ត្រាំ​ព្រមាន​ពិភពលោក​កុំឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ខណៈ​ទណ្ឌកម្ម​វិល​ត្រឡប់មក​សាជាថ្មី​

564
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​បាន​ព្រមាន​ពិភពលោក​កុំ​ឱ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ ខណៈដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​លើ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ដោយ​បង្កឱ្យមាន​កំហឹង ការភ័យខ្លាច និង ការមិន​ស្តាប់បង្គាប់​នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​។​

​ការដកខ្លួន​របស់​ត្រាំ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ បានធ្វើឱ្យ​ពួក​វិនិយោគិន​ស្រឡាំងកាំង​និង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រាក់រីយ៉ាល់អ៊ីរ៉ង់ នៅមុន​ពេល​ការដាក់ទណ្ឌកម្ម​ថ្មី​ចូល​ជា​ធរមាន​។​

​ការដាក់ទណ្ឌកម្ម​កាល​ពីថ្ងៃ​អង្គារ ដែល​ផ្តោត​គោលដៅ​ទៅលើ​សិទ្ធិ​ទទួលបាន​ប្រាក់​ដុល្លារ​អាមេរិក និង​ឧស្សាហកម្ម​សំខាន់ៗ​ដូចជា​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត ទំនង​មិន​ធ្វើឱ្យមាន​ភាពចលាចល​សេដ្ឋកិច្ច​ភ្លាមៗ​នោះទេ​។​

​ទីផ្សារ​នានា​របស់​អ៊ីរ៉ង់​មាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាមួយ​ប្រាក់រីយ៉ាល់​បាន​ឡើងថ្លៃ​វិញ ២០​ភាគរយ​ចាប់តាំងពី​ថ្ងៃអាទិត្យ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ច្បាប់​ប្តូរ​រូបិយ​បណ្ណ​បរទេស និង​បាន​អនុញ្ញាតឱ្យ​មានការ​នាំចូល​មាស​ឥត​ពន្ធ​និង​រូបិយ​បណ្ណ​គ្មាន​ដែន​កំណត់​។​

​ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​លើក​ទី​២​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​និង​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់ អាច​នឹង​ធ្វើឱ្យ​ខូចខាត​ខ្លាំង ទោះបីជា​អតិថិជន​សំខាន់ៗ​មួយចំនួន​ដូចជា ចិន ឥណ្ឌា និង​តួ​ក​គី​បាន​បដិសេធ​មិន​កាត់បន្ថយ​ការទិញ​របស់ខ្លួន​ក៏ដោយ​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ​ធ្វី​ត​ធឺ​ថា “​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ត្រូវបាន​ធ្វើឡើង​។ ទាំងនេះ​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្លាប់​បានដាក់​ពីមុនមក ហើយ​នៅ​ខែវិច្ឆិកា ទណ្ឌកម្ម​ទាំងនេះ​នឹង​ឡើងដល់​កម្រិត​មួយទៀត​។ នរណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នឹងមិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​បានឡើយ​។ ខ្ញុំ​កំពុង​ស្នើសុំ​ឱ្យមាន​សន្តិភាព​លើ​ពិភពលោក គ្មានអ្វី​ច្រើន​នោះឡើយ​” ។​

​រដ្ឋាភិបាល​អឺរ៉ុប​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រួមជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ខឹងសម្បា​យ៉ាងខ្លាំង​ដោយសារ​យុទ្ធសាស្ត្រ​របស់លោក​ត្រាំ ដែល​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​របស់​ពួកគេ​ចាក​ចេញពី​អ៊ីរ៉ង់ ដោយ​ភ័យខ្លាច​ការដាក់ពិន័យរ​បស់​អាមេរិក​។​

​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការចូល​ជាធរ​មាននៃ​ទណ្ឌកម្ម ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Daimler បាន​និយាយថា “​ខ្លួន​បាន​ផ្អាក​សកម្មភាព​ដែលមាន​ដែន​កំណត់​របស់​យើង​រួចហើយ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ គឺ​ស្របតាម​ការដាក់ទណ្ឌកម្ម​ដែល​អាច​អនុវត្តបាន​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង​មេដឹកនាំ​អ៊ីរ៉ង់ លោក ហាស​សាន់ រូ​ហ្គា​នី