ត្រាំ​បញ្ជា​ឱ្យ​ឆ្មាំ​ការពារជាតិ​ទៅ​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ក

890
ចែករម្លែក

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឱ្យ​ឆ្មាំ​ការពារជាតិ​ទៅកាន់​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្ក្រាប​អន្តោប្រវេសន៍​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ិ​ក​។​

​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ លោកស្រី គ្រី​ស្តិ​ន នី​ល​សិន បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​យើង​បន្ត​ឃើញ​កម្រិត​ខុសច្បាប់​មិនអាច​ទទួលយកបាន​នៃ​គ្រឿងញៀន​ខុសច្បាប់ សកម្មភាព​ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អន្តោប្រវេសន៍​ខុសច្បាប់​ហូរ​កាត់​ព្រំដែន​ភាគខាងត្បូង​រប​ស់​យើង​។ នេះ​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​សហគមន៍​និង​កូនៗ​របស់​យើង​ប៉ុណ្ណោះ​ទេ ថែមទាំង​នីតិរដ្ឋ​របស់​យើង​ផងដែរ​។ វា​ដល់ពេល​ត្រូវ​ចាត់ការ​ហើយ​”​។​

​លោកស្រី​បាន​និយាយថា “​ក្រសួងការពារជាតិ​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ការរួម​គ្នា​ជាមួយ​អភិបាលរដ្ឋ​របស់​យើង​ដើម្បី​ដាក់ពង្រាយ​ឆ្មាំ​ការពារជាតិ​ទៅកាន់​ព្រំដែន​ភាគ​និរតី​របស់​យើង​ដើម្បី​ជួយ​ដល់​ការ​ល្បាត​ព្រំដែន​”​។​

​លោកស្រី​បាន​បន្ថែមថា “​យើង​សង្ឃឹមថា​ការដាក់​ពង្រាយ​នេះ​នឹង​ចាប់ផ្តើម​ភ្លាមៗ​។ ថ្ងៃនេះ (៤​មេសា​) គឺជា​ថ្ងៃ​ដែល​យើង​ចង់​ចាប់ផ្តើម​ដំណើរការ​នេះ​។ ការគំរាមកំហែង​គឺជា​ការពិត​”​។​

​ឆ្មាំ​ការពារជាតិ​អាមេរិក​ធ្លាប់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជួយ​ល្បាត​ព្រំដែន​ភាគខាងត្បូង​ក្នុង​ឆ្នាំ ២០១០ ក្រោម​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ពី​ឆ្នាំ ២០០៦-២០០៨ ក្រោម​ការដឹកនាំ​របស់​លោក ច​ច ដាប់​ប​ល​យូ ប៊ូ​ស​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ លោកស្រី គ្រី​ស្តិ​ន នី​ល​សិន