ត្រាំ​ប្តេជ្ញា​ជួយ​កសិករ ​ខណៈ​ចិន​បញ្ឈប់​ការទិញ​កសិផល​អាម៉េរិក​

449
ចែករម្លែក

ប្រធានាធិបតី​អាម៉េរិក​ លោក​ដូ​ណា​ល់ ត្រាំ​ កាលពី​ថ្ងៃ​អង្គារ​ទី​៦ សីហា​បាន​ប្តេជ្ញា​ការពារ​កសិករ​អាម៉េរិក​ទប់ទល់​នឹង​ចិន ដោយ​បង្ហើប​ឱ្យដឹងថា​នឹង​ផ្តល់ជំនួយ​សង្គ្រោះ​បន្ថែមទៀត ប្រសិនបើ​ចាំបាច់ ពោលគឺ​មួយថ្ងៃ​គត់ បន្ទាប់ពី​ក្រុមហ៊ុន​ចិន​បញ្ឈប់​ការទិញ​កសិផល ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គំរាម​ដំឡើង​ពន្ធ​បន្ថែមទៀត​លើ​ផលិតផល​កសិកម្ម​រប​ស់​អាម៉េរិក​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ “​កសិករ​អាម៉េរិក​ដ៏​អស្ចារ្យ​របស់​យើង​ដឹងថា​ចិន​នឹងមិន​អាចធ្វើឱ្យ​ពួកគេ​ឈឺចាប់​បានទេ​ដោយសារតែ​ប្រធានាធិបតី​របស់​ពួកគេ​ឈរ​នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើ​នូវ​អ្វីដែល​ប្រធានាធិបតី​ផ្សេងទៀត​មិនអាច​ធ្វើ​នោះឡើយ ហើយ​ខ្ញុំ​នឹងធ្វើ​វា​ម្តងទៀត​នៅ​ឆ្នាំក្រោយ​បើ​ចាំបាច់​!”​។​

​កសិករ​អាម៉េរិក ដែលជា​មណ្ឌលបោះឆ្នោត​ន​យោ​បាយ​ដ៏​សំខាន់​សម្រាប់​លោក​ត្រាំ បាន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​រងគ្រោះ​ខ្លាំង​បំផុត​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នៅលើ​ពិភពលោក​។ ការនាំចេញ​សណ្តែកសៀង ដែលជា​ការនាំចេញ​កសិផល​ដ៏​មានតម្លៃ​បំផុត​របស់​អាម៉េរិក ទៅកាន់​ប្រទេស​ចិន​ដែលជា​អ្នកទិញ​ធំជាងគេ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១៦ ឆ្នាំ ក្នុង​ឆ្នាំ ២០១៨​។​

​ដើម្បី​ទូទាត់​សង​សម្រាប់​ការខាតបង់ រដ្ឋបាល​ត្រាំ​បានផ្តល់​ជំនួយ​សហព័ន្ធ​រហូតដល់ ២៨ ពាន់​លាន​ដុល្លារ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន ហើយ​ក្រសួងកសិកម្ម​បាន​ទូទាត់​ប្រាក់​ជំនួយ​ដោយផ្ទាល់​ដល់​កសិករ​ចំនួន ៨,៦ ពាន់​លាន​ដុល្លារ​មកទល់​ឥឡូវនេះ​។​

​កញ្ចប់​ជំនួយ​ចុងក្រោយបង្អស់​របស់​សហ​ព័ន្ធ​រហូតដល់ ១៦ ពាន់​លាន​ដុល្លារ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ខែកក្កដា ហើយ​កញ្ចប់​ដំបូង​សម្រាប់​ការទូទាត់​ដល់​កសិករ​ត្រូវគេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ដល់​ចុងខែ​សីហា​។​

​ការសន្យា​ក្នុង​ការទិញ​កសិផល​យ៉ាងច្រើន​សម្បើម​ពី​ចិន​គឺជា​ធាតុ​សំខាន់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល ប៉ុន្តែ​លោក​ត្រាំ​កាលពី​សប្តាហ៍​មុន​បាន​និយាយថា​ ប៉េកាំង​មិនបាន​បំពេញ​ការសន្យា​ក្នុង​ការទិញ​ផលិតផល​កសិកម្ម​ដ៏​ច្រើន​របស់​សហរដ្ឋ​អាម៉េរិក​ទេ ហើយ​បាន​ប្តេជ្ញា​ថា​យកពន្ធ ១០ ភាគរយ​បន្ថែម​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ចាប់ពី​ថ្ងៃទី ១ កញ្ញា​តទៅ​។​

​កាលពី​ថ្ងៃ​ចន្ទ​ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា​ ក្រុមហ៊ុន​ចិន​បាន​បញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​រប​ស់​អាម៉េរិក​ ហើយ​បាន​បន្ថែមថា​ទីក្រុង​ប៉េកាំង​ក៏​អាច​នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​កសិកម្ម​របស់​អា​ម៉េ​រិ​ក​ផងដែរ ជា​វិធានការ​មួយ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​បណ្តា​រដ្ឋ​ពឹង​លើ​កសិកម្ម​នៅ​សហរដ្ឋ​អាម៉េរិក ដែលជា​រដ្ឋ​សំខាន់​សម្រាប់​ការ​ឈរឈ្មោះ​ប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​របស់លោក​ត្រាំ​៕ ដោយ៖ កញ្ញាដាលីស/Ha

កសិករ​អាម៉េរិក​ស្ថិតក្នុង​ចំណោម​អ្នករងគ្រោះ​ខ្លាំង​បំផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម