ត្រាំ​ប៉ះទង្គិច​ជាមួយ​អ្នកយកព័ត៌មាន​និង​ហៅ​អ្នកកាសែត​CNN​ថា​មនុស្ស​«​ឈ្លើយ​អស្ចារ្យ​»

917
ចែករម្លែក

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដែលបានបញ្ចេញកំហឹងច្បាស់ក្រឡែតបានហៅអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរបស់សារព័ត៌មានCNN លោកជីម អាកូស្តា ថាជា«មនុស្សឈ្លើយអស្ចារ្យ»និងជា«សត្រូវរបស់ប្រជាជន» នៅក្នុងការតមាត់តសម្តីដ៏ក្រេវក្រោធមួយដែលត្រូវបានផ្សាយតាមទូរទស្សន៍ជាតិកាលពីថ្ងៃពុធទី៧​វិច្ឆិកា នៅមួយថ្ងៃក្រោយអាមេរិកបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ត្រាំបានសម្លឹងនិងចង្អុលទៅកាន់តារាCNN ក្រោយពីលោកអាកូស្តាមិនព្រមស្តាប់បញ្ជារបស់ត្រាំអោយលោកអង្គុយចុះនិងប្រគល់ម៉ាយក្រូហ្វូនទៅជំនួយការព័ត៌មានសេតវិមានម្នាក់ក្នុងអំឡុងសន្និសីទកាសែត។

ត្រាំហៀបនឹងដើរចេញខណៈលោកអាកូស្តាចាប់ម៉ាយក្រូហ្វូននិងសួរសំណួរចំពោះការយល់ឃើញរបស់ប្រធានាធិបតីអំពីក្បួនជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាលមកកាន់ព្រំដែនអាមេរិក។

នៅពេលត្រូវបានសួរថា តើលោកបានបង្ខូចឈ្មោះពួកជនអន្តោប្រវេសន៍ឬក្នុងអំឡុងយុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោកត្រាំបានតបវិញថា«ទេ ខ្ញុំចង់អោយពួកគេចូលមកក្នុងប្រទេសអាមេរិក តែចូលដោយស្របច្បាប់»។

អាកូស្តានៅតែនិយាយថា« ពួកគេនៅចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនអាមេរិក ។វាមិនមែនជាការឈ្លានពានមួយទេ»។

ត្រង់ចំណុចនេះ លោកប្រធានាធិបតី បាននិយាយម៉ាត់ៗថា«និយាយដោយស្មោះទៅ ខ្ញុំគិតថាអ្នកគួរតែទុកអោយខ្ញុំគ្រប់គ្រងប្រទេស។អ្នកគ្រប់គ្រងCNNទៅ ហើយពេលអ្នកគ្រប់គ្រងវាបានល្អ ចំណាត់ថ្នាក់របស់អ្នកក៏ខ្ពស់តាមណឹងដែរ»។

នៅពេលអ្នកយកព័ត៌មានបន្តសួរ លោកត្រាំបានប្រកាសថា« គ្រប់គ្រាន់ហើយ ដាក់ម៉ាយក្រូហ្វូនចុះ» និងដើរចេញឆ្ងាយ។ខណៈនោះ ជំនួយការសារព័ត៌មានម្នាក់បានព្យាយាមចាប់កញ្ឆក់ម៉ាយក្រូហ្វូនពីអាកូស្តា ដែលនៅតែស្រែកសួរសំណួរចុងក្រោយ។

ដូណាល់ ត្រា ចង្អុលទៅកាន់អ្នកកាសែត អាកូស្តា ក្នុងអំឡុងប្តូរពាក្យសម្តីខណៈជំនួយការងើបចាប់យកម៉ាក្រូហ្វូនពីអ្នកកាសែត

ដោយលើកម្រាមដៃគ្រវី ត្រាបានចាប់ផ្តើមជេរប្រទេចអាកូស្តាថា«ខ្ញុំប្រាប់អ្នកឯងជាអ្វី CNNគួរខ្មាសខ្លួនឯងដែលមានមនុស្សដូចអ្នកឯងធ្វើការសំរាប់ពួកគេ។អ្នកឯងមហាឈ្លើយ។អ្នកមិនគួរធ្វើការនៅCNNទេ»។

ពេលនោះអ្នកយកព័ត៌មានNBCបានលើកម៉ាយក្រូហ្វូនសួរសំណួរបន្ទាប់ និងបានការពារលោកអាកូស្តាថាជាអ្នកយកព័ត៌មានឧស្សាហ៍ ជាហេតុរឹតតែធ្វើអោយលោកត្រាំខឹងដោយលោកប្រធានាធិបតីបានតបថា«ខ្ញុំមិនជាអ្នកគាំទ្រសារព័ត៌មានលោកឯងទាំង២ហ្នឹង។និយាយដោយស្មោះ អ្នកមិនល្អទេ»។

ដោយសម្លឹងទៅកាន់អាកូស្តា ដែលបានងើបឈរជាថ្មី លោកត្រាំបានបន្ថែមថា« នៅពេលអ្នករាយការណ៍ព័ត៌មានក្លែងក្លាយ ដូចដែលCNNបានធ្វើជាច្រើន អ្នកឯងជាសត្រូវរបស់ប្រជាជន»៕ដោយ៖វាសនា