ត្រាំ​បង្កើន​សម្ពាធ​លើ​ចិន នៅមុន​កិច្ចចរចា​ពាណិជ្ជកម្ម​ជុំ​ចុងក្រោយ

874
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​៥​ឧសភា​ថា សហរដ្ឋអាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ដែលជា​ការព្រមាន​មិន​ច្បាស់លាស់​មួយ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ប៉ុន្មាន​ថ្ងៃ មុនពេល​កិច្ចចរចា​ចុងបញ្ចប់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ ឬ​មិន​អ៊ីចឹង​នឹង​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​ទៀត​។​

​ដើម្បី​ដាក់​សម្ពាធ​ចិន​បន្ថែមទៀត​ឱ្យទទួល​យក​ការទាមទារ​របស់​អាមេរិក លោក​ត្រាំ​ក៏បាន​គំរាម​ម្តងទៀត​ដើម្បី​វាយ​ពន្ធ​លើ​ការ​នាំចូល​របស់​ចិន​ទាំងអស់​ទៅ​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​សរុប ៥៣៩,៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​កិច្ចចរចា​ជុំ​បន្ទាប់​ជាមួយ​គណៈប្រតិភូ​ចិន​ដ៏​សំខាន់ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ខាងមុខ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​លោក​ត្រាំ​បាន​និយាយថា លោក​នឹង​ដំឡើង​ពន្ធ​មួយចំនួន ពីព្រោះ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម “​មាន​ភាពយឺតយ៉ាវ​ពេក​”​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​ក្នុង​រយៈពេល ១០ ខែ​មកនេះ ប្រទេស​ចិន​បាន​បង់ពន្ធ​ដល់​សហរដ្ឋអាមេរិក​ចំនួន ២៥​ភាគរយ​លើ​ទំនិញ​បច្ចេកវិជ្ជា​ខ្ពស់​តម្លៃ ៥០ ពាន់​លាន​ដុល្លារ និង ១០ ភាគរយ​លើ​ទំនិញ​ផ្សេងទៀត​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​។ ពន្ធ ១០ ភាគរយ​នឹង​ឡើងដល់ ២៥ ភាគរយ​នៅ​ថ្ងៃ​សុក្រ​”​។​

​ភាគី​ទាំង​ពីរបាន​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​លើ​ទំនិញ​ដែលមាន​តម្លៃ​សរុប ៣៦០ ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ចាប់តាំងពី​ឆ្នាំមុន​។ ប៉ុន្តែ​លោក​ត្រាំ​និង​មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង​បាន​យល់ព្រម​ចំពោះ​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​កាលពី​ខែធ្នូ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្លោះ​បន្ថែមទៀត​។​

​ថ្មីៗ​នេះ​គិត​ត្រឹម​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​បង្ហាញថា កិច្ចពិភាក្សា​ពាណិជ្ជកម្ម​គឺ​កំពុងដំណើរការ​ល្អ​។​

​លោក​ត្រាំ​បាន​ត្អូញត្អែរថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅតែ​បន្ត ប៉ុន្តែ​យឺតយ៉ាវ​ពេក​ហើយ ខណៈ​ពួកគេ​ព្យាយាម​ចរចា​ឡើងវិញ​។ យឺត​ពេក​ណាស់​!”​។​

​លោក​ត្រាំ​និយាយថា​លោក​ចង់​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំធេង​របស់​អាមេរិក​ជាមួយ​ចិន ដែល​ក្នុង​ឆ្នាំ ២០១៨ សរុប​មាន​ចំនួន ៣៧៨,៧៣ ពាន់​លាន​ដុល្លារ រាប់បញ្ចូល​ទាំង​ពាណិជ្ជកម្ម​សេវាកម្ម​។​

​ក្រៅពី​ការបើកចំហ​ទីផ្សារ​ចិន​ចំពោះ​ទំនិញ​របស់​អាមេរិក លោក​ត្រាំ​កំពុង​ជំរុញឱ្យមាន​ការផ្លាស់ប្ដូ​រ​រចនាសម្ព័ន្ធ​នានា​ដូចជា ការបញ្ចប់​របស់​ប៉េកាំង​ក្នុងការ​អនុវត្ត​របស់​ខ្លួន​ដោយ​ចាប់បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ចិន​ចែករំលែក​បច្ចេកវិជ្ជារ​បស់​ខ្លួន​។​

​លោក​ត្រាំ​ក៏​ទាមទារ​ផងដែរ​ថា​ប្រទេស​ចិន​បញ្ឈប់​ការ​លួច​យក​កម្មសិទ្ធិបញ្ញា​និង​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​

​ប្រធានាធិបតី​អាមេរិក​បាន​ទទូច​យ៉ាង​ពេញទំហឹង​ក្នុង​ដំណើរការ​នេះ​ថា​លោក​នឹងមិន​ទទួលយក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ទន់ខ្សោយ​នោះទេ​។ ហើយ​រដ្ឋបាល​របស់លោក​បាន​ព្រមាន​នាពេល​ថ្មីៗ​នេះ​ថា កិច្ចពិភាក្សា​ពាណិជ្ជកម្ម​មិនអាច​បន្ត​រហូត​បានទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ត្រាំ​ព្រមាន​ដំឡើង​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​នៅ​ថ្ងៃ​សុក្រ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ