ត្រាំ​លើកឡើង​អំពី​ការទម្លាក់​គ្រាប់បែកនុយគ្លេអ៊ែរ​លើ​ព្យុះ​ដើម្បី​កុំអោយ​វាយប្រហារ​អាម៉េរិក​

2750
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​និយាយថា លោក​បាន​ផ្តល់​មតិ​អោយ​ទម្លាក់​បែក​នុយគ្លេអ៊ែរ​លើ​ភ្នែក​(​ស្នូល​)​ព្យុះ​មុន​ពេល​វា​ចូលមក​ដល់​ដីគោក​អាម៉េរិក នេះ​​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​Axios​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា​។​

​សារព័ត៌មាន​ខាង​លើ​បានសរសេរថា ក្នុងអំឡុងពេល​ប្រជុំ​និង​ការ​ស្តាប់​របាយការណ៍​អំពី​ព្យុះ លោក​ត្រាំ​បាន​សួរថា​តើ​អាច​រារាំង​ខ្យល់ព្យុះ​ដែល​កកើត​នៅ​ឯនាយ​ឆ្នេរ​អាហ្វ្រិក ដោយ​​ទម្លាក់​គ្រាប់បែកនុយគ្លេអ៊ែរ​ណាមួយ​អោយចំ​ភ្នែក​វា​ដែរ​ទេ​។​

​យោងតាម​ប្រភព​អនាមិក​មួយ គេហទំព័រ​សារព័ត៌មាន​នេះ​បាន​និយាយថា វា​មិន​ជា​លើក​ទី​១​ទេ​ដែល​លោក​ត្រាំ​បាន​លើក​គំនិត​នេះ​។​កាលពី​ឆ្នាំ​២០១៧ លោក​ត្រាំ​ក៏​បាន​សួរ​មន្ត្រី​​ម្នាក់​ថា​តើ​គួរ​ទម្លាក់​គ្រាប់បែក​ដើម្បី​រារាំង​ព្យុះ​កុំអោយ​វា​ចូលមក​ដល់​ដីគោក​ដែរឬទេ​។​

​សេត​វិមាន​បាន​បដិសេធ​មិន​ព្រម​ឆ្លើយតប​អំពី​ថា​តើ​របាយការណ៍​នេះ​ពិត​ឬ​មិន​ពិត តែ​Axios បាន​ស្រង់​សម្តី​មន្ត្រី​អាម៉េរិក​ម្នាក់​ដែល​ថា គំនិត​របស់​ត្រាំ​មិន​អាក្រក់​ទេ​។​

​តាមពិត​គំនិត​នេះ​មិន​ជា​អ្វី​ដែល​ថ្មីចែស​ទេ​។ កាល​ពី​ទសវត្សរ៍​១៩៥០ អ្នកវិទ្យាសាស្ត្រ​រដ្ឋាភិបាល​ម្នាក់​ក្រោយ​ការដឹកនាំ​របស់​ប្រធានាធិបតី ដ្វា​យ អ៊ី​សេន​ហូ​វើ ក៏បាន​លើកឡើង​គំនិត​​នេះដែរ​។​វា​នៅតែ​ផុស​ឡើង​ក្នុង​គំនិត​អ្នកដឹកនាំ ទោះ​ជា​ពួក​អ្នកវិទ្យាសាស្ត្រ​យល់ថា​វា​មិន​អាច​ធ្វើ​ទៅ​កើត​ក្តី​។​

​រដ្ឋបាល​បរិយាកាស​និង​សមុទ្រ​ជាតិ​អាម៉េរិក ក៏​អោយ​តំលៃ​លើ​គំនិត​នេះ ដោយ​ខ្លួន​បាន​និយាយថា «​នៅ​រាល់​រដូវ​ព្យុះ​ម្តងៗ តែងតែ​មាន​ការ​គិត​ថា​តើ​អាច​សាក​ប្រើ​សព្វាវុធ​នុយ​​គ្លេ​អ៊ែរ​ដើម្បី​បំផ្លាញ​ព្យុះ​បាន​ដែរឬទេ​» តែ​អង្គការ​នេះ​បាន​បញ្ជាក់ថា គ្រាប់បែក​ប្រភេទ​នេះ​មិន​ត្រឹមតែ​មិន​អាច​កំចាត់​ព្យុះ​បានទេ តែ​ថែមទាំង​ធ្វើអោយ​បាចសាច​សារ​ធាតុវិ​​ទ្យុ​សកម្ម​លឿន​ជាង​ធម្មតា ដូច្នេះ​«​មិនបាច់​និយាយ​ទេ វា​មិន​ជា​គំនិតល្អ​ទេ​»៕​ដោយ​៖​វាសនា​

#