ត្រាំ​ប្រកាស​លុបចោល​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ឥណ្ឌា​និង​តួ​ក​គី

433
ចែករម្លែក
  • 38
    Shares

​ការិយាល័យ​របស់​ប្រធាន​ទីភ្នាក់ងារ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​ថា ក្រោម​ការបញ្ជា​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​គោលបំណង​លុបចោល​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ឥណ្ឌា​និង​តួ​ក​គី​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​ខណៈដែល​សហរដ្ឋ​អាមេរិក​និង​ចិន​ព្យាយាម​ចរចា​ដើម្បី​ចាក​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ខាតបង់​រវាង​ប្រទេស​ទាំងពីរ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ត្រាំ​ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​គ្មាន​សមភាព​ជាមួយ​បណ្តា​រដ្ឋ​ដទៃទៀត​។​

​ការិយាល័យ​ទីភ្នាក់ងារ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​វ៉ាស៊ីនតោន “​មានបំណង​បញ្ចប់​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​និង​តួ​ក​គី​ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ក្រោម​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ពីព្រោះ​ពួកគេ​លែង​អនុលោម​តាម​លក្ខណៈវិនិច្ឆ័យ​ដែលមាន​លក្ខណៈ​ស្របច្បាប់​ទៀតហើយ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមទៀតថា ប្រទេស​ឥណ្ឌា​បាន​ខកខាន​ក្នុងការ​ផ្តល់​ការ​ធានាថា​ខ្លួន​នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​ទីផ្សារ​ដែល​គេ​ទាមទារ​ឱ្យមាន ខណៈ​ប្រទេស​តួ​ក​គី​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រប់គ្រាន់​” ដូច្នេះ​ប្រទេស​នេះ​លែងមាន​សិទ្ធិ​ទទួលបាន​ស្ថានភាព​អនុគ្រោះ​ទៀតហើយ​។​

​នៅក្រោម​កម្មវិធី GSP “​ផលិតផល​មួយចំនួន​” អាច​ចូលទៅ​អាមេរិក​ដោយ​មិន​យកពន្ធ​ប្រសិនបើ​ប្រទេស​នានា​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ដែល​អាច​ទទួលយកបាន​រួមទាំង​ការផ្តល់ឱ្យ​សហរដ្ឋអាមេរិក​នូ​វល​ទ្ធ​ភាព​ចូល​ទីផ្សារ​ស្មើភាព​គ្នា​និង​សម​ហេតុផល​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ទោះ​យ៉ាណា ឥណ្ឌា​បាន​អនុវត្ត​ការដាក់​របាំង​ពាណិជ្ជកម្ម​យ៉ាង​ទូលំទូលាយ​ដែល​បង្កើត​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ដល់​ពាណិជ្ជកម្ម​អាមេរិក​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ប្រទេស​តួ​ក​គី​បន្ទាប់ពី​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ទទួលផល​ពី​កម្មវិធី GSP ក្នុង​ឆ្នាំ ១៩៧៥ បានបង្ហាញ​ពី “​កម្រិត​ខ្ពស់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​” ដែល​មានន័យថា ប្រទេស​នេះ​អាច “​ដកចេញ​” ពី​កម្មវិធី​នេះ​បាន​ហើយ​។​

​ចំណាត់ការ​នេះ​មិនអាច​ចូល​ជា​ធរមាន​ភ្លាមៗ​បានទេ គឺ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​រយៈពេល ៦០ ថ្ងៃ​បន្ទាប់ពី​មានការ​ជូនដំណឹង​អំពី​សភា​និង​ប្រទេស​ដែល​រង​ផលប៉ះពាល់​នោះ​សិន ជា​ដំណើរការ​មួយ​ដែល​លោក​ត្រាំ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​លិខិត​ផ្ញើ​ទៅកាន់​ប្រធានសភា​តំណាងរាស្ត្រ​និង​ប្រធានព្រឹទ្ធសភា​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ