការស្ទង់មតិ​ដែល​បង្ហាញថា ពលរដ្ឋ​ត្រឹមតែ ៤៤​ភាគរយ​ប៉ុណ្ណោះ​យល់ស្រប​លើ​ការងារ​ដែល​គាត់​កំពុង​ធ្វើ​ក្នុងនាម​ជា​ប្រធានាធិបតី​។ ការស្ទង់មតិ​ពិតជា​មិន​គួរឱ្យ​ទុកចិត្ត​បានឡើយ ហើយ​មិនអាច​ប្រាប់​យើង​បាន​ច្រើន​នោះឡើយ​អំពី​អ្វីដែល​នឹង​កើតឡើង​ក្នុង​រយៈពេល​ជាង ៥០០ ថ្ងៃ​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ចូលមក​ដល់​។​

​ទោះយ៉ាងណា កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ការស្ទង់មតិ​ពិត​ជាមាន​ភាពត្រឹមត្រូវ​របស់គេ​មែន​។ ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​បានប្រគល់​សភាតំណាងរាស្ត្រ​ឱ្យទៅ​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​វិញ ដែលជា​ការភ្ញាក់ផ្អើល​ចំពោះ​អ្នក​សង្ស័យ​ជាច្រើនរូប​។​

​មនុស្ស​ដែលមាន​សង្ឃឹម ឥឡូវនេះ​ប្រហែលជា​ចាប់ផ្តើម​អស់សង្ឃឹម​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ វេ​ប​សាយ​អាល្លឺម៉ង់ DW