ឌូធឺតេបន្ទោស​”​មិត្ត​ត្រាំ​” ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ហ្វីលីពីន​

2667
ចែករម្លែក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ កាលពីថ្ងៃសៅរិ៍ទី៨កញ្ញាបានបន្ទោសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្រោយពីអតិផរណាក្នុងប្រទេសរបស់លោកឡើងដល់កំរិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំមកនេះ ដោយធ្វើអោយប៉ះពាល់មុខមាត់របស់មេដឹកនាំប្រជានិយមរូបនេះ។

នៅពេលត្រូវបានសួរអំពីអតិផរណាកំរិត៦,៤ភាគរយនៅខែសីហា ដែលជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំមកនេះ និងហួសពីកំរិតប៉ាន់ស្មានរបស់ពួកអ្នកវិភាគ លោកឌូធឺតេ បានបន្ទោសលើគោលនយោបាយសេដ្ឋកិច្ចរបស់ត្រាំ។

លោកបានប្រាប់អ្នកយកព័ត៌មានថា” នរណាចាប់ផ្តើម?អាមេរិក។នៅពេលអាមេរិកដំឡើងអត្រារបស់ខ្លួន គ្រប់គ្នាដំឡើងផងដែរ។ដោយសារអាមេរិក…ត្រាំចង់បានវា។គ្រប់ពន្ធ គេដំឡើងវា សូម្បីតែចំណាយលើការនាំចូលក៏ឡើងដែរ”។

ក្រោយមកលោកបានបញ្ជាក់ថា លោកមិនខឹងនឹងមិត្តប្រជាភិផុតរបស់លោកទេ និងថា”ខ្ញុំនឹងនិយាយទៅកាន់មិត្តត្រាំ។ខ្ញុំមិនប្រឆាំងប្រជាជនអាមេរិកទេ អត់មានអីបន្តិច…បារម្ភអំពីត្រាំ”។

ឌូធឺតេ ដែលកាលពីមុនៗបានទទួលស្គាល់ថាលោកមិនពូកែគិតគូរអំពីសេដ្ឋកិច្ច មិនបានផ្តល់ការពន្យល់ថាហេតុអ្វីបានជាគោលនយោបាយសេដ្ឋកិច្ចអាមេរិកអាចប៉ះពាល់ដល់អតិផរណារបស់ហ្វីលីពីនទេ។ពីមុនលោកក៏ធ្លាប់រងការរិះគន់ពីពួកមន្រ្តីអាមេរិកចំពោះសង្រ្គាមថ្នាំញៀនរបស់អាជ្ញាធររបស់លោកដែលបាននាំដល់ការសម្លាប់មនុស្សជាង៤ពាន់នាក់។

លោកឌូធឺតេ​ ដែលនៅតែមានការគាំទ្រក្នុងចំណោមប្រជាជនហ្វីលីពីន ក៏បានចោទប្រកាន់ថា កំណើនអតិផរណានិងការឡើងថ្លៃស្បៀងអាហារត្រូវបានក្រុមប្រឆាំងប្រើសំរាប់ប្រឆាំងលោក៕ដោយ៖វាសនា

ឌូធឺតេ មិនបានផ្តល់ការពន្យល់ថាហេតុអ្វីបានជាគោលនយោបាយសេដ្ឋកិច្ចអាមេរិកអាចប៉ះពាល់ដល់អតិផរណារបស់ហ្វីលីពីន