ត្រាំ​អំពាវនាវ​ឱ្យ​រួបរួមគ្នា​ដើម្បី​ធ្វើឱ្យ​អាមេរិក​កាន់តែ​ខ្លាំងក្លា​

379
ចែករម្លែក

​ក្នុង​សុន្ទរកថា​លើក​ទី​២​នៅ​រដ្ឋសភា ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បាន​គូសបញ្ជាក់​អំពី​ចក្ខុវិស័យ​សុទិដ្ឋិនិយម​អំពី​អាមេរិក​ដ៏​រឹងមាំ​និង​ប្រកបដោយ​វិបុលភាព ដោយ​ជំរុញ​ឱ្យ​បក្ស​ទាំងពីរ​នៅក្នុង​ស្ថាប័នរដ្ឋ​សំខាន់ៗ​ធ្វើកំណែទម្រង់​ដើម្បី​ធ្វើឱ្យ​រឿងនេះ​កើតឡើង​។​

​លោក​ក៏បាន​ប្រកាស​ផងដែរ​ថា លោក​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​នៅ​ថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ​នៅ​ប្រទេស​វៀតណាម​។​

​លោក​បាន​និយាយ​នៅពេល​លោក​បានចាប់ផ្តើម​សុន្ទរ​កថា​របស់លោក​កាលពី​ថ្ងៃ​អង្គា​រថា “​របៀបវារៈ​ដែល​ខ្ញុំ​នឹងដាក់​ចេញ​នៅ​ល្ងាច​នេះ​មិនមែនជា​របៀបវារៈ​រប​ស់​គណបក្ស​សាធារណរដ្ឋ​ឬ​របៀបវារៈ​របស់​ប្រជាធិបតេយ្យ​នោះទេ វា​ជា​របៀបវារៈ​របស់​ប្រជាជន​អាមេរិក​”​។​

​លោក​ត្រាំ​បាន​និយាយថា “​នៅ​សតវត្សរ៍​ទី ២០ អាមេរិក​បាន​សង្គ្រោះ​សេរីភាព ផ្លាស់ប្តូរ​វិទ្យាសាស្ត្រ និង​បាន​កំណត់ឡើង​នូវ​កម្រិតជីវភាព​រស់​នៅ​របស់​ពួក​វណ្ណៈ​កណ្តាល​សម្រាប់​ពិភពលោក​ទាំងមូល​បានឃើញ​។ ឥឡូវនេះ យើង​ត្រូវតែ​បោះជំហាន​ទៅមុខ​យ៉ាង​ក្លៀវក្លា​និង​ក្លាហាន​នៅក្នុង​ទំព័រ​ថ្មី​បន្ទាប់​ទៀត​នៃ​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​អាមេរិក ហើយ​យើង​ត្រូវតែកំណត់​ជីវភាព​ថ្មី​សម្រាប់​សតវត្ស​ទី ២១”​។​

​លោក​និយាយទៀតថា “​រួបរួមគ្នា យើង​អាច​បំបែក​ភាពជាប់គាំង​នយោបាយ​ជាច្រើន​ទសវត្សរ៍​…​ផ្សះផ្សា​ការបែកបាក់​ពីមុនៗ ព្យាបាល​របួស​ចាស់ បង្កើត​សម្ព័ន្ធភាព​ថ្មី បង្កើត​គំនិត​ថ្មី និង បំពេញ​ការសន្យា​មិនធម្មតា​នៃ​អនាគត​របស់​អាមេរិក​។ ការសម្រេចចិត្ត​នេះ​គឺ​យើង​ជា​អ្នកធ្វើ​។ យើង​ត្រូវ​ជ្រើសរើស​រវាង​ភាព​អស្ចារ្យ​ឬ​ភាពជាប់គាំង លទ្ធផល​ឬ​ការជំទាស់ ចក្ខុវិស័យ​ឬ​ការសង​សឹក ការរីកចម្រើន​មិនគួរ​ឱ្យ​ជឿ​ឬ​ការបំផ្លិចបំផ្លាញ​ដ៏​គ្មាន​ន័យ​។ យប់​នេះ ខ្ញុំ​សុំឱ្យ​អ្នក​ជ្រើស​រើសយក​ភាព​អស្ចារ្យ​”​។​

​លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់​លើ​សមិទ្ធិផល “​ប្រវត្តិសាស្ត្រ​” របស់​រដ្ឋបាល​របស់​លោក​ដែល​រួមមាន​បដិវត្តន៍​ថាមពល​ដែល​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​ផលិត​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​លំដាប់​លេខ​មួយ​នៅលើ​ពិភពលោក សេដ្ឋកិច្ច​រឹងមាំ និង​យោធា​ដែលមាន “​កងទ័ព​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅលើ​ផែនដី​” និង “​ការកែប្រែ​គោលនយោបាយ​ពាណិជ្ជកម្ម​ដ៏​អាក្រក់​បំផុត​នានា​អស់​ជាច្រើន​ទសវត្សរ៍​មកនេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ
#