ត្រាំ​សាទរ​សន្ទុះ​កំណើនសេដ្ឋកិច្ច​អាមេរិក និង​សន្យាថា​នឹង​កើនឡើង​បន្ថែមទៀត​

748
ចែករម្លែក

​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី ២៧ ខែកក្កដា​បាន​សាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក​ថា​ជា “​អព្ភូតហេតុ​” ហើយ​បាន​និយាយថា ការរីកចម្រើន​លឿន​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត ៤ ឆ្នាំ​មកនេះ គឺជា​បញ្ជាក់​យ៉ាងច្បាស់​នូវ​ប្រសិទ្ធភាពរ​បៀ​ប​វារៈ​សេដ្ឋកិច្ច​របស់គាត់​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា ជាមួយ​ទំហំ​សេដ្ឋកិច្ច​អាមេរិក​បច្ចុប្បន្ន​មាន​ចំនួន ២០ លាន​លាន​ដុល្លារ​នោះ ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង ៤,១ ភាគរយ​នៅ​ត្រីមាស​ទី​២ ខែមេសា​-​មិថុនា ដោយ​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​លឿន​ជាងគេ​បំផុត​។​

​លោក​ត្រាំ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​នៅ​សេត​វិមាន​ថា “​យើង​កំពុង​ស្ថិតនៅ​លើផ្លូវ​ដើម្បី​ឈានដល់​អត្រាកំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​រយៈពេល ១៣ ឆ្នាំ​។ នៅ​គ្រប់​ទីកន្លែង​ដែល​យើង​មើល យើង​ឃើញ​ឥទ្ធិពល​នៃ​អព្ភូតហេតុ​សេដ្ឋកិច្ច​អាមេរិក​”​។​

​ការ​ស្ទុះ​ឡើង​កំណើន​ប្រចាំត្រីមាស​ទី​២​នេះ​កើតឡើង​មួយផ្នែក បន្ទាប់ពី​ការចាក់​បញ្ចូល​គ្រឿង​ជំរុញ​លើកទឹកចិត្ត និង​ការកាត់បន្ថយ​ពន្ធ​សាធារណរដ្ឋ​។​

​ប៉ុន្តែ​ពួក​សេដ្ឋកិច្ចវិទូ​បាន​ព្រមាន​ថា​វា​អាច​ជាការ​សន្ទុះ​ឡើង​រយៈពេល​ខ្លី ដែល​បណ្តាលមកពី​កត្តា​បណ្តោះអាសន្ន​ជាច្រើន រួមទាំង​ការ​ស្ទុះ​ឡើង​តែម្តង (​គ្មាន​លើក​ទី​២) ដែល​បង្កើតឡើង​ដោយ​ការប្រឈមមុខ​ដាក់គ្នា​ខាង​ពាណិជ្ជកម្ម​រវាង​ត្រាំ​និង​ប្រទេស​ចិន​។​

​លទ្ធផល​ដ៏​រឹងមាំ​នេះ​បាន​នាំមក​នូវ​កំណើន​នៅក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំនេះ​លើស ៣ ភាគរយ ដែល​បំពេញ​ទៅតាម​គោលដៅ​របស់​សេត​វិមាន និង​លឿន​ជាង​និន្នាការ​នៅក្នុង​ឆ្នាំមុនៗ ។​

​ត្រាំ​និយាយថា សហរដ្ឋអាមេរិក ជា “​សេដ្ឋកិច្ច​គួរឱ្យ​ច្រណែន​នៅលើ​ពិភពលោក​” ហើយ “​ខណៈដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចូលមក​ម្តង​មួយៗ យើង​នឹងមាន​កំណើន​ខ្ពស់ជាង​នេះ ហើយ​ទាំងនេះ​គឺជា​តួលេខ​ដ៏​អស្ចារ្យ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ