ត្រាំ​យល់ព្រម​ឱ្យ​បញ្ជូន​ទ័ព​ទៅ​ការពារ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បន្ទាប់ពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​

316
ចែករម្លែក

​នៅក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ និង នាយអគ្គសេនាធិការ​ចម្រុះ​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ូ​សេប ដាន់​ហ្វ​ត បានប្រកាសថា​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​កងទ័ព “​ប៉ុន្មាន​រយ​នាក់​” ក៏ដូចជា​សមត្ថភាព​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​លោក​អេ​ស្ពើ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​ថា “​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ប្រធានាធិបតី​បាន​ឆ្លើយតប​ជាមួយនឹង​ការដាក់​ពង្រាយ​កងកម្លាំង​អាម៉េរិក ដែល​នឹងមាន​ចរិត​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។ ទីមួយ គឺ​ផ្ញើ​សារ​ច្បាស់លាស់​ថា សហរដ្ឋ​អាម៉េរិក​គាំទ្រ​ដៃគូ​របស់​យើង​។ ទី​ពីរ គឺ​គាំទ្រ​លំហូរ​ធនធាន​ដោយ​សេរី​…​ទី​បី ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ​ផ្អែកលើ​សណ្តាប់ធ្នាប់​…​យើង​គិតថា​សម្រាប់​ពេលនេះ​វា​គួរតែ​គ្រប់គ្រាន់​ហើយ​”​។​

​លោក​បាន​កត់សម្គាល់ថា សហរដ្ឋ​អាម៉េរិក​មិន​ស្វែងរក​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្តែ​ក៏មាន “​ជម្រើស​ផ្សេងទៀត​” ផងដែរ​។ លោក​បាន​និយាយថា “​ប្រព័ន្ធ​ការពារ​ស្រទាប់​” អាច​ការពារ​ព្រះរាជាណាចក្រ​នេះ​បាន​ប្រសើរ​ជាង​ក្នុងករណី ដែល​ត្រូវបាន “​ឡោមព័ទ្ធ​ដោយ​ការហោះហើរ​” ដោយ​ដ្រូ​ន​ឬ​មី​ស៊ី​ល​ដ៏​ច្រើន​សម្បើម ប៉ុន្តែ​បាន​កត់សម្គាល់ថា គ្មាន​ប្រព័ន្ធ​ណាមួយ​អាច​ការពារ​ការវាយប្រហា​រ​បែបនេះ​បានទេ​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​ឆ្លើយតប​ទៅនឹង​ការរកឃើញ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ថា​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍​មុន​ទៅលើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​ពីរ​កន្លែង​នៅ​ខេត្ត​ភាគ​ខាងកើត​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​មិនមែន​ចេញ​មកពី​ប្រទេស​យេ​ម៉ែន​ដូចដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​របស់​យេ​ម៉ែន​អះអាង​នោះទេ ប៉ុន្តែ​ត្រូវបាន​បាញ់​ចេញពី​អ៊ីរ៉ង់​។ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ​បាន​ប្រាប់ CNN ថា​ការវាយប្រហារ​ណាមួយ​ទៅលើ​អ៊ីរ៉ង់ គឺ​មានន័យថា “​ផ្ទុះ​សង្គ្រាម​ពេញទំហឹង​”៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​យល់ព្រម​បញ្ជូនទាហាន​ប៉ុន្មាន​រយ​នាក់​និង​យោ​ធូប​ករ​ណ៍​នានា​ទៅ​ជួយ​ការពារ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត