ត្រាំ​ពន្លះ​ពួក​ប្រជាធិបតេយ្យ ខណៈ​សភា​បើក​ការស៊ើបអង្កេត​លើ​ពន្ធ​និង​ទំនាក់ទំនង​របស់លោក​ជាមួយ​រុស្ស៊ី​

329
ចែករម្លែក

​សភា​បក្ស​ប្រជាធិបតេយ្យ​ដែល​ទើប​មានអំណាច​ថ្មីថ្មោង​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ពន្ធ មុខ​ជំនួញ​អចលនទ្រព្យ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ និង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កុម្ភៈ ដោយ​បង្កើន​សម្ពាធ​លើ​សេត​វិមាន​ក្រោយពី​ស្ងៀមស្ងាត់​ពីរ​ឆ្នាំ​ដោយសារ​គណបក្ស​សាធារណរដ្ឋ​កាន់កាប់​ស​ភា​សំឡេង​ភាគច្រើន​។​

​លោក​ត្រាំ​បាន​រិះគន់​អំពី “​ការរំខាន​យាយី​មកលើ​ប្រធានាធិបតី​” ខណៈដែល​គណៈកម្មាធិកា​រស​ភា​មួយ​បាន​បើកសវនាការ​ដើម្បី​បង្ខំ​ឱ្យ​បញ្ចេញ​នូវ​ការបង់ពន្ធ​លាក់ខ្លួន​ជា​យូរ​មកហើយ​របស់គាត់ និង​គណៈកម្មាធិការ​មួយទៀត​បានចាប់ផ្តើម​សាកសួរ​អំពី​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​របស់គាត់​ដើម្បី​បំបែក​កុមារ​អន្តោប្រវេសន៍​ពី​ឪពុកម្តាយ​របស់​ពួកគេ​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​ពួក​ប្រជាធិបតេយ្យ​និង​គណៈ​ក​ម្មា​ធិ​របស់​ពួកគេ​កំពុង​ឆ្កួត​អស់ហើយ​”​។​

​លោក​បាន​និយាយថា “​សភា​បក្ស​សាធារណរដ្ឋ​មិនដែល​ធ្វើបែបនេះ​ដាក់​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ទេ នោះ​នឹង​ពុំមាន​ពេលវេលា​សេសសល់​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​នោះទេ​”​។​

​លោក ជើ​រ៉ូ​ល ណា​ឌ្ល័​រ (Jerrold Nadler) ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​បាន​គំរាម​អគ្គ​រដ្ឋអាជ្ញារង​របស់​លោក​ត្រាំ​គឺ លោក​ម៉ា​ត​ធូ វី​ថេ​ក​ឃើ (Matthew Whitaker) ជាមួយ​ដីកា​បង្គាប់​មួយ ប្រសិនបើ​លោក​មិន​ប្រគល់​កំណត់ត្រា​នៃ​ទំនាក់ទំនង​របស់លោក​ជាមួយ​សេត​វិមាន​ទាក់ទង​ទៅនឹង​ការស៊ើបអង្កេត​កំពុង​បន្ត​របស់លោក​រ៉ូបឺត មូល​ល័​រ​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​។​

​ហើយ​លោក​អា​ដាំ ស៊ី​ហ្វ (Adam Schiff) ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​បានដាក់​ចេញ​នូវ​ផែនការ​មួយ​ដើម្បី​ចាប់ផ្តើម​ស៊ើបអង្កេត​ទំនាក់ទំនង​ជំនួញ​របស់លោក​ត្រាំ​ជាមួយ​រុស្ស៊ី​ដោយ​លើកឡើង​ពី​ការបារម្ភ​អំពី​ការលាង​លុយ និង “​ឥទ្ធិពល​ហិរញ្ញវត្ថុ​បរទេស​ឬ​ឥទ្ធិពល​ផ្សេងៗ​ទៀត​មកលើ​ប្រធានាធិបតី​ត្រាំ​”​។​

​គណៈកម្មាធិការ​របស់​លោក​ស៊ី​ហ្វ​គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ប្រធានាធិបតី គឺ​លោក​ម៉ៃ​ឃើ​ល ខូ​ហិន (Michael Cohen) ដែល​បាន​ទម្លាយ​ប្រាប់​ពួក​អ្នកស៊ើប​អង្កេត​រួចទៅហើយ​នូវ​ព័ត៌មាន​ផ្ទៃក្នុង​អំពី​ប្រតិបត្តិការ​នៃ​អាជីវកម្ម​អចលនទ្រព្យ​របស់​ប្រធានាធិបតី អង្គការ​ត្រាំ និង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំ​២០១៦​របស់​ត្រាំ​។​

​លោក​ត្រាំ​បាន​និយាយ​លើ Twitter ថា “​ដូច្នេះ សមាជិកសភា​ម្នាក់​ឈ្មោះ អា​ដាំ ស៊ី​ហ្វ បានប្រកាស បន្ទាប់ពី​គាត់​រក​ពុំ​ឃើញ​ការឃុបឃិត​ជាមួយ​រុស្ស៊ី​សោះ​ថា គាត់​នឹង​ពិនិត្យមើល​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់ខ្ញុំ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​ជីវិត​ផ្ទាល់ខ្លួន ទោះបី​គ្មាន​ហេតុផល​ត្រូវធ្វើ​បែបនេះ​ក៏ដោយ​។ មិនដែល​កើតឡើង​ពីមុន​ទាល់តែសោះ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ