ត្រាំ​រិះគន់​ផែនការ​របស់​ក្រុមហ៊ុន Harley-Davidson ដែល​ចង់​រើ​រោងចក្រ​ចេញពី​អាមេរិក​ដើម្បី​បញ្ចៀស​ការ​វាយ​ពន្ធ​ពី​អឺរ៉ុប​

862
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី ២៥ មិថុនា​បាន​រិះគន់​ក្រុមហ៊ុន Harley-Davidson Inc បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ម៉ូតូ​នេះ​បាន​និយាយថា​ខ្លួន​នឹង​រើ​រោងចក្រ​ទៅ​ក្រៅប្រទេស​សម្រាប់​អតិថិជន​អឺរ៉ុប​ដើម្បី​បញ្ចៀស​ការសង​សឹក​វាយ​ពន្ធ ដែល​អាចធ្វើឱ្យ​ខ្លួន​ខាតបង់ ១០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​លោក​ត្រាំ​បាន​និយាយថា លោក​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ក្រុមហ៊ុន និង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ផែនការ​របស់​ក្រុមហ៊ុន​នេះ ដែល​លោក​បាន​ពិពណ៌នា​ថា​ជា “​ការលើក​ទង់​ស​” ចុះចាញ់​។ ក្រុមហ៊ុន Harley-Davidson ដែលជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​ម៉ូតូ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងមិន​លក់រាយ​ឬ​លក់ដុំ​នៅក្នុង​សហភាព​អឺរ៉ុប​ទេ ហើយ​ជំនួស​មកវិញ គឺ​ផ្តោតលើ​ការ​រើ​រោងចក្រ​ចេញពី​អាមេរិក​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Harley បាន​ធ្លាក់ចុះ​ជិត ៦ ភាគរយ ហើយ​ក្រុមអ្នកវិភាគ​បាន​កាត់បន្ថយ​ការព្យាករណ៍​អំពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នេះ ដោយសារ​ក្តីបារម្ភ​ថា​តើ​ក្រុមហ៊ុន​នឹង​អាច​សម្រប​ខ្លួន​ឆាប់​កម្រិតណា​ទៅនឹង​ពន្ធ​នាំចូល ២៥ ភាគរយ ដែល​សហភាព​អឺរ៉ុប​បានចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី ២២ ខែមិថុនា​។​

​លោក​ត្រាំ​សរសេរ​នៅលើ​ធ្វី​ត​ធឺ​ថា “​ខ្ញុំ​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ពួកគេ ហើយ​ទីបំផុត​ពួកគេ​នឹងមិន​បង់ពន្ធ​លក់​ទៅក្នុង​សហភាព​អឺរ៉ុប ដែល​បានធ្វើឱ្យ​យើង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម គឺ​ធ្លាក់ចុះ ១៥១ ពាន់​លាន​ដុល្លារ​។ ពន្ធ​គឺ​គ្រាន់តែ​ជា​លេស​ដោះសារ​ប៉ុណ្ណោះ សូម​អត់ធ្មត់​” ។

​សហរដ្ឋអាមេរិក​កាលពី​ដើមខែ​នេះ​បាន​វាយ​ពន្ធ​លើ​ការនាំ​ចូល​ដែក​និង​អាលុយមីញ៉ូម​ពី​សហភាព​អឺរ៉ុប​ដែល​បង្កឱ្យមាន​ការសង​សឹក​ពី​ប្លុក​ពាណិជ្ជ​កម្មនេះ​ប្រឆាំងនឹង​ទំនិញ​របស់​អាមេរិក​វិញ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Harley-Davidson មាន​ផែនការ​រើ​រោងចក្រ​ទៅ​ក្រៅប្រទេស​ដើម្បី​បញ្ចៀស​ការ​វាយ​ពន្ធ​នាំចូល​ពី​សហភាព​អឺរ៉ុប
#