ក្រោយលុបចោលបាន១ថ្ងៃ ត្រាំ​ព្រលយ​ថា លទ្ធភាព​រៀបចំ​កិច្ចប្រជុំ​ថ្ងៃទី ១២ មិថុនា នៅតែ​អាច​កើតឡើង​

1106
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ងាក​ចេញពី​ការលុបចោល​កិច្ចចរចា​ដ៏​ឆាប់រហ័ស​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយ​និយាយថា វា “​អាច​នឹង​” កើតមានឡើង​នៅ​ថ្ងៃ​ដែល​បានកំណត់ ទី ១២ ខែមិថុនា ដដែល​។​

​ការ​ថ្លែង​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​ស្វាគមន៍​ចំពោះ​ការឆ្លើយតប “​ដ៏​កក់ក្តៅ​និង​ប្រកបដោយ​ផលិតភាព​” របស់​កូរ៉េខាងជើង ដែលថា​ខ្លួន​នៅតែមាន​ឆន្ទៈ​ក្នុងការ​ជួបប្រជុំ​។​

​លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅតាម​ផ្លូវ​របស់គាត់​ដើម្បី​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ប្រធានាធិបតី​ថា មន្ត្រី​អាមេរិក​កំពុង​ចរចា​ជាមួយ​កូរ៉េខាងជើង បន្ទាប់ពី​សេចក្តីថ្លែងការណ៍​ដ៏​ល្អ​ពី​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ ទី​២៥ ឧសភា​។​

​លោក​បាន​និយាយថា “​យើង​កំពុងនិយាយ​ទៅកាន់​ពួកគេ​ឥឡូវនេះ​”​។ លោក​បាន​បន្ថែមថា​ជំនួប​កំពូល​ជាមួយ​លោក​គីម​អាច​បន្ត​ដដែល​ទេ ហើយ “​វា​អាចធ្វើ​នៅ​ថ្ងៃទី​១២​តែម្តង​”​។​

​លោក​ត្រាំ​និយាយថា “​យើង​ចង់​ធ្វើ​កិច្ចប្រជុំ​នោះ​។ ពួកគេ​ពិតជា​ចង់​ធ្វើ​កិច្ចប្រជុំ​នោះ​ខ្លាំងណាស់​”​។​

​លោក គីម ក្យេ​ក្វាន់ អនុរដ្ឋមន្ត្រី​ការបរទេស​ទី​១​របស់​កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​របស់លោក​នៅតែ​ចង់​ស្វែងរក​សន្តិភាព​និង​និយាយថា ខ្លួន​នឹង​ផ្តល់​ពេល​ច្រើន​បន្ថែមទៀត​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិចារណា​ឡើងវិញ​អំពី​ការចរចា​។​

​លោក​បាន​បន្ថែមថា កូរ៉េខាងជើង “​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​” ចំពោះ​លោក​ត្រាំ ដែល​បាន​យល់ព្រម​រៀបចំ​កិច្ចប្រជុំ​កំពូល ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​។ គាត់​បាន​និយាយថា គាត់​សង្ឃឹមថា “​រូបមន្ត​របស់​ត្រាំ​” នឹង​ជួយ​នាំទៅដល់​កិច្ចព្រមព្រៀង​មួយ​រវាង​សត្រូវ​ទាំង​២​។​

​លោក គីម ក្យេ​ក្វាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ថា “​កិច្ចប្រជុំ​ដំបូង​នឹងមិន​ដោះស្រាយបាន​ទាំងអស់​នោះទេ ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​សូម្បី​តែមួយ​ក្នុងដំណាក់កាល​សន្សឹមៗ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ល្អប្រសើរ​ជាង​ការធ្វើឱ្យ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​។ យើង​ចង់ឱ្យ​ភាគី​អាមេរិក​ដឹង​ជាថ្មី​ម្តង​ទៀតថា យើង​មានបំណង​អង្គុយ​ជាមួយ​ភាគី​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​មិន​គិតពី​មធ្យោបាយ​អ្វី នៅពេល​ណាមួយ​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

ត្រាំ​ថា កិច្ចប្រជុំ​កំពូល​ថ្ងៃទី​១២​មិថុនា​ជាមួយ​គីម ជុង​អ៊ុន ប្រហែលជា​នៅតែ​អាច​កើតឡើង​ដដែល​ទេ