ត្រាំ​សរសេរ​លិខិត​ទៅ​អឺ​ដូ​ហ្គា​ន ៖ “​កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​”

475
ចែករម្លែក

​លោក​ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​សម​ភាគី​របស់លោក​គឺ​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន នៅក្នុង​លិខិត​វិសាមញ្ញ​មួយ​ផ្ញើ​ទៅ​នៅ​ថ្ងៃ​ដែល​តួ​ក​គី​បាន​បើក​ការ​លុកលុយ​របស់ខ្លួន​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ថា “​កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​” ដោយ​ព្រមាន​ថា ប្រ​វ​ត្ដិ​សាស្ដ្រ​អាច​នឹង​ចារ​ឈ្មោះ​គាត់​ជា “​មនុស្ស​អាក្រក់​”​។​

​បី​ថ្ងៃ​បន្ទាប់ពី​ហាក់​បើកភ្លើង​ខៀវ​ដល់​ការ​លុកលុយ​នេះ​តាមរយៈ​ការដក​កងទ័ព​អាម៉េរិក​ចេញពី​តំបន់​កាន់កាប់​ដោយ​ពួក​ឃឺ​ដ លោក​ត្រាំ​បាន​ប្រាប់​ប្រធានាធិបតី​តួ​ក​គី​ថា លោក​អាច​នឹង​បំផ្លាញ​សេដ្ឋកិច្ច​របស់​ទីក្រុង​អង់កា​រ៉ា ប្រសិនបើ​ការឈ្លានពាន​ចូល​ជ្រៅ​ឆ្ងាយ​ពេក​។​

​នៅក្នុង​ភាសា​ខ្វះ​ការទូត​នោះ លោក​ត្រាំ​បានចាប់ផ្តើម​ជាមួយនឹង​ការគំរាមកំហែង​លើគោក​។​

​លោក​ត្រាំ​បាន​សរសេរ​លិខិត​កាលពី​ថ្ងៃទី​៩​តុលា ដែល​ភាពត្រឹមត្រូវ​របស់​លិខិត​ត្រូវបាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដោយ​សេត​វិមាន ថា “​តោះ​ធ្វើ​កិច្ចព្រមព្រៀង​ល្អ​មួយ​ទៅ​។ លោក​មិន​ចង់​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លាញ​សេដ្ឋកិច្ច​របស់​តួ​ក​គី​ដែរ ហើយ​ខ្ញុំ​នឹងធ្វើ​វា​។ ប្រ​វ​ត្ដិ​សាស្ដ្រ​នឹង​មើល​មក​លោក​ជា​មនុស្ស​ល្អ ប្រសិនបើ​លោក​ធ្វើ​វា​តាម​វិធី​ត្រឹមត្រូវ​និង​ប្រកបដោយ​មនុស្សធម៌​។ ប្រវត្តិសាស្ត្រ​នឹង​មើល​មក​លោក​ជា​មនុស្ស​អាក្រក់​ជា​រៀងរហូត ប្រសិនបើ​រឿង​ល្អៗ​មិន​កើតឡើង​ទេនោះ​”​។​

​មេដឹកនាំ​អាម៉េរិក​បាន​ប្រាប់​លោក​អឺ​ដូ​ហ្គា​ន​ថា “​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​មួយ​” អាចធ្វើ​ទៅបាន ប្រសិនបើ​គាត់​ចរចា​ជាមួយ​ប្រមុខ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ គឺ លោក ម៉ាស​លូ​ម អាប់​ឌី (Mazloum Abdi) ដែល​តួ​ក​គី​ចាត់ទុកជា “​ភេរ​វករ​” សម្រាប់​ទំនាក់ទំនងរ​បស់​គាត់​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ PKK នៅក្នុង​ប្រទេស​តួ​ក​គី​។​

​គាត់​បានបញ្ចប់​លិខិត​យ៉ាង​ដូច្នេះ​ថា “​កុំ​ធ្វើជា​មនុស្ស​តឹងរ៉ឹង កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​។ ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​លោក​នៅពេល​ក្រោយ​ទៀត​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ប្រាប់​ទៅ​លោក​អឺ​ដូ​ហ្គា​ន​ថា​កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ