ត្រាំ​ប្រកាស “​ល្បែង​ចប់​ហើយ​” ប៉ុន្តែ​ពួក​ប្រជាធិបតេយ្យ​ប្តេជ្ញា​ឱ្យមាន​ការស៊ើបអង្កេត​ប​ន្ថែ​ម​ទៀត​

345
ចែករម្លែក

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​បានប្រកាស “​ល្បែង​ចប់​ហើយ​” សម្រាប់​អ្នក​រិះគន់​របស់គាត់ បន្ទាប់ពី​ការចេញផ្សាយ​របាយការណ៍​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់លោក​មូល​ល័​រ ដែល​បាន​ជម្រះ​គាត់​ពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី​។​

​ពួក​ប្រជាធិបតេយ្យ​លេចៗ​ធ្លោ​ជាច្រើន​នាក់​បាន​ឆ្លើយតប​វិញ​ថា មិនលឿន​ចឹ​ង​ពេក​ទេ ខណៈដែល​ពួកគេ​ប្តេជ្ញា​បន្ត​ស៊ើបអង្កេត​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​រូបនេះ​អំពី​អ្វីដែល​ពួកគេ​និយាយថា​ជា​ទង្វើ “​មិន​ស្មោះត្រង់​” និង “​អសីលធម៌​” ដែល​លាតត្រដាង​ដោយ​ការស៊ើបអង្កេត​អំពី​រុស្ស៊ី​រយៈពេល​ពីរ​ឆ្នាំ​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ដោយ​ដាក់​រូបថត​របស់គាត់​ឈរ​យក​ត្រាប់​តាម​ឈុត​មួយ​ក្នុង​រឿង “Game of Thrones” យ៉ាង​ដូច្នេះ​ថា “​សម្រាប់​ពួក​ដែល​ចូលចិត្ត​ទើស​គេ និង ពួក​ប្រជាធិបតេយ្យ​ឆ្វេងនិយម​ជ្រុល​។ ល្បែង​ចប់​ហើយ​”​។​

​បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល ២២ ខែ​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ អគ្គ​រដ្ឋអាជ្ញា​លោក​រ៉ូបឺត មូល​ល័​រ បាន​សន្និដ្ឋានថា ក្រុម​របស់លោក​ត្រាំ​មិនបាន​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទេ​។​

​ប៉ុន្តែ​ខណៈដែល​លោក​ត្រាំ​បានប្រកាស​ជ័យជម្នះ​និង​ប្រកាស​ខ្លួនឯង​រួច​ពី​ពិរុទ្ធ​ទាំងស្រុង​នោះ របាយការណ៍​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពួក​អ្នកស៊ើប​អង្កេត​មិនបាន​ចែករំលែក​សេចក្តីសន្និដ្ឋាន​នោះទេ នៅពេល​និយាយ​ដល់​ការរំខាន​ដល់​ប្រព័ន្ធយុត្តិធម៌​។ នេះ​គឺជា​ការរកឃើញ​មួយ ដែល​ពួក​ប្រជាធិបតេយ្យ​ចាប់​ចំណុច​បាន​។​

​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក​ថម ប៉េ​រ៉េ​ស បាន​និយាយថា “​លោក​ដូ​ណា​ល់ ត្រាំ​បាន​ចំណាយពេល​ក្នុង​តំណែង​ជា​ប្រធានាធិបតី​របស់លោក​ក្នុង​យុទ្ធនាការ​ឥត​ស្រាកស្រាន្ត​ដើម្បី​បង្ក​ការរំខាន ការបំភិតបំភ័យ និង​ការរំលោភ​អំណាច​។ គ្មាន​នរណាម្នាក់​អាច​ឈរលើ​ច្បាប់​បានឡើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ឈរ​យក​ស្ទីល​ក្នុង​រឿង “Game of Thrones” ពេល​ប្រកាសថា “​ល្បែង​ចប់​ហើយ​” ក្រោយ​របាយការណ៍​រប​ស់លោក​មូល​ល័​រ ជម្រះ​ឈ្មោះ​គាត់​ពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី
លោក​ត្រាំ​ឈរ​យក​ស្ទីល​ក្នុង​រឿង “Game of Thrones” ពេល​ប្រកាសថា “​ល្បែង​ចប់​ហើយ​” ក្រោយ​របាយការណ៍​រប​ស់លោក​មូល​ល័​រ ជម្រះ​ឈ្មោះ​គាត់​ពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី