ត្រាំ​ព្រមាន​ថា អ៊ីរ៉ង់​នឹងមាន​បញ្ហា​ធំ ប្រសិនបើ​ប្រទេស​នេះ​ហ៊ាន​ចាប់ផ្តើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​

1180
ចែករម្លែក

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាសថា ប្រសិនបើ​អ៊ីរ៉ង់ “​ចាប់ផ្តើម​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​ឡើងវិញ​នោះ ពួកគេ​នឹងមាន​បញ្ហា​ធំ​ជាង​អ្វីដែល​ពួកគេ​ធ្លាប់មាន​ពីមុន​ទៅទៀត​”​។​

​ប្រធានាធិបតី​ត្រាំ​បានចេញ​ការព្រមាន​នេះ​រួមជាមួយ​ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង នៅ​ការិយាល័យ​ពងក្រពើ កន្លែង​ដែល​សម្ព័ន្ធមិត្ត​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុ​ជាតិ សង្គ្រាម​នៅ​ស៊ី​រី និង​បញ្ហា​ពាណិជ្ជកម្ម​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​សេត​វិមាន​។​

​លោក​ប្រធានាធិបតី​ត្រាំ​ត្រូវបាន​សួរ​ដោយ​អ្នកយកព័ត៌មាន​ថា​តើ​លោក​អាច​នឹងមាន​ឆន្ទៈ​បន្ត​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ស្តីអំពី​ការបង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​ទេ​។ គាត់​បាន​ឆ្លើយថា “​មនុស្ស​ដឹង​ពី​ទស្សនៈ​របស់ខ្ញុំ​ស្តីពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​។ …​វា​ពិតជា​ឆ្កួត​។ វា​គួរឱ្យ​អស់សំណើច​ណាស់​។ វា​មិនគួរ​ត្រូវបាន​ធ្វើឡើង​ទេ​”​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​ព្រមាន​រដ្ឋបាល​ត្រាំ ថា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចចរចា​របស់​អាមេរិក​ជាមួយ​កូរ៉េខាងជើង ដោ​យស​បញ្ជាក់ថា អាមេរិក​មិន​គោរព​តាម​ការសន្យា​របស់ខ្លួន​ទេ​។​

​លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា ប្រសិនបើ​ប្រធានាធិបតី​ត្រាំ​ដកខ្លួន​ចេញ អ៊ីរ៉ង់​ទំនងជា​នឹង​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ​ដូចគ្នា​។​

​ថ្លែង​មុន​អត្ថាធិប្បាយ​របស់លោក​ប្រធានាធិបតី​ត្រាំ​ជាមួយ​លោក​ម៉ា​ក្រុង លោក​ហ្សា​រី​ហ្វ​បាន​បន្ថែមថា អ៊ីរ៉ង់​នឹង​លែង​ជាប់​កាតព្វកិច្ច​អន្តរជាតិ​ទៀត​។​

​នោះ​នឹង​ធ្វើឱ្យ​អ៊ីរ៉ង់​អាច​បន្តសកម្មភាព​អភិវឌ្ឍ​នុយក្លេអ៊ែរ​ហួស​ពី​ដែន​កំណត់ ដែល​បាន​កំណត់ដោយ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​។​

​លោក​ត្រាំ​នៅតែ​មិនទាន់​សម្រេច​ចិត្តជា​សាធារណៈ​លើ​កិច្ចព្រមព្រៀង​នេះ​ដោយ​លើកឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​ថា “​គ្មាន​នរណាម្នាក់​ដឹង​” ពីអ្វី​ដែល​លោក​នឹងធ្វើ​នៅ​ថ្ងៃ​ផុតកំណត់ ដែល​លោក​បានកំណត់​ដើម្បី​បញ្ជាក់​ពី​គោលជំហរ​របស់​អាមេរិក​នោះទេ​។​

​ប៉ុន្តែ​លោក​បាន​រំលឹក​សម​ភាគី​បារាំង​អំពី​អ្វីដែល​លោក​មើលឃើញថា​ជា​គុណវិបត្តិ​ក្នុង​កិច្ចព្រមព្រៀង ដែល​លោក​បាន​និយាយថា​គឺ​ខកខាន​ក្នុងការ​ដោះស្រាយ​អំពី​មី​ស៊ី​ល​ឆ្លង​ទ្វីប ឬ​សកម្មភាព​អ៊ីរ៉ង់​នៅ​យេ​ម៉ែន ឬ​ស៊ី​រី​។​

​លោក​ត្រាំ​បាន​លើកឡើងថា លោក​បើកចំហ “​ដើម្បី​ធ្វើ​អ្វីមួយ​” នៅលើ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ដរាបណា​វា​ត្រូវបាន​ធ្វើឡើង “​យ៉ាងខ្លាំង​ក្លា​”​។​

​លោក​បាន​ប្រា​ប់លោក​ម៉ា​ក្រុង​ថា “​យើង​អាច​នឹងមាន​កិច្ចព្រមព្រៀង​យ៉ាងតិច​មួយ​ក្នុងចំណោម​ពួកយើង​យ៉ាង​ឆាប់រហ័ស​”​។​

​ប៉ុន្តែ​នៅពេល​អ្នកយកព័ត៌មាន​សួរ​គាត់​ថា កិច្ចព្រមព្រៀង​នោះ​ជា​អ្វី លោក​ត្រាំ​និយាយថា “​អ្នកនឹង​បានដឹង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង លោក​ម៉ា​ក្រុង កំពុង​ថ្លែង​នៅ​សេត​វិមាន