ត្រាំ​បង្ហាញ​ផែនការ​ផ្តល់ជំនួយ ១៦ ពាន់​លាន​ដុល្លារ​ដល់​កសិករ​ដែលរ​ង​គ្រោះ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​

597
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ថ្មី​ចំនួន ១៦ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កសិករ ដែល​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​កសិករ​ត្រូវបាន​វាយប្រហារ​ដោយ​ចិន​។ យើង​នឹង​ជួយ​កសិករ​របស់​យើង ហើយ​យើង​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​កម្រិត​ឱកាស​ស្មើភាព​គ្នា ដែលមាន​សារៈសំខាន់​”​។​

​លោក​ត្រាំ​ជាថ្មី​ម្តងទៀត​បាន​អះអាងថា ចិន​កំពុង​បង់​ពន្ធគយ ២៥ ភាគរយ ដែល​លោក​បាន​វាយ​ទៅលើ​ការ​នាំចូល​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ដែល​ក្រុម​សេដ្ឋវិទូ​យល់ស្រប​ដែរ​ថា ត្រូវបាន​បង់​ដោយ​បណ្តា​ក្រុមហ៊ុន​និង​អ្នកប្រើប្រាស់​។​

​លោក​ត្រាំ​បាន​និយាយថា “​ប្រាក់​មួយចំនួន​នោះ​នឹង​ទៅ​ដល់ដៃ​កសិករ​ដើម្បី​ជួយ​ពួកគេ​ក្នុងអំឡុងពេល​មួយ​ដែល​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ចំពោះ​ពួកគេ​”​។​

​រដ្ឋមន្ត្រី​កសិកម្ម​លោក​សូន​នី ភើ​ឌូ បាន​និយាយថា ភាគច្រើន​នៃ​ថវិកា​ជំនួយ​នេះ​នឹងត្រូវ​ទូទាត់​ដោយផ្ទាល់​ទៅ​ដល់ដៃ​អ្នក​ដាំ​ដំណាំ​និង​អ្នក​ចិញ្ចឹមសត្វ ខណៈ​ចំណែក​តូច​មួយទៀត​នៃ​ជំនួយ​នឹងត្រូវ​ប្រើ​ដើម្បី​ទិញ​ស្បៀង​សម្រាប់​ប្រើ​ក្នុង​កម្មវិធី​ជំនួយ​អាមេរិក​ដូចជា ធនាគារ​ស្បឿ​ង​និង​កម្មវិធី​អាហារ​ថ្ងៃត្រង់​នៅតាម​សាលា​នានា​។​

​លោក​ភើ​ឌូ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ផែនការ​ដែល​យើង​ប្រកាស​នៅថ្ងៃនេះ​គឺ​ធានាថា​កសិករ​មិន​ទទួលរង​ផលប៉ះពាល់​ពី​ពន្ធ​សងសឹក​ដ៏​អយុត្តិធម៌ ដែល​ចិន​និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​បាន​វាយ​។ កសិករ​សម​នឹងមាន​ការជួញដូរ​ជាង​ទទួលបាន​ជំនួយ ប៉ុន្តែ​បើ​គ្មាន​ការជួញដូរ ពួកគេ​នឹង​ត្រូវការ​ការជួយ​ទំនុកបម្រុង​មួយចំនួន​”​។​

​យុទ្ធសាស្ត្រ​ពន្ធ​ដ៏​គឃ្លើន​របស់លោក​ត្រាំ ជាពិសេស​ប្រឆាំងនឹង​ប្រទេស​ចិន​បាន​ទាក់ទាញ​ការសង​សឹក​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្រទេស​ដទៃទៀត ដែល​បាន​ដំឡើង​ពន្ធ​ដែរ​ដើម្បី​វាយ​កន្លែង​ឈឺចាប់​បំផុត​របស់​អាមេរិក គឺ​វិស័យ​កសិកម្ម​។​

​សណ្តែកសៀង​និង​សាច់ជ្រូក​គឺជា​គោលដៅ​ចម្បង ប៉ុន្តែ​ដំណាំ​ផ្សេងទៀត​ជាច្រើន​បានទទួល​រង​ផង​ប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​។ ការនាំចេញ​សណ្តែកសៀង​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៧៥ ភាគរយ​នៅ​ឆ្នាំ ២០១៨​។ នេះ​បើ​យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​ប្រកាស​ផែនការ​ផ្តល់​ជំ​នួន ១៦ ពាន់​លាន​ដល់​កសិករ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍