ត្រាំ​បញ្ជា​អោយ​បញ្ឈប់​ការ​បំបែក​សមាជិកគ្រួសារ​

1033
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២០​មិថុនា​បាន​បញ្ជា​អោយ​បញ្ចប់​ការ​បំបែក​កូនៗ​អន្តោប្រវេសន៍​ចេញពី​ឪពុកម្តាយ​របស់គេ​នៅ​ព្រំដែន​អាមេរិក​​ជាប់​ម៉ិ​ក​ស៊ិ​ច ក្រោយពី​ស្ថិតក្រោម​សម្ពាធ​ជាខ្លាំង​ពី​សហសេវិក​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់លោក ពួក​គណបក្ស​ប្រជាធិបតេយ្យ​និង​សហគមន៍​អន្តរជាតិ​។​

​ការផ្លាស់ប្តូរ​ចិត្ត​នេះ​កើតឡើង​បន្ទាប់ពី​កុមារ​ជាង​២.៣០០​នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​និង​សាច់ញាតិ​របស់គេ​ក្រោយពី​បាន​ឆ្លងដែន​ចូល​ទឹកដី​អាមេរិក​ដោយ​ខុស​​ច្បាប់​ចាប់តាំងពី​ថ្ងៃ​៥​ឧសភា​មក និង​ដាក់​ពួកគេ​ក្នុង​ជំរំ​ជម្រក​ក្រណាត់​ព្រមទាំង​កន្លែង​ផ្សេងៗ ដោយ​ផ្តាច់​ការទាក់ទង​ជាមួយ​សាច់ញាតិ​។​

​រូបភាព​និង​សម្លេង​នៃ​ការ​បំបែក​នេះ​បាន​បង្ក​កំហឹង​និង​ការប្រឆាំង​ក្នុងចំណោម​ពួក​សាធារណរដ្ឋ​ក្នុង​គណបក្ស​របស់លោក​ត្រាំ​ផ្ទាល់ ព្រមទាំង​ការចោទប្រកាន់​ពី​អន្តរជាតិ​ថា​​អាមេរិក​ប្រព្រឹត្ត​ការរំលោភ​សិទ្ធិមនុស្ស​។​

​តែ​ក្នុងពេល​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​នេះ លោក​ត្រាំ​បាន​និយាយថា​” អ្វីដែល​យើង​បានធ្វើ​នៅថ្ងៃនេះ​គឺ​កំពុង​រក្សា​សមាជិកគ្រួសារ​អោយនៅ​ជុំគ្នា​។​ខ្ញុំ​មិន​ចង់ឃើញ​ឬឮ​​គេ​ថា​សមាជិកគ្រួសារ​ត្រូវ​បំបែក​ទេ​”​។​

​ទោះជា​យ៉ាងណា ប្រធានាធិបតី​អាមេរិក​បាន​និយាយថា ទោះជា​មានការ​ផ្លាស់ប្តូរ​បែបនេះ ក៏​ការអនុវត្ត​ច្បាប់​នៅ​ព្រំដែន​នឹង​”​បើ​មិន​តឹងរឹង​ឡើង​ទេ ក៏​នៅតែ​ម៉ឺងម៉ាត់​ដដែល​”​។​

​សូមបញ្ជាក់ថា អស់​ពេល​រាប់​សប្តាហ៍​លោក​ត្រាំ​នៅតែ​និយាយ​ចចេស​ថា លោក​ធ្វើតាម​ច្បាប់​ដើម្បី​បំបែក​កូនៗ​របស់​ជនអន្តោប្រវេសន៍​ពី​ឪពុកម្តាយ​របស់គេ​និង​ថា​មាន​​តែ​សភា​ទេ​ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​…​មុនពេល​លោក​ផ្លាស់ប្តូរ​ជំហរ​ភ្លាមៗ​ពេលនេះ​។​

​មុននេះ​ខណៈ​ប្រទេស​ជាច្រើន​ប្រារព្វ​ទិវា​ជនភៀសខ្លួន​ពិភពលោក​កាលពី​ថ្ងៃ​ពុធ ពួក​មេដឹកនាំ​ពិភពលោក​បាន​វាយប្រហារ​រិះគន់​ត្រាំ​ចំពោះ​ការបំបែកបំបាក់​នេះ​។​នាយក​​រដ្ឋមន្ត្រី​អង់គ្លេស កាណាដា ក្រុមប្រឹក្សា​អឺរ៉ុប​និង​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស សុទ្ធតែ​បាន​និយាយ​បញ្ហា​នេះ​។​

​បន្ទាប់ពី​ធ្លាក់ចុះ​មួយរយៈ​មក ចាប់តាំងពី​ខែតុលា​ឆ្នាំមុន ចំនួន​អន្តោប្រវេសន៍​ឆ្លងដែន​មិ​ពី​ទិសនិរតី ដូចជា​មកពី​ក្វា​តេ​ម៉ា​ឡា អែល​សាល់​វ៉ា​ឌ័​រ​និង​ហុង​ឌុយ​រ៉ា​ស​ក៏ដូចជា​​ម៉ិ​ក​ស៊ិ​ច​បាន​កើនឡើង​។​ចាប់ពី​ខែមីនា​ឆ្នាំនេះ មនុស្ស​ជាង​៥០.០០០​នាក់​ក្នុង​មួយខែ​បាន​លួច​ចូល​ពី​ព្រំដែន​ម៉ិ​ក​ស៊ិ​ច ក្នុងនោះ​១៥​ភាគរយ​មក​ទាំង​គ្រួសារ​និង​៨​ភាគ​
​រយ​នាំ​កូនៗ​មកជា​មួយ​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​អាមេរិក អមដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​និង​អនុ​ប្រធានាធិបតី ចុះហត្ថលេខា​ប្រតិបត្តិ​បញ្ជា​អោយ​បញ្ឈប់​ការ​បំបែក​គ្រួសារ​នៅ​ព្រំដែន​

​ជនអន្តោប្រវេសន៍​នៅ​ជំរំ​បណ្តោះអាសន្ន​នៅ រដ្ឋ​តិច​សាស់​