ត្រាំ​មានបំណង​ជួប​មេដឹកនាំ​អ៊ីរ៉ង់ “​គ្រប់ពេល​”

600
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០ កក្កដា​ថា លោក​រីករាយ​នឹង​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់ “​គ្រប់ពេល​” និង​ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ មួយ​សប្តាហ៍​បន្ទាប់ពី​ភាព​តានតឹង​បាន​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​ហេ​រ៉ង់​។​

​លោក​ត្រាំ​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ហ្គី​វ​សេប​ប៉េ កុង​តេ (Giuseppe Conte) ដែល​ឈរ​ទន្ទឹមនឹង​លោក​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​នឹង​ជួប​ជាមួយ​អ៊ីរ៉ង់ ប្រសិនបើ​ពួកគេ​ចង់​ជួប​។ ខ្ញុំ​មិនដឹងថា​តើ​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ឬ​យ៉ាងណាទេ​”​។​

​លោក​បាន​បន្ថែមថា “​គ្មាន​បុ​រេ​លក្ខខណ្ឌ​ទេ​។ ពួកគេ​ចង់​ជួប ខ្ញុំ​នឹង​ជួប​។ គ្រប់​ពេលដែល​ពួកគេ​ចង់​។ ល្អ​សម្រាប់​ប្រទេស​គេ​។ ល្អ​សម្រាប់​ពួកគេ​។ ល្អ​សម្រាប់​យើង​។ ហើយ​ល្អ​សម្រាប់​ពិភពលោក​”​។​

​ការផ្តល់ជូន​របស់លោក​ត្រាំ​កើតឡើង បន្ទាប់ពី​ការព្រមាន​ដ៏​បង្កហេតុ​កាល​ពីមួយ​សប្តាហ៍​មុន​ពី​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស​សាន់ រូ​ហា​នី ដែល​និយាយថា សហរដ្ឋអាមេរិក​មិនគួរ “​លេង​ជាមួយ​កន្ទុយ​តោ​” ហើយ​បាន​ព្រមាន​ថា ជម្លោះ​ណាមួយ​ជាមួយ​អ៊ីរ៉ង់​នឹង​ក្លាយជា “​មាតា​នៃ​សង្គ្រាម​ទាំងពួង​”​។​

​លោក​ត្រាំ​បាន​ឆ្លើយតប​វិញ​ជាមួយ​អក្សរ​ធំ​សុទ្ធ​យ៉ាង​ដូច្នេះ “​កុំមក​គំរាម​សហរដ្ឋអាមេរិក​ម្តងទៀត​ឱ្យសោះ បើ​មិន​ដូច្នេះ​ទេ អ្នកឯង​នឹង​ទទួលរង​ផលវិបាក ដែល​ក្នុង​ប្រវត្តិសាស្ត្រ​គឺមាន​តិចតួច​បំផុត​ដែល​ធ្លា​ប់រង​ការឈឺចាប់​ពីមុន​។ យើង​លែង​ជា​ប្រទេស​ដែល​អត់ទ្រាំ​នឹង​សម្តី​ឆ្កួតៗ​អំពី​ហិង្សា និង​ក្តី​ស្លាប់​ទៀតហើយ​! សូម​ប្រយ័ត្នប្រយែង​!”​។​

​សហរដ្ឋអាមេរិក​តែង​ត្រូវគេ​សង្ស័យថា​គាំទ្រ​គំនិត​នៃ​ការផ្លាស់ប្តូរ​របប​អ៊ីរ៉ង់ ប៉ុន្តែ​អ្នកវិភាគ ដែល​បាន​អាន​ធ្វី​តរបស់​ត្រាំ មើលឃើញថា នេះ​គ្រាន់តែ​ជា​វិធី​មួយ​សម្រាប់​លោក​ត្រាំ​គេចវេស​ពី​ឥរិយាបថ​ខ្លបខ្លាច​រប​ស់លោក​នៅ​កិច្ចប្រជុំ​កំពូល​របស់លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ ថ្លែង​នៅ​សេត​វិមាន ទន្ទឹមនឹង​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ហ្គី​វ​សេប​ប៉េ កុង​តេ