ត្រាំ​រង​ការរិះគន់​ពី​ទាហាន​ជើងចាស់​អាម៉េរិក​ចំពោះ​ការបោះបង់​ចោល​សម្ពន្ធមិត្ត​ឃឺត​

2205
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​បាន​ស្ថិតក្រោម​កា​រិះគន់​ទាំង​ក្រេវក្រោធ​ពី​បណ្តា​ទាហាន​ជើងចាស់​អាម៉េរិក ចំពោះ​ការបោះបង់​ចោល​សម្ពន្ធមិត្ត​ក្នុង​សង្គ្រាម គឺ​ពួក​​ឃឺត ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​ភ្លើង​ខៀវ​អោយ​តួ​ក​គី​វាយប្រហារ​លើ​ពួក​ឃឺត​នៅ​ស៊ីរី​ខាងជើង​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា ទាហាន​និង​យន្តហោះ​តួ​ក​គី​បាន​ចាប់ផ្តើម​ធ្វើ​ការវាយប្រហា​រ​ចូល​ស៊ី​រី​ក្រោយពី​លោក​ត្រាំ​បញ្ជា​អោយ​ដក​ទាហាន​អាម៉េរិក​នៅ​តំបន់​នោះ ដោយ​ទុក​អោយ​ពួក​​យុទ្ធជន​ឃឺត​ប្រឈម​ការវាយប្រហារ​តែឯង ។​

ផ្សែងហុយ​ចេញពី​ទីប្រជុំជន​តាល់ អាប់​យ៉ាត របស់​ស៊ី​រី បន្ទាប់​ពី​យន្តហោះ​តួ​ក​គី​ទម្លាក់​គ្រាប់​កាលពី​ថ្ងៃ​ពុធ​និង​ជន​ស៊ីវិល​ភៀសខ្លួន​ក្រោយ​ការទម្លាក់​គ្រាប់​

​អតីត​មេបញ្ជាការ​មជ្ឈិមបូព៌ា លោក ចូសេប វ៉ូ​តែ​ល បាន​ចោទប្រកាន់​ត្រាំ​ថា​បោះបង់​ចោល​សម្ពន្ធមិត្ត​យូរអង្វែង​ដែល​បាន​ធ្វើ​ជា​កម្លាំង​ស្នូល​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី និង​​សំខាន់​នៅក្នុង​យុទ្ធនាការ​កំចាត់កំចាយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​លោក​វ៉ូ​តែ​ល​បាន​សរសេរ​នៅក្នុង​សារព័ត៌មាន​The Atlantic​ថា «​គោលនយោបាយ​នេះ​គំរាម​បំផ្លាញ​តំលៃ​នៃ​ការប្រយុទ្ធ​អស់​ពេល​៥​ឆ្នាំ​ទល់នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ធ្វើអោយ​ខូច​​ខាត​កេរ្តិ៍ឈ្មោះ​និង​ភាព​អាច​ជឿ​ទុកចិត្ត​បាន​របស់​អាម៉េរិក​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ការប្រយុទ្ធ​នាពេល​អនាគត​ណាមួយ បើសិនជា​យើង​ត្រូវការ​សម្ពន្ធមិត្ត​ខ្លាំង​»​។​

​លោក​បាន​បន្ថែមថា «​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី បាន​រំដោះទឹកដី​រាប់​ម៉ឺន​គីឡូម៉ែត្រ​និង​មនុស្ស​រាប់លាន​នាក់​ពី​ក្រញាំ​ពួក​រដ្ឋ​អ៊ីស្លាម​។​ពេញ​ការប្រយុទ្ធ ក្រុម​នេះ​បាត់បង់​មនុស្ស​​របស់​ខ្លួន​ប្រមាណ​១១.០០០​នាក់​»​។​

​ដោយ​ធ្វើ​ការប្រៀបធៀប លោក​បាន​និយាយថា ទាហាន​អាម៉េរិក​តែ​៦​នាក់​និង​ជន​ស៊ីវិល​អាម៉េរិក​តែ​២​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​មួយ​យុទ្ធនាការ​នេះ​។​

អតីត​មេបញ្ជាការ​មជ្ឈិមបូព៌ា លោក ចូសេប វ៉ូ​តែ​ល បាន​និយាយថា ការបោះបង់​ចោល​ពួក​ឃឺ​តនឹង​ធ្វើអោយ​អាម៉េរិ​កខូច​ឈ្មោះ​ជាខ្លាំង​

​តែ​ប្រធានាធិបតី​ត្រាំ​បានបញ្ជាក់​ថា​លោក​ចង់​បញ្ចប់​ការ​ចូល​ពាក់ព័ន្ធ​របស់​អាម៉េរិក​នៅ​ស៊ី​រី និង​ក៏​បាន​ពន្យល់ថា អាម៉េរិក​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​អំពី​សំអប់​រវាង​ពួក​ទឺក​(​តួ​ក​​គី​)​និង​ឃឺត​។​

​លោក​ក៏​បាន​និយាយថា អាម៉េរិក​បាន​ជួយ​ពួក​ឃឺត​ច្រើន​គ្រប់គ្រាន់​ហើយ​ដែរ​។​«​ពួកគេ​ប្រយុទ្ធ​ដើម្បី​មាតុភូមិ​របស់​គេ ពួកគេ​មិន​បាន​ជួយ​យើង​ក្នុង​សង្គ្រាមលោកលើកទី​២​ទេ​។​​ជា​ឧទាហរណ៍ ពួកគេ​មិន​បាន​ជួយ​យើង​ក្នុង​សង្គ្រាម​វាយលុក​នៅ​ន័រ​ម៉ាន់​ឌី ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ …​យើង​បាន​ចំណាយលុយ​ច្រើន​សន្ធឹក​ណាស់​ក្នុងការ​ជួយ​ពួក​ឃឺត​​ទាំង​គ្រាប់រំសេវ សព្វាវុធ​និង​លុយកាក់​»​។​

​ចំណែក​លោក​ម៉ាក ហឺត​លីង អតីត​បញ្ជា​ការប្រតិបត្តិ​ការ​កងទ័ព​អាម៉េរិក​នៅ​អឺរ៉ុប បាន​និយាយថា ការសំរេចចិត្ត​របស់​ត្រាំ​ជា​ប្រផ្នូល​នៃ​គ្រោះ​មហន្តរាយ​ដែល​នឹង​ចូល​មក​ឆាប់ៗ​​សំរាប់​អាម៉េរិក​។​

​លោក​បាន​សរសេរ​បង្ហោះ​ថា «​ពួក​ឃឺត​ក្នុង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ជា​ដៃគូ​គួរអោយ​ទុកចិត្ត​របស់​យើង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុង​រដ្ឋ​អ៊ីស្លាម​។​ពួកគេ​ឥឡូវ​ត្រូវ​បាន​វាយ​​ប្រហារ​ដោយ​សម្ពន្ធមិត្ត​អង្គការ​ណា​តូ គឺ​តួ​ក​គី​។​ផលវិបាក​សំរាប់​អាម៉េរិក​និង​ណា​តូ វា​នឹង​ធ្វើអោយ​ខូច​សន្តិសុខ​អឺរ៉ុប​និង​ពិភពលោក​»​។​

​រូ​បេន ហ្កាល​ឡេហ្គោ ទាហាន​ជើងចាស់​នៅ​អ៊ីរ៉ាក់ និង​ជា​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយថា «​នៅពេល​កងទ័ព​អ៊ីរ៉ាក់​ដួលរលំ​ទៅ ពួក​ឃឺត​ជា​អ្នកចេញ​​មុខ​តតាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម មិនមែន​ពួកយើង​ឬ តួ​ក​គី​ទេ​»​។​

​ចំណែក ព្រឹទ្ធ​សមាជិក ម៉ា​ត​ថា ម៉ាក​សាលលី ទាហាន​ជើងចាស់​នៃ​កងទ័ពអាកាស​នៃ​ជម្លោះ​មជ្ឈិម​បូព៌ា បាន​ហៅ​គោលនយោបាយ​របស់​ប្រធានាធិបតី​ត្រាំ​ចំពោះ​ឃឺត​ថា «​ខុស​ទាំង​​ស្រុង ព្រោះ​សម្ពន្ធមិត្ត​ឃឺ​ត​បាន​ចំណាយ​តំលៃ​ដ៏​ខ្ពស់​នៅក្នុង​ការប្រយុទ្ធ​នោះ​។​ពួកគេ​ជា​កម្លាំង​មួយ​ដែល​បាន​ផ្តួល​រំលំ​ក្រុម​រដ្ឋ​អ៊ីស្លាម​»​។​

ព្រឹទ្ធ​សមាជិក ម៉ា​ត​ថា ម៉ាក​សាលលី ទាហាន​ជើងចាស់​នៃ​កងទ័ពអាកាស​នៃ​ជម្លោះ​មជ្ឈិម​បូព៌ា បាន​ហៅ​គោលនយោបាយ​របស់​ប្រធានាធិបតី​ត្រាំ​ចំពោះ​ឃឺត​ថា «​ខុស​ទាំង​​ស្រុង​»

​នៅពេល​អ្នកខ្លះ​បាន​ប្រៀបប្រដូច​នឹង​ហេតុការណ៍​សង្គ្រាម​នៅ​បរទេស​មុនៗ​នៅពេល​សម្ពន្ធមិត្ត​ត្រូវបាន​អាម៉េរិក​រត់ចោល​ដូច​ជា​រដ្ឋាភិបាល​ឡាវ​និង​វៀតណាម​ខាងត្បូង​ក្នុង​ទស​​វត្ស​រ៍​១៩៧០ អ្នកខ្លះ​ទៀត​សម្តែង​ការព្រួយបារម្ភ​អំពី​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​ការចរចា​សន្តិភាពរ​វា​ង​អាម៉េរិក​និង​ក្រុម​បះបោរ​តា​លី​បង់អាច​នាំទៅដល់​កិច្ចព្រមព្រៀង​ដក​​ទាហាន​អាម៉េរិក​ចេញ ទុក​អោយ​រដ្ឋាភិបាល​ក្នុងស្រុក​ប្រឈម​មុខ​នឹង​ចលនា​បះបោរ​អ៊ីស្លាម​ដែល​មាន​កម្លាំង​ខ្លាំង​។​

​ទោះជា​យ៉ាងណា មិនមែន​ពលរដ្ឋ​អាម៉េរិក​ទាំងអស់​ប្រឆាំង​នឹង​ចំណាត់ការ​របស់​ត្រាំ​ទេ​។ មនុស្ស​ជាច្រើន​ក៏​ចង់អោយ​អាម៉េរិក​ចាកចេញ​ពី​ជម្លោះ​នៅក្នុង​តំបន់​នេះ​ដែរ​ក្រោយ​ចូល​​ពាក់ព័ន្ធ​អស់​២​ទសវត្សរ៍​។​

​ដាន់ កាល់​វែល ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​ទាហាន​ជើងចាស់​អាម៉េរិក បាន​និយាយថា ត្រាំ ដាក់​ផលប្រយោជន៍​អាម៉េរិក​ជាធំ​។​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ថា​«​វា​មិន​ជា​ផលប្រយោជន៍​ជាតិ​របស់​យើង​ទេ​ដែល​អាម៉េរិក​ហក់​ចូល​ក្នុង​ជម្លោះ​រវាង​តួ​ក​គី​និង​ឃឺ​ត​ស៊ីរី ដែល​មាន​តាំងពី​មុន​ការកកើត​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​សង្គ្រាម​ស៊ីវិល​ស៊ី​រី​»​មក​​ម្ល៉េះ​នោះ​៕​ដោយ​៖​វាសនា​