ត្រាំ​ប្រកាស​ជ័យជម្នះ​លើ​ពួក​អាយ​ស៊ី​ស និង​បញ្ជា​ឱ្យ​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី​ជាបន្ទាន់​

574
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន “​ផ្តួលរំលំ​” នៅក្នុង​ប្រទេស​ស៊ី​រី ខណៈដែល​លោក​បានបញ្ជាក់​ពីបទ​បញ្ជា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់ខ្លួន​ក្នុង​ការដក​កងកម្លាំង​ជើងគោក​របស់​អាមេរិក​ចេញពី​ប្រទេស​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​នេះ​។​

​ការសម្រេចចិត្ត​ដ៏​សំខាន់​ដើម្បី​ដកទ័ព​ចេញ ដែល​ផ្ទុយ​នឹង​គោលនយោបាយ​បង្កើតឡើង​យូរ​មកហើយ​របស់​អាមេរិក​សម្រាប់​ស៊ី​រី​និង​តំបន់​នោះ បានធ្វើឱ្យ​សមាជិកសភា មន្ទីរ​បញ្ច​កោណ និង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ស្រឡាំងកាំង​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ​នៅលើ Twitter ថា “​យើង​បាន​យកឈ្នះ​លើ​ពួក​អាយ​ស៊ី​ស​។ យើង​បាន​វាយ​សំពង​ពួកវា ហើយ​យើង​បាន​វាយ​សំពង​ពួកវា​យ៉ាងដំណំ​។ យើង​បាន​ដណ្តើមយក​ទឹកដី​មកវិញ​។ ហើយ​ឥឡូវនេះ​ដល់​ពេលដែល​កងទ័ពរ​បស់​យើង​ត្រូវ​ត្រឡប់មក​ស្រុក​វិញ​ហើយ​”​។​

​ការដក​ទ័ព​នេះ​អាចធ្វើ​ឱ្យមាន​ភាពខុសគ្នា​ខ្លាំង​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​ធ្វើ​ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​អម្បូរ​ឃឺ​ដ​គាំទ្រ​ដោយ​អាមេរិក​ដែល​ប្រយុទ្ធ​ជាមួយ​ពួក​អាយ​ស៊ី​ស ធ្លាក់​ក្នុង​ភាពមិនប្រាកដប្រជា ខណៈ​ក្រុម​ជី​ហាដ​និយម​របស់​រដ្ឋ​អ៊ីស្លាម​រាប់ពាន់នាក់​ត្រូវគេ​គិតថា​នៅតែមាន​វត្តមាន​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការសម្រេចចិត្ត​របស់​ត្រាំ​ត្រូវបាន​ធ្វើឡើង​រួចរាល់​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​។​

​នៅពេល​សួរថា​តើ​នឹង​ដក​ទាហាន​អាមេរិក​ចេញពី​ទូទាំងប្រទេស​ស៊ី​រី មន្ត្រី​រូបនោះ​បាន​និយាយ “​គឺ​ដកចេញ​ទាំងអស់​តែម្តង​”​។​

​បច្ចុប្បន្ន កងកម្លាំង​អាមេរិក​ប្រមាណ ២.០០០ នាក់​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ស៊ី​រី ដែល​ភាគច្រើន​នៃ​ពួកគេ​កំពុង​ស្ថិតក្នុង​បេសកកម្ម​បណ្តុះបណ្តាល​និង​ផ្តល់​ដំបូន្មាន​ដើម្បី​គាំទ្រ​ដល់​កងកម្លាំងប្រដាប់អាវុធ​ក្នុងស្រុក​ដែល​កំពុង​ប្រយុទ្ធ​ទល់នឹង​អាយ​ស៊ី​ស​។​

​ក្រុមមន្ត្រី​មន្ទីរ​បញ្ច​កោណ​ហាក់​ពិបាក​រក​ប្រតិកម្ម​ឆ្លើយតប​ក្រោយពី​លោក​ត្រាំ​និយាយ​លើ Twitter ថា ពួក​អាយ​ស៊ី​សត្រូវ​បាន “​ផ្តួលរំលំ​”​។ អ្នកនាំពាក្យ​ម្នាក់​ចុងក្រោយ​បាន​និយាយថា ក្រសួងការពារជាតិ​បាន “​ចាប់ផ្តើម​ដំណើរការ​” នៃ​ការនាំ​កងទ័ព​ត្រឡប់មក​ស្រុក​វិញ​។​

​ក្រុម​សមាជិកសភា​បាន​វាយប្រហារ​ការសម្រេចចិត្ត​របស់​ត្រាំ ដោយនិយាយ​ថា​វា​អាច​ជំ​រុញឱ្យ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​វាយប្រហារ​លើ​ពួក​អ្នក​ប្រយុទ្ធ​អម្បូរ​ឃឺ​ដដែល​គាំទ្រ​ដោយ​អាមេរិក​។​

​ព្រឹទ្ធសមាជិក​របស់​ប​ក្ស​សាធារណរដ្ឋ​លោក​លីន​ស៊ី ក្រា​ហាម ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ត្រាំ បាន​និយាយថា ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​គឺ “​មិន​ឆ្លាត​វៃ​ទេ​” ហើយ​បានដាក់​ជនជាតិ​ឃឺ​ដ​ឱ្យមាន “​គ្រោះថ្នាក់​” ខណៈដែល​ព្រឹទ្ធសមាជិក​បក្ស​ប្រជាធិបតេយ្យ​លោក ជែក រីដ បាន​និយាយថា វា​គឺ​ស្មើ​ទៅនឹង “​ការ​ក្បត់​” ជនជាតិ​ឃឺ​ដ ដែល​ផ្តល់​ភស្តុតាង​បន្ថែមទៀត​អំពី​អសមត្ថភាព​របស់លោក​ប្រធានាធិបតី​ត្រាំ​ក្នុងការ​ដឹកនាំ​លើ​ឆាក​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​ប្រកាស​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី​យ៉ាង​ភ្ញាក់ផ្អើល