ត្រាំ​ព្រមាន​បិទ​រដ្ឋាភិបាល​ច្រើន​ខែ​ឬ​ឆ្នាំ បើ​សភា​មិន​អនុម័ត​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​

478
ចែករម្លែក
  • 22
    Shares

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា​ថា លោក​ត្រៀមខ្លួន​បន្ត​បិទ​រដ្ឋាភិបាល​អាមេរិក​រយៈពេល​ច្រើន​ខែ​ឬ​ច្រើន​ឆ្នាំ​ដើម្បី​បង្ខំ​ឱ្យ​សភា​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​លោក​ត្រាំ​បាន​និយាយ​បន្ទាប់ពី​កិច្ចចរចា​មួយ​ផ្សេងទៀត​នៅ​សេត​វិមាន​ជាមួយនឹង​ពួក​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ស្តីពី​ការបញ្ចប់​ភាពជាប់គាំង​ពីរ​សប្តាហ៍​ដែល​បិទ​ប្រហែល ២៥ ភាគរយ​នៃ​រដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា “​នេះ​គឺជា​សន្តិសុខ​ជាតិ​ដែល​យើង​កំពុងនិយាយ​អំពី​។ យើង​មិនមែន​កំពុង​លេង​ហ្គេម​នោះទេ​”​។​

​ដោយ​មិន​ពេញចិត្ត​អំពី​អន្តោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស លោក​ត្រាំ​និយាយថា “​ព្រំដែន​ភាគខាងត្បូង​គឺជា​មហន្តរាយ​ដ៏​គ្រោះថ្នាក់​និង​គួរឱ្យខ្លាច​ណាស់​”​។​

​ដោយ​អំពាវនាវ​ឱ្យ​សភា​អនុម័ត​សំណើ​ថវិកា ៥,៦ ពាន់​លាន​ដុល្លារ​របស់លោក​សម្រាប់​ស​ង់ “​រនាំង​ដ៏​ធំ​” ដែល​ធ្វើ​ពី​បេតុង​ឬ​ដែក លោក​ត្រាំ​និយាយថា “​យើង​ត្រូវតែ​សង់​រចនាសម្ព័ន្ធ​មួយ​ឡើង​”​។​

​លោក​ត្រាំ​ក៏បាន​អះអាង​ដែរ​ថា​អតីត​ប្រធានាធិបតី​អាមេរិក​ខ្លះ​បាន​ប្រាប់​គាត់​ថា ពួកគេ​គួរតែ​បាន​សាងសង់​ជញ្ជាំង​។ ប៉ុន្តែ​គ្មាន​ប្រធានាធិបតី​មុនៗ​ណា​ម្នាក់​ធ្លាប់បាន​គាំទ្រ​ជា​សាធារណៈ​នូវ​រឿង​បែបនេះ​ទេ​។​

​ដោយ​ពណ៌នា​ស្ថានភាព​នេះ​ថា​ជា “​គ្រាអាសន្ន​ជាតិ​” លោក​ត្រាំ​បាន​ថ្លែងថា​លោក​កំពុង​សម្លឹងមើល​វិធី​ផ្សេង​ដើម្បី​ទទួលបាន​ជញ្ជាំង​ដោយ​គ្មាន​ការអនុម័ត​ពីស​ភា​។ គាត់​បាន​និយាយថា “​ខ្ញុំ​ប្រហែល​អាចធ្វើ​វា​បាន​។ ខ្ញុំ​ត្រូវបាន​អនុញ្ញាតិ​ឱ្យធ្វើ​ដូច្នេះ​”​។​

​លោក ឆាក់ ស៊ូ​មឺ មេដឹកនាំ​សំឡេង​ភាគតិច​នៃ​ព្រឹទ្ធសភា​បាន​និយាយថា សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​បាន​ជំរុញ​ឱ្យ​លោក​ត្រាំ​ក្នុងអំឡុង​អ្វីដែល​លោក​ហៅថា​ជា “​កិច្ចប្រជុំ​ដ៏​ចម្រូងចម្រាស់​” ដើម្បី​បើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើងវិញ ដែល​បាន​បិទ​ផ្នែក​ខ្លះ​ចាប់តាំងពី​ថ្ងៃទី ២២ ខែធ្នូ​ដែល​បណ្តាលឱ្យ​បុគ្គលិក ៨០០.០០០ នាក់​ដេក​ផ្ទះ​ស្អាត ឬ ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​។​

​វិទ្យុ WTOP បាន​រាយការណ៍​ថា បុគ្គលិក​ជាច្រើន​នាក់​បានធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​នៅ​រដ្ឋ​ម៉ា​រី​លែ​ន​កាលពី​ថ្ងៃ​សុក្រ ដោយ​និយាយថា​ពួកគេ​ចង់​ត្រឡប់​ទៅធ្វើ​ការ​វិញ​។​

​លោក​ស៊ូ​មឺ​បាន​និយាយថា “​យើង​បាន​ប្រាប់​លោក​ប្រធានាធិបតី​ថា​យើង​ត្រូវតែ​បើក​រដ្ឋាភិបាល​វិញ​។ គាត់​បាន​ជំទាស់​។ ជាការ​ពិត គាត់​បាន​និយាយថា​គាត់​នឹង​ទុកឱ្យ​រដ្ឋាភិបាល​បិទ​រយៈពេល​យូរអង្វែង ច្រើន​ខែ​ឬ​ច្រើន​ឆ្នាំ​”​។​

​នៅពេល​សួរ​ដោយ​អ្នកយកព័ត៌មាន​ថា​តើ​នេះ​ជាការ​ពិត​ដែរឬទេ លោក​ត្រាំ​បាន​និយាយថា វា​ជា​ការពិត ប៉ុន្តែ​លោក​បាន​បន្ថែមថា​លោក​សង្ឃឹមថា “​ការបិទ​នេះ​មិនមាន​រយៈពេល​លើសពី​ពីរ​បី​ថ្ងៃ​ទៀតឡើយ​”​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​នឹងធ្វើ​អ្វីដែល​យើង​ត្រូវធ្វើ​។ ប្រសិនបើ​យើង​ត្រូវ​សម្រាក​រយៈពេល​យូរ យើង​នឹង​ធ្វើដូច្នេះបាន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ