ត្រាំ​មិន​សប្បាយចិត្ត ក្រោយ​មេដឹកនាំ​កូរ៉េ​ខាង​អួត​ពី​ការសាកល្បង​សព្វាវុធ​ថ្មី​

241
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​ទៅ​ពិនិត្យមើល​ការបាញ់​សាកល្បង​ប្រព័ន្ធ​រ៉ុក្កែត​បច្ចេកវិទ្យា​ថ្មី នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៥​សីហា ជាហេតុ​នាំ​អោយ​មាន​ការ​រិះគន់​ពី​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ដែល​បាន​និយាយថា​លោក​មិន​សប្បាយចិត្ត​អំពី​ការបាញ់​សាកល្បង​ចុងក្រោយ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បាន​បាញ់​អ្វី​ទំនងជា​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​កាលពី​ថ្ងៃ​សៅរ៍ តែ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ​បាន​ពណ៌នា​សព្វាវុធ​នេះ​ថា​ជា​«​ទ​ម្រ​​បាញ់​រ៉ុក្កែត​មហា​ធំ​ពហុ​តួនាទី​»​។​

​វា​ជា​ការសាកល្បង​ចុងក្រោយ​បំផុត​ក្នុងចំណោម​ការសាកល្បង​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ក្នុង​ការប្រឆាំង​នឹង​សមយុទ្ធ​រួមគ្នា​របស់​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក ដែល​ទើប​បញ្ចប់​កាល​ពី​មួយ​សប្តាហ៍​មុន​។​

​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ គីម បាន​និយាយថា ប្រព័ន្ធ​«​ផលិត​ថ្មី​»​នេះ​ជា​«​មហា​សព្វាវុធ​»​មួយ និង​បាន​«​វាយ​តំលៃ​ខ្ពស់​»​ចំពោះ​ពួក​អ្នកវិទ្យាសាស្ត្រ​​កូរ៉េខាងជើង​ដែល​បាន​រចនា​និង​ផលិត​វា​ឡើង ។​

​របាយការណ៍​បាន​និយាយថា « ការបាញ់​សាកល្បង​នេះ​បង្ហាញថា​ឯកទេសកម្ម​ខាង​កល​យុទ្ធ​និង​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​នេះ បាន​ឈាន​ដល់​កំរិត​កំណត់​ទុកជាមុន​»​។​លោក​គីម ក៏​បាន​និយាយថា ប្រទេស​ត្រូវការ​បង្កើន​ល្បឿន​អភិវឌ្ឍ​សព្វាវុធ​សំរាប់​រារាំង​ការ​គំរាម​ផ្នែក​យោធា​និង​សម្ពាធមក​ពី​កម្លាំង​អមិត្ត​កាន់តែខ្លាំង​ឡើង​។​

​គីម ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទៅ​ពិនិត្យមើល​ការសាកល្បង​សព្វាវុធ​ថ្មី​នេះ យ៉ាងតិច​២​លើក​នៅក្នុង​ខែ​នេះ​តែ​មួយ តែ​លក្ខណៈ​និង​ឯកទេសកម្ម​បច្ចេកវិទ្យា​នៃ​សព្វាវុធ​ទាំងនោះ​នៅ​ជា​បញ្ហា​អាថ៌កំបាំង​។​

​នៅ​បារាំង កន្លែង​ដែល​ត្រាំ​កំពុង​ចូលរួម​ជំនួប​កំពូល​G7 មេដឹកនាំ​អាម៉េរិក​មិនបាន​អោយ​សារសំខាន់​លើ​ការបាញ់​បង្ហោះ​នេះ​ទេ ដោយ​លោក​ថា​«​ខ្ញុំ​មិន​សម្បាយ​ចិត្ត​អំពី​វា តែ​ជា​ថ្មី​​ទៀត​គាត់​(​គីម​)​មិន​បាន​រំលោភ​កិច្ចព្រមព្រៀង​ស្តីពី​បំរាម​ការសាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​ឆ្ងាយ​ទេ​»​។

​ការសាកល្បង​កាលពី​ថ្ងៃ​សៅរ៍ នាំ​អោយ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជា​បន្ទាន់ ហើយ​សមាជិក​ក្រុមប្រឹក្សា​សំរេច​បន្ត​កិច្ចខិតខំ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​នាំ​កូរ៉េខាងជើង​មកកាន់​តុ​ចរចា​ជាមួយ​អាម៉េរិក ដើម្បី​សំរេច​គោលដៅ​រំសាយ​ចោល​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​សូមបញ្ជាក់​ថា ការចរចា​អំពី​នុយគ្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន បាន​ជាប់គាំង ចាប់តាំងពី​ជំនួប​កំពូល​លើក​ទី​២​រវាង​លោក​គីម​និង​ប្រធានាធិបតី​អាម៉េរិក​នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ​៕​ដោយ​៖​វាសនា​

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការបាញ់​សាកល្បង​សព្វាវុធ​«​ទើប​ផលិត​ថ្មី​»​មួយ និង​ថា​ប្រទេស​លោក​ត្រូវ​ការបង្កើន​ការអភិវឌ្ឍ​សព្វាវុធ​សំរាប់​រារាំង​​ការ​គំរាម​របស់​សត្រូវ​

#