ត្រាំ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ពួក​ប្រជាធិបតេយ្យ តែ​ទាមទារ​លុយ​សង់​ជញ្ជាំង​ព្រំដែន​

391
ចែករម្លែក
  • 50
    Shares

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​សម្តែង​នូវ​ក្តីសង្ឃឹម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​ថា លោក​អាច​នឹង​រកឃើញ​ហេតុផល​រួម​តែមួយ​ជាមួយ​សភា​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ ប៉ុន្ដែ​បន្ត​ការទាមទារ​ឡើងវិញ​នូវ​ជញ្ជាំង​ព្រំដែន មុនពេល​បើក​រដ្ឋាភិបាល​ឡើងវិញ​។​

​មិនយូរប៉ុន្មាន​បន្ទាប់​ពី​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី របស់​បក្ស​ប្រជាធិបតេយ្យ ត្រូវបាន​បោះឆ្នោត​ជាថ្មី​ម្តងទៀត​ជា​ប្រធានសភា បន្ទាប់ពី​ធ្វើជា​មេដឹកនាំ​សំឡេង​ភាគតិច​ក្នុង​សភា​៨​ឆ្នាំ លោក​ត្រាំ​បាន​នាំ​កាមេរ៉ា​តម្រង់​មក​ថត​រូបលោក ជាមួយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​។​

​បន្ទាប់ពី​ការណែនាំ​ខ្លួន​ពី​លេខា​ព័ត៌មាន​លោកស្រី​សា​រ៉ា សាន់​ឌ័​រ ឆ្មាំ​ការពារ​ព្រំដែន​មួយក្រុម​បាន​ចូលមក​បន្ទប់​សន្និសីទ​ព័ត៌មាន​នៅ​សេត​វិមាន ដោយ​តាម​ពីក្រោយ​ដោយ​ត្រាំ​ខ្លួនឯង​ផ្ទាល់ ដែល​ក្នុងនាម​ជា​ប្រធានាធិបតី​បានរៀបចំ​ធ្វើ​សន្និសីទកាសែត​ជា​លើក​នៅ​ចំពោះមុខ​ស្ថាប័ន​សារព័ត៌មាន​ធំៗ ដែល​គាត់​តែងតែ​ប្រកាស​ដកខ្លួន​មិន​ខ្ចី​ធ្វើ​សោះ​នោះ​។​

​លោក​ត្រាំ​បាន​និយាយថា “​សួស្តី អ្នក​ទាំងអស់គ្នា​។ នេះ​គឺជា​កន្លែង​ដ៏​ស្រស់ស្អាត​។ ខ្ញុំ​មិនដែល​បានឃើញ​វា​ទេ​។ រីករាយ​ឆ្នាំ​ថ្មី​”​។​

​ក្នុង​ពាក្យ​ស្វាគមន៍​ដ៏​កក់ក្តៅ​ចម្លែក​សម្រាប់​លោកស្រី​ផេ​ឡូ​ស៊ី ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​វាយប្រហារ​ញឹកញាប់​រប​ស់​គាត់​នៅលើ​បណ្តាញ​សង្គម Twitter លោក​ត្រាំ​បាន​អបអរសាទរ​ចំពោះ “​សមិទ្ធផល​យ៉ាង​ធំ​សម្បើម​” របស់លោក​ស្រី បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ ៤០ អាសនៈ​នៅក្នុង​សភា​ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា​។​

​លោក​ត្រាំ​និយាយថា “​សង្ឃឹមថា​យើង​នឹងធ្វើ​ការរួម​គ្នា​ហើយ​យើង​នឹង​សម្រេច​កិច្ចការ​ជាច្រើន ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​និង​អ្វីៗ​ជាច្រើន​ទៀត​។ ហើយ​ខ្ញុំ​ដឹងថា​ពួកគេ​ចង់​ធ្វើ​ដូច្នេះ​ខ្លាំងណាស់​”​។​

​ប៉ុន្តែ​លោក​ត្រាំ​បានទាមទារ​ឱ្យ​សភា​ថ្មី​ផ្តល់​ថវិកា​សង់​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ដែលជា​ការទាមទារ​មួយ​នាំឱ្យ​រដ្ឋាភិបាល​អាមេរិក​បិទ​ជិត​២​សប្តាហ៍​។​

​ទោះយ៉ាងណា លោក​ត្រាំ​ហាក់​បង្ហាញថា លោក​អាច​នឹង​ជ្រើសរើស​យកពាក្យ​ផ្សេង​ក្រៅពី​ជញ្ជាំង ដែល​បានក្លាយ​ជាការ​សន្យា​ដ៏​សំខាន់​ពី​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦ របស់គាត់ នៅពេល​គាត់​ថ្កោលទោស​អន្តោប្រវេសន៍​។​

​លោក​ត្រាំ​បាន​និយាយថា “​បើ​គ្មាន​ទម្រង់​រឹងមាំ​នៃ​រនាំង​ជាក់ស្តែង ចង់​ហៅថា​អ្វី​ក៏បាន​ដែរ​ស្រេច​ចិត្ត ប៉ុន្តែ​បើ​គ្មាន​ជញ្ជាំង​ទេ អ្នក​នឹងមិន​អាចមាន​សន្តិសុខ​តាម​ព្រំដែន​បានទេ​។ វា​នឹង​មិនមាន​ប្រសិទ្ធភាព​ឡើយ​”​។​

​កង​ឆ្មាំ​ព្រំដែន​បាន​ងាក​មក​និយាយ​វិញ​ម្តង​ដោយ​នាំគ្នា​សាទរ​ការប្តេជ្ញាចិត្ត​រប​ស់លោក​ត្រាំ​ចំពោះ​ជញ្ជាំង​ព្រំដែន ដែល​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណជន​ភាគច្រើន​ថ្កោលទោស​ថា​ជា​រឿង​អត់​ប្រយោជន៍ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​អន្តោប្រវេសន៍​។​

​លោក ប្រ៊ែ​ន​ដុន ចាច់ ប្រធាន​ក្រុមប្រឹក្សា​ល្បាត​មើល​ព្រំដែន​ជាតិ​និង​ជា​អ្នកគាំទ្រ​ដ៏​ក្លៀវក្លា​របស់លោក​ត្រាំ​ក្នុងការ​បង្ហាញខ្លួន​លើ​ប៉ុស្តិ៍ Fox News បាន​និយាយថា មិនមែន​បុគ្គលិក​សហព័ន្ធ​ទាំងអស់​សុទ្ធតែ​រិះគន់​ចំពោះ​ការបិទ​រដ្ឋាភិបាល​នោះទេ​។​

​លោក​បាន​និយាយថា “​យើង​មិនមាន​រនាំង​ជាក់ស្តែង​នៅ​ទីនោះ​ទេ ហើយ​អន្តោប្រវេសន៍​ខុសច្បាប់​និង​ការរត់ពន្ធ​គ្រឿងញៀន​គឺ​ពិតជា​មិនអាច​ត្រួតត្រា​បានទេ​។ យើង​បាន​សាងសង់​ជញ្ជាំង​ទាំងនោះ ពោលគឺ​រនាំង​រឹងមាំ ហើយ​អន្តោប្រវេសន៍​ខុសច្បាប់​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ប្រកាស​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​យ៉ាង​ភ្ញាក់ផ្អើល​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍