ត្រាំ​យកពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ទៀត​

607
ចែករម្លែក

រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១៧កញ្ញាបានសំរេចយកពន្ធលើទំនិញចិនចំនួន ២០០ ពាន់លានដុល្លារបន្ថែម ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។

ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកនេះរឹតតែពង្រីកសង្រ្គាមពាណិជ្ជកម្មមួយរវាងមហាអំណាចពិភពលោកទាំងពីរនិងបង្កើនថ្លៃទំនិញប្រើប្រាស់ចាប់តាំងពីកាបូបយូរដល់សំបកទោចក្រយាន។

ពន្ធឡើងថ្មីនេះនឹងប៉ះពាល់លើមុខទំនិញជិត៦.០០០មុខ បន្ទាប់ពីមន្រ្តីអាមេរិកដកចេញទំនិញប្រមាណ៣០០មុខ ភាគច្រើនជារបស់ក្រុមហ៊ុនអាមេរិកវិនិយោគនៅចិន។វារួមមាន នាឡិកាវៃឆ្លាត មួកទោចក្រយាន ប៊ិចហ្គេម កៅអីខ្ពស់និងកៅអីក្មេងអង្គុយក្នុងរថយន្ត។ការដកចេញនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្រឆាំងជំទាស់ជាខ្លាំងពីបណ្តាក្រុមហ៊ុន ដូចជាApple, Dell និងHewlett Packard Enterpriseដែលបារម្ភថាពន្ធថ្មីនឹងបង្កើនថ្លៃដើមនៃទំនិញរបស់គេ ដោយសារផលិតផលរបស់គេធ្វើនៅចិន។

វ៉ាលីស កាបូបយួរ និងក្រដាសអនាម័យ សុទ្ធតែបញ្ចូលក្នុងតារាងពន្ធថ្មី

ពន្ធគយថ្មីនេះនឹងចាប់ផ្តើមពីកំរិត១០ភាគរយនៅថ្ងៃ២៤កញ្ញាឆ្នាំ២០១៨និងឡើងដល់២៥ភាគរយនៅចុងឆ្នាំដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ១មករាបើសិនជាភាគីទាំងពីរមិនសំរេចកិច្ចព្រមព្រៀងមួយទេ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានសំរេចចាប់ផ្តើមយកពន្ធលើទំនិញនាំចូលចិន ស្មើជិត៤០ភាគរយនៃទំនិញចិននាំចូលអាមេរិកកាលពីឆ្នាំទៅ បន្ទាប់ពីផុតរយៈពេលផ្តល់មតិ(ខមមិន)ពីសាធារណជនមួយ។

ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ខ្លួនត្រៀមយកពន្ធសងសឹកលើទំនិញអាមេរិក។

សូមបញ្ជាក់ថា អាមេរិកបានយកពន្ធលើទំនិញចិនតំលៃ៥០ពាន់លានដុល្លាររួចហើយ ដើម្បីដាក់ទោសចិនចំពោះអ្វីដែលខ្លួនចោទប្រកាន់ថាចិនលួចបច្ចេកវិទ្យាអាមេរិក។

សេតវិមាននិយាយថា ការយកពន្ធនេះជាការឆ្លើយតបនឹងការប្រតិបត្តិជំនួញមិនយុត្តិធម៌របស់ចិន។

តាមទ្រឹស្តី ពន្ធបែបនេះ នឹងធ្វើអោយទំនិញផលិតនៅអាមេរិកថោកជាងទំនិញនាំចូល ហើយជាលទ្ធផលវាជួយលើកទឹកចិត្តអ្នកប្រើប្រាស់ទិញទំនិញអាមេរិក ជំរុញធុរកិច្ចក្នុងស្រុកនិងគាំទ្រសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណា ស្ថាប័នជំនួញអាមេរិកជាច្រើនរិះគន់ការយកពន្ធនេះ ដោយកសិករ ឧស្សាហករនិងអ្នកលក់រាយ រួមទាំងក្រុមឧស្សាហកម្មផ្សេងៗបានបង្កើតក្រុមចំរុះមួយដើម្បីប្រឆាំងនឹងពន្ធថ្មី ដោយហៅវាថាជាពន្ធលើគ្រួសារអាមេរិក៕ដោយ៖វាសនា